អត្ថបទព្រះគម្ពី ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យសម្រេចធ្វើតែអ្វីៗដែលជាអំពើសុចរិតល្អ ហើយសូមប្រទានកម្លាំងឱ្យយើងខ្ញុំប្រព្រឹត្តតាមសេចក្តីដែលយើងខ្ញុំបានសម្រេចនោះទៀតផង។ ប្រសិនបើព្រះអង្គមិនប្រទានជីវិតឱ្យទេ យើងខ្ញុំក៏រស់នៅមិនបានដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការទាំងអស់ ដោយមានបំណងចង់គាប់ព្រះហប្ញទ័យព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្រះនាងអេសធែរ(គ) អធ (គ) ១២.១៤-១៦.២៣-២៥

ព្រះមហាក្សត្រិយានីអេសធែរតប់ប្រមល់យ៉ាងខ្លាំងស្ទើរតែសោយទិវង្គត។ ព្រះនាងរត់ទៅជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះជាម្ចាស់ សូមព្រះអង្គជួយ។ ព្រះនាង​ទូលអង្វរព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះមហាក្សត្រនៃយើងខ្ញុំ មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ សូមព្រះអង្គយាងមកសង្គ្រោះខ្ញុំម្ចាស់ផង! ដ្បិតខ្ញុំម្ចាស់នៅម្នាក់ឯងគ្មាននរណាទីពឹងក្រៅពីព្រះអង្គឡើយ។ ឥឡូវនេះ ខ្ញុំម្ចាស់សុខចិត្តប្រថុយជីវិត។ តាំងពីកើតមក ខ្ញុំម្ចាស់បានឮគេនិយាយតៗគ្នាក្នុងកុលសម្ពន្ធរបស់ដូនតាខ្ញុំម្ចាស់ថា “ព្រះអម្ចាស់បានជ្រើសរើសប្រជាជនអ៊ីស្រាអែលពីក្នុងចំណោមប្រជាជាតិនានា ព្រះអង្គបានជ្រើសរើសដូនតារបស់យើងខ្ញុំពីក្នុងចំណោមបុព្វបុរសទាំងឡាយ ដើម្បីឱ្យពួកគេទៅជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គអស់កល្បជានិច្ច។ ព្រះអង្គបានប្រព្រឹត្តចំពោះដូនតារបស់យើងខ្ញុំ តាមព្រះបន្ទូលសន្យាដែរ”។ បពិត្រព្រះអម្ចាស់! សូមកុំបំភ្លេចយើងខ្ញុំឡើយ! នៅពេលយើងខ្ញុំជួបគ្រោះអាសន្ន សូមបង្ហាញប្ញទ្ធានុភាពរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញផង។ បពិត្រព្រះអម្ចាស់ជាព្រះមហាក្សត្រលើព្រះទាំងឡាយ! ព្រះអង្គជាម្ចាស់លើអស់អ្នកដែលកាន់អំណាច! សូមប្រោសប្រទានឱ្យខ្ញុំម្ចាស់មានចិត្តក្លាហានផង។ ពេលខ្ញុំម្ចាស់ទៅគាល់ស្តេចដែលប្រៀបដូចជាសត្វសិង្ហគួរឱ្យស្ញែងខ្លាចនោះ សូមព្រះអង្គប្រោសប្រទានឱ្យខ្ញុំម្ចាស់ចេះពោលពាក្យសម្តីពីរោះផ្អែមល្ហែម សូមបង្វែរព្រះហប្ញទ័យស្តេចនោះឱ្យប្រែជាស្អប់ខ្មាំងសត្រូវរបស់យើងខ្ញុំព្រមទាំងប្រហារជីវិតអ្នកនោះ និងបក្សពួករបស់គេផង!។ បពិត្រព្រះអម្ចាស់! សូមប្រើប្ញទ្ធិបារមីរបស់ព្រះអង្គមករំដោះយើងខ្ញុំ សូមយាងមក​សង្គ្រោះខ្ញុំម្ចាស់ផង! ខ្ញុំម្ចាស់នៅម្នាក់ឯងគ្មាននរណាទីពឹងក្រៅពីព្រះអម្ចាស់ឡើយ។ ព្រះអង្គឈ្វេងយល់គ្រប់កិច្ចការទាំងអស់»។

ទំនុកតម្កើងលេខ ១៣៨(១៣៧), ១-៣.៧-៨ បទកាកគតិ

ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
នៅមុខទេវតា ខ្ញុំស្មូត្រជាបទ តម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក វិហារប្រពៃ
ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហប្ញទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន
ពេលទូលបង្គំ ជួបអាសន្នធំ ទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំ វាយខ្មាំងខ្ចាត់ខ្ចាយ សង្រ្គោះខ្ញុំដោយ
ប្ញទ្ធិបារមី
បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
ព្រះអង្គប្រកប ដោយព្រះហប្ញទ័យ ករុណាក្រៃ
ឥតបីបោះបង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១២-១៤

បពិត្រព្រះយេស៊ូជាអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
ឱ! ព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យខ្ញុំមានចិត្តបរិសុទ្ធ។ សូមឱ្យខ្ញុំមានអំណរព្រោះតែព្រះអង្គបានសង្គ្រោះខ្ញុំ។
បពិត្រព្រះយេស៊ូជាអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,៧-១២

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរសុំ! នោះព្រះជាម្ចាស់នឹងប្រទានឱ្យអ្នករាល់គ្នា! ចូរស្វែងរក នោះអ្នករាល់គ្នានឹងឃើញ ចូរគោះទ្វារ! ព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសុំអ្នកនោះរមែងតែងតែទទួល។ អ្នកណាស្វែងរក អ្នកនោះរមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប័ុង មិនដែលមាននរណាយកដុំថ្មឱ្យវាឡើយ ហើយបើកូនសុំត្រីក៏មិនដែលមាននរណាយកពស់ឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឱ្យអស់អ្នកដែលទូលសុំពីព្រះអង្គយ៉ាងណាទៅទៀត? ដូច្នេះ បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវតែប្រព្រឹត្តចំពោះគេបែបនោះដែរ។ ធម្មវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយ និងពាក្យអង្វររបស់ប្រជារាស្ត្រព្រះអង្គដោយអនុគ្រោះ សូមបង្វែរចិត្តគំនិតយើងខ្ញុំម្នាក់ៗឱ្យបែរទៅរកព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានឱ្យយើងខ្ញុំថ្វាយអភិបូជាដ៏វិសុទ្ធនេះ ដើម្បីឱ្យយើងខ្ញុំបានរួចអំពើបាប និងមានជីវិតយ៉ាងពេញលេញ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យបានជាសះស្បើយនៅពេលឥឡូវនេះ ហើយរហូតតរៀងទៅផង។

Facebook
Twitter
LinkedIn