ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤

ឬសន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ

លោកអន់ទនម៉ារី (១៥០២-១៥៣៩) ជាគ្រូពេទ្យដែលស្រឡាញ់ជនក្រីក្រយ៉ាងខ្លាំង។​ បន្ទាប់មកលោកទទួលអគ្គសញ្ញាជាបូជាចារ្យ ហើយបង្កើតក្រុមគ្រួសារបព្វជិតមួយសម្រាប់ជួយអ្នកក្រ។

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៨,៤-៦.៩-១២

អ្នករាល់គ្នាដែលជិះជាន់អ្នកក្រីក្រ ហើយធ្វើឱ្យជនទុគ៌តត្រូវវិនាសអើយ ចូរស្តាប់​ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឱ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវដោយយកតៅតូចជាងធម្មតាមកវាល់ ហើយតំឡើងថ្លៃ ព្រមទាំងកេង​ប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌តយកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងធ្វើឱ្យព្រះអាទិត្យលិចនៅ​ពេលថ្ងៃត្រង់ ហើយឱ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ»។ យើងនឹងធ្វើឱ្យពិធីបុណ្យ​ដ៏សប្បាយរបស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឱ្យបទចម្រៀងរបស់អ្នករាល់គ្នាក្លាយទៅជាបទទំនួញ។ យើងនឹងឱ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំង​កោរសក់ផង។ យើងនឹងឱ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ។ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឱ្យការ​អត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងដើរចុះឡើងពីសមុទ្រមួយទៅសមុទ្រមួយ ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត ដើម្បីស្វែង​រកព្រះបន្ទូលព្រះអម្ចាស់ តែរកមិនឃើញឡើយ»។

ទំនុកតម្កើងលេខ ១១៩ (១១៨),២.១០.២០.៣០.៤០.១៣១ បទកាកគតិ

អ្នកដែលប្រតិបត្តិតាមផ្លូវល្អពិតបញ្ជានិមល
ហើយស្វែងរកព្រះមិនខ្ជីខ្ជាខ្ជិលពិតជាបានផល
មង្គលពេកហោង

សូមដូរទៅជា បទពាក្យ ៧

១០ទូលបង្គំខំស្វែងរកមិនឈប់ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅត្រមង់កុំឱ្យវង្វេងពីវិន័យ
២០ចិត្តទូលបង្គំតែងនឹកភ្នកផ្តោតចិត្តទៅរកសព្វសេចក្តី
ដែលទ្រង់សម្រេចព្រះហឫទ័យឱ្យជនប្រុសស្រីចាំជានិច្ច
៣០ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ទៅលើព្រះអង្គឥតមានខ្វល់
ជឿដោយចិត្តស្មោះឥតសេសសល់តាមបង្គំគាល់ព្រះបញ្ជា
៤០ខ្ញុំមានបំណងចង់ធ្វើតាមវិន័យបម្រាមល្អឥតខ្ចោះ
ដោយក្តីសុចរិតព្រះអង្គនោះជួយខ្ញុំឱ្យរស់ឡើងវិញផង
១៣១ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យព្រះម្ចាស់ពេកពិតឥតមានណាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣

នៅគ្រានោះ ព្រះយេស៊ូយាងចេញពីទីក្រុងកាផានុម។ ព្រះអង្គទតឃើញបុរស​ម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ។ មានអ្នកទារពន្ធ ព្រម​ទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងក្រុមសាវ័កដែរ។ ពួក​ខាង​គណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូ​ឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែ​អ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ មានន័យដូចម្តេច?។ ខ្ញុំមិនមែនរកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។

Facebook
Twitter
LinkedIn