ទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»

កូនឈើប្រណិតជាង​២០០​ដើម នឹង​ដាក់បង្ហាញនៅថ្ងៃទិវាព្រៃឈើសម្រាប់ផ្តល់ជូនអ្នកស្រឡា​ញ់ព្រៃ​ឈើ ដែលនឹងចូលរួមការប្រារព្ធទិវាព្រៃឈើអន្តរជាតិ នៅទីលានប្រជាធិបតេយ្យនាថ្ងៃ​ចុងសប្តាហ៍នេះ។

យោងតាមហ្វេសប៊ុក​របស់​Ecology Program, Jesuit Service-Cambodia នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ក្នុង​ទិវាព្រៃឈើអន្តរជាតិ​ឆ្នាំ​២០២៤នេះ កូនឈើ​ចំនួន​ ២៥០ដើម រួមមាន៖ បេង ធ្នង់ ក្រញូង ឈើទាល ផ្តៀក សុក្រំ គគីរ ត្រយឹង កកោះ និងនាងនួន​នឹងដា​ក់បង្ហាញនៅថ្ងៃទិវាព្រៃឈើសម្រាប់ផ្តល់ជូនអ្នកស្រឡាញ់ព្រៃឈើ​នៅទីលានប្រជាធិបតេយ្យនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤​ បានឱ្យដឹងថា នាឱកាសប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤នេះ ក្រុមអង្គការសមាគម និងក្រុមយុវជនមកពី ០៦ស្ថាប័ន បានសហការដើម្បីរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោមមូលបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។

ការប្រារព្ធទិវាព្រៃឈើអន្តរជាតិ​នេះ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយមានសកម្មភាពជួបជុំ​នៅតាមសហគមន៍ ការជួបជុំនៅទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិអំពីស្ថានភាពព្រៃឈើនៅកម្ពុជា ការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រព្រៃឈើ ដែលមានអ្នកចូលរួមចំនួនសរុប ៥០០នាក់។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ​ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនៅកម្ពុជា នាឆ្នាំនេះបានរៀបចំឡើងក្នុងគោលបំណងចំនួនបីរួមមាន៖ ១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ, ២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និង៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធ​ម្មជាតិ។​

លោក ហេង គឹមហុង  ប្រធានប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ» គឺជាមូលបទសម្រាប់​ទិវាព្រៃឈើអន្តរជាតិនៅកម្ពុជានាឆ្នាំ​២០២៤នេះ។

លោកបានបន្តថា ៖ «ដើម្បីចូលរួមប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំនេះ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមការពារធនធានធម្មជាតិ ការពារព្រៃឈើរបស់ពួកយើងឱ្យបានគង់វង្ស ជានិរន្តរភាព»៕

Facebook
Twitter
LinkedIn