អ្នកបកប្រែចំនួន៤៤នាក់មកពីព្រះសហគមន៍នានាក្នុងតំបន់អាស៊ីដែលមាន១៦ភាសា បានមកជួបជុំគ្នាក្នុងសិក្ខាសាលាបកប្រែអត្ថបទព្រះសហគមន៍ ដែលរៀបចំឡើងដោយការិយាល័យផ្សព្វផ្សាយព័ត៌មាននៃសភាលោកអភិបាលអាស៊ី បានធ្វើឡើងកាលពីថ្ងៃទី៤-១០ ខែមិថុនានេះ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួយដល់អ្នកបកប្រែឯកសារព្រះសហគមន៍ ឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងនៅតំបន់។
ក្នុងពេលបើកកម្មវិធីនេះ លោកកាឌីណាល់ ស្ទេបាស្ទៀន ហ្វ្រាន់ស៊ីស (Sebastian Francis) ជាប្រធានទទួលខុសត្រូវការិយាល័យផ្សព្វផ្សាយព័ត៌មាននៃសភាលោកអភិបាលអាស៊ី បានលើកឡើងអំពីតួនាទីរបស់អ្នកបកប្រែថា «អ្នកបកប្រែបានក្លាយជាអ្នកតភ្ជាប់រវាងអ្នកនិពន្ធនិងអ្នកអាន។ ហើយអ្នកបកប្រែឯកសារព្រះសហគមន៍គឺត្រូវបកប្រែឲ្យចំអត្ថន័យនៃឯកសារដើមនិងបើកគំនិតចំពោះភាសាដែលត្រូវចេញផ្សាយ។» លោកកាឌីណាល់បានជំរុញឲ្យសិក្ខាកាមទាំងអស់ក្លាយជា «បេសកទូតប្រកាសដំណឹងល្អ» តាមរយៈកិច្ចការរបស់ពួកគេ។
ក្នុងនោះព្រះសហគមន៍កម្ពុជាក៏មានសិក្ខាកាមចំនួន២រូបចូលរួម ដែលមានលោកកាន់ ប៊ុយពីមណ្ឌលអប់រំជំនឿសន្តអ៊ីរ៉ាណេ និងលោកលី សុវណ្ណា ពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។
សិក្ខាសាលានេះ បានជួយបំភ្លឺលោកប៊ុយអំពីការបកប្រែឯកសារដើម មកជាភាសាក្នុងតំបន់ និងវិធីសាស្ត្រប្រើប្រាស់ពាក្យពេជន៍ដើម្បីឲ្យស៊ីនឹងឯកសារដើម។ លោកកាន់ ប៊ុយ ឲ្យដឹងថា ការបកប្រែឲ្យយើងចេះមើលអំពីបរិបទ មានអព្យាក្រិត និងត្រូវរកន័យជាជាងការបកប្រែពីពាក្យទៅពាក្យ «ដោយសារតែវប្បធម៌ឬភាសាសុទ្ធតែខុសគ្នា» ដោយរក្សានូវអត្ថន័យដើម និងឱ្យយើងបកប្រែដោយច្បាស់លាស់។
លោកបញ្ជាក់ទៀតថា បច្ចេកទេសភាសាបរទេស «នៅស្រុកយើងមានច្រើនជាភាសាអង់គ្លេស» ដូច្នេះយើងត្រូវរៀននិងឈ្វេងយល់ច្រើនពីលក្ខណៈពិសេសនៃភាសាដែលយើងត្រូវបកប្រែនោះដែរ។
លោកចាប់អារម្មណ៍ថា «អ្នកដែលបកប្រែល្អ គឺជាអ្នកដែលពូកែតែងនិពន្ធ» ដើម្បីឲ្យអត្ថបទរស់រវើក ដែលមានគុណនាមនិងកិរិយាស័ព្ទ ការរៀបចំឃ្លានិងវេយ្យាករណ៍ជាដើម។ ភាសាខ្មែរមានស័ព្ទច្រើនដែលត្រូវប្រើ ដូច្នេះអ្នកបកប្រែត្រូវរិះរក និងរៀនអំពីវាឲ្យបានច្រើនដែរ ដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ដូនជីការ៉ូលីន ម៉ារីយ៉ា ដាម៉ាយ៉ានទី នូរ៉ូហូ ពីប្រទេសឥណ្ឌូនេស៊ី និយាយថា សិក្ខាសិលានេះបានជួយឲ្យគាត់អាចទំនាក់ទំនងមនុស្សផ្សេងៗទៀតដែលនៅក្នុងវិស័យបកប្រែកដូចខ្លួន និងអាចសហការគ្នាបាន។ រីឯលោកឈុន ឈាន វូ ពីតៃវ៉ាន់ឲ្យដឹងដែរថា វាបានជួយឲ្យគាត់មានទំនុកចិត្តដើម្បីបកប្រែកាន់តែល្អប្រសើរឡើង។
សិក្ខាសាលានេះ មានអ្នកជំនាញបីរូបមកពី Summer Institute of Linguistics (SIL) បានផ្តល់គន្លឹះសម្រាប់មូលដ្ឋាននៃការបកប្រែ វិធីសាស្ត្រ ឧបករណ៍ និងយុទ្ធសាស្ត្រ ដើម្បីឲ្យអ្នកចូលរួមមានចំណេះដឹងនិងជំនាញពិតប្រាកដ។ SIL ជាស្ថាប័នគ្រីស្តសាសនាដែលផ្តោតលើការសិក្សា អភិវឌ្ឍន៍ និងឯកសារផ្នែកភាសា ការបកប្រែឯកសាររបស់គ្រីស្តសាសនា និងបកប្រែព្រះគម្ពីរជាដើម។
កម្មវិធីរយៈពេល៥ថ្ងៃនេះ រៀបចំដោយលោកបូជាចារ្យ ចច ផ្លាតូតាម ជាអគ្គលេខាធិការនៃសភាលោកអភិបាលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
មុនពេលបិទបញ្ចប់សិក្ខាសាលា សិក្ខាកាមទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដែលមានចំនួន១០ចំណុច៖
- ពង្រីកទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងព្រះសហគមន៍អាស៊ី
- ប្តេជ្ញាឲ្យមានការបកប្រែឯកសារសម្រាប់ព្រះសហគមន៍តាមស្ដង់ដារទៅតាមរបៀបបង្រៀនរបស់ព្រះសហគមន៍
- គោរពបរិបទវប្បធម៌សហគមន៍ក្នុងការបកប្រែ ដោយឲ្យឯកសារទាំងនោះក្លាយជាឧបករណ៍ទំនាក់ទំនងដល់សហគមន៍របស់ខ្លួន
- ជួយគាំទ្រនិងបង្កើតក្រុមអ្នកបកប្រែរបស់ព្រះសហគមន៍ក្នុងតំបន់របស់ខ្លួនរស់នៅ ដើម្បីឲ្យពួកគេជួយសម្រួលឯកសារថ្មីៗដែលមាន ឲ្យមានប្រសិទ្ធភាព
- រក្សាឯកសារបកប្រែរបស់ព្រះសហគមន៍ក្នុងទម្រង់ជាច្រើន រួមមានការបោះពុម្ព ឌីជីថល និងសំឡេង ដើម្បីអាចប្រើប្រាស់ទូលំទូលាយ
- បង្កើតយុទ្ធសាស្ត្រដើម្បីឲ្យយុវជនចូលរួមបកប្រែនិងផ្សព្វផ្សាយអំពីឯកសារព្រះសហគមន៍ ប្រើប្រាស់គំនិតប្លែកៗនិងជំនាញបច្ចេកវិទ្យាពិសេសរបស់ពួកគេ ហើយបណ្តុះពួកគេនៅក្នុង “វប្បធម៌នៃការអាន”
- លើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការបកប្រែ ដើម្បីបង្កើនប្រសិទ្ធភាព និងឈានដល់ការប្រើប្រាស់កម្មវិធីបកប្រែ និងឧបករណ៍នានាពីអ៊ីនធឺណិត
- កែលម្អបណ្តាញទំនាក់ទំនងរវាងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាលោកអភិបាលអាស៊ី និងស្ថាប័នក្នុងតំបន់ ដើម្បីធានាបាននូវបច្ចុប្បន្នភាពទាន់ពេលវេលា និងការចូលរួមបកប្រែឯកសារព្រះសហគមន៍យ៉ាងសកម្ម
- វាយតម្លៃជាប្រចាំនូវផលប៉ះពាល់នៃឯកសារដែលបានបកប្រែមកលើសហគមន៍មូលដ្ឋាន និងប្រមូលមតិកែលម្អដើម្បីបន្តកែលម្អគុណភាព និងភាពពាក់ព័ន្ធនៃការងាររបស់យើង
- ចាក់ឫសក្នុងការបកប្រែរបស់យើង ដោយការអធិស្ឋាន និងការរិះគិតខាងវិញ្ញាណ ដោយទទួលស្គាល់ថាការងាររបស់យើងគឺជាកិច្ចបម្រើដែលមានគោលបំណងនាំមនុស្សឱ្យខិតទៅជិតព្រះជាម្ចាស់៕
អត្ថបទ៖ កែវ កញ្ញា