កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន្ត ដែលស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានព្រះតេជគុណ ថូ ធូរស់ ជាព្រះប្រធានសហគមន៍ បានរៀបចំកម្មវិធីដាំកូនឈើ ក្រោមប្រធានបទ៖ “រួមគ្នាបង្កើតគម្របព្រៃឈើ ដើម្បីកាត់បន្ថយប្រែប្រួលអាកាសធាតុ” កូនឈើដែលត្រូវដាំមាន៥០០០ដើម និងត្នោតស្រុក៥០០គ្រាប់ ដាំាំនៅលើផ្ទៃដីចំនួន៥ហិចតា។
កម្មវិធីនេះមានការអញ្ជើញនិមន្ត និងចូលរួមពីឯកឧត្តមគណៈអធិបតី មន្ទីរស្ថាប័នជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បរិស័ទពាហិរសាសនា ជនជាតិដើមភាគតិច យុវជន យុវនារី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជននានាដែលមកពីទីជិតឆ្ងាយប្រមាណជាង១១០០អង្គ/នាក់ ក្នុងនោះក៏មានវត្តមានព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជេស្វីតសឺវីសកម្ពុជា ដោយមានលោកឪពុក ព្រីយ៉ាឌី ហ្គ្រេហ្គោរីអូស (ហ្រិ្គច) ជាអ្នកដឹកនាំយុវជន យុវនារី ពីព្រះសហគមន៍បាត់ដំបង តាហែន និងស្វាយស៊ីសុផុនចូលរួមផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
- ចូលអបអរសាទពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០២៤ និង បណ្តុះស្មារតីក្នុងការចូលរួមស្រឡាញ់ធនធានធម្មជាតិ។
- ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញ ។
- ដើម្បីរួមចំណែកកាត់បន្ថយកម្ដៅនៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ។