អត្ថបទព្រះកម្ពីរ ថ្ងៃពុធ ទី០៣ ខែកក្ដដា ឆ្នាំ២០២៤

លោកម៉ាថាយ លោកយ៉ាកុប និងលោកលូកា ជាអ្នកនិពន្ធគម្ពីរដំណឹងល្អ តែងតំណាលអំពីគ្រីស្តទូតម្នាក់ឈ្មោះថូម៉ាស់។ រឺឯសន្ត យ៉ូហាន​ហៅលោកថូម៉ាស់នេះថា “ឌីឌីម” ដែរ ឈ្មោះនេះមានន័យថា “កូនភ្លោះ” ។ តាមគម្ពីរដំណឹងល្អលោកថូម៉ាសយល់ច្បាស់អំពីព្រះយេស៊ូត្រូវតែគេធ្វើគុត។ (“មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ យហ ១១,១៦”)។ លោកស្វែងរកសេចក្តីពិតដោយស្មោះអស់ពីចិត្ត ហើយមិនខ្មាសនឹងប្រកាសថា គាត់មិនស្គាល់ផ្លូវ (យហ ១៤,៥៦)។ ពេលព្រះយេស៊ូទទួលព្រះជន្មដ៏រុងរឿង លោកចង់ឃើញសញ្ញាសម្គាល់យ៉ាងច្បាស់ថា ព្រះអង្គមានព្រះជន្មពិតមែន (យហ ២០,២៤-២៩)។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តថូម៉ាសឱ្យធ្វើជាគ្រីស្តទូត។ សូមទ្រង់មេត្តា​ជួយយើងខ្ញុំដែលជាអ្នកមិនជឿផង! សូមប្រោសប្រទានឱ្យយើងខ្ញុំជឿជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ ដែលគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ ហើយដែលសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១៩-២២

បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនលែងជាជនបរទេស ឬជាអាណិជជនទៀតហើយ គឺបងប្អូនជាប្រជាជនរបស់ព្រះជាម្ចាស់រួមជា​មួយអ្នកបរិសុទ្ធ ហើយក៏ជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាងបងប្អូនឡើយជាសំណង់ ដោយមានក្រុមគ្រីស្តទូត និងពួកព្យាការីជាគ្រឹះ និងមានព្រះគ្រីស្តយេស៊ូផ្ទាល់ជាថ្មគ្រឹះដ៏សំខាន់។ ព្រះគ្រីស្តហ្នឹងហើយ ដែលធ្វើឱ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាង មាំ និងធ្វើ​ឱ្យចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធមួយរួមជាមួយព្រះជាម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្តុំគ្នាឡើងសង់ជាព្រះតំណាក់របស់ព្រះជាម្ចាស់​តាមរយៈព្រះវិញ្ញាណ។

ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧

ឱ! ប្រជាជនទាំងឡាយអើយ ចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើង តម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យ ករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង នឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២០,២៩

អាលេលូយ៉ា! អាលេលូយ៉ា!
លោកថូម៉ាស់ឃើញព្រះអម្ចាស់ ហើយមានជំនឿ។ អ្នកណាជឿដោយមិនបានឃើញ អ្នកនោះមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,២៤-២៩

កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សាវ័កម្នាក់ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។សាវ័ក​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សាវ័ក​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស់​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់ ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថូម៉ាស់ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹង‌រូស​មិន​ព្រម​ជឿ​ដូច្នេះ!»។ លោក​ថូម៉ាស់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូល‌បង្គំ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំជាអ្នកបម្រើព្រះអង្គ នាំគ្នាថ្វាយខ្លួនទាំងស្រុងទៅលើព្រះអង្គទុកជាសក្ការបូជាដែលមកពីជំនឿ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំផង។

បពិត្រព្រះបិតាដ៏វសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មាន​ព្រះ​ជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយ​ព្រះ​គ្រីស្ត​ជា​ព្រះ​អម្ចាស់​យើងខ្ញុំ ។ ព្រះអង្គបានចាក់ឫសនៃព្រះសហគមន៍របស់ព្រះបុត្រាលើក្រុមគ្រីស្តទូតជាគ្រឹះ ដើម្បីឱ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់បង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គក្នុងលោកនេះ។ ព្រះសហគមន៍ក៏​មានភារកិច្ច​នាំដំណឹង​ល្អ​អំពីព្រះរាជ្យព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ផង ។ អាស្រ័យហេតុនេះហើយ បានជានៅលើលោកនេះ យើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល សូមលើកតម្កើងព្រះអង្គ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ” ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានឱ្យយើងខ្ញុំទទួលព្រះកាយនៃព្រះបុត្រាព្រះអង្គក្នុងអភិបូជានេះពិតមែនហើយ។ យើងខ្ញុំសូមចូលរួមជាមួយគ្រីស្តទូតថូម៉ាស និងប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ និងជាព្រះរបស់យើងខ្ញុំមែន។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំប្រកាសជំនឿនេះ តាមរបៀបរស់នៅរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn