អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាដ៏លើសលប់! ព្រះអង្គប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ។ ទោះបីយើងខ្ញុំរស់នៅលើផែនដីនេះក៏ដោយ ក៏ព្រះអង្គប្រទានសម្បត្តិនៃស្ថានបរមសុខឱ្យយើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរ ថែរក្សាយើងខ្ញុំគ្រប់ពេលវេលា និងណែនាំយើងខ្ញុំទៅកាន់ពន្លឺដ៏ភ្លឺស្វាង រួមជាមួយព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៧,១៤-១៥.១៨.២០

ព្យាការីមីកាអង្វរព្រះជាម្ចាស់ដូចតទៅ៖ «ឱព្រះអម្ចាស់អើយ! សូមថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គរស់នៅលើទឹកដីគ្មានជីវជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែងដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យដូចកាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
បពិត្រព្រះអម្ចាស់! តើមានព្រះណាដែលមានព្រះហប្ញទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហប្ញទ័យស្រឡាញ់ និងប្រណីសន្តោសប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីស្លាប់។ ព្រះអង្គនឹងសម្តែងព្រះហប្ញទ័យស្មោះស្ម័គ្រដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់កូនចៅលោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំកាលពីជំនាន់ដើម»។

ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៩-១២ បទកាកគតិ

ខ្ញុំសូមសរសើរ ព្រះគ្មានអ្វីស្មើ អស់ពីដួងចិត្ត
ខ្ញុំសូមលើកតម្កើង នាមដ៏វិសុទ្ធ ព្រះដ៏មានប្ញទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើង សរសើរលើកឡើង អស់ពីចិន្តា
ខ្ញុំសូមរំឭក ព្រះហស្តអស្ចារ្យ សប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោស នូវរាល់កំហុស ដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសឱ្យ ខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះ ជីវិតឱ្យរស់ ផុតពីរណ្តៅ
ព្រះអង្គអាណិត អាសូរពេកកូវ ខ្ញុំផុតសោសៅ
ដោយទ្រង់មេត្តា ​។
ទ្រង់មិនបន្ទោស ប្រើពាក្យគំរោះ ដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធ មិនខឹងជេរស្តី ហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១០ ព្រះអង្គមិនដាក់ ទោសយើងម្នាក់ៗ ឱ្យឈឺគ្រាំគ្រា
សមតាមអំពើ បាបច្រើនមហិមា ទ្រង់តែងគាំពារ
មិនយកទោសពៃរ៍
១១ មេឃនៅខ្ពស់ឆ្ងាយ សន្លឹមអន្លាយ ពីភពផែនដី
ព្រះទ័យព្រះម្ចាស់ ដែលធ្លាប់ប្រណី ក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ ទិសកើតទិសលិច ឆ្ងាយគ្នាមិនតិច ឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យ អំពើបាបបែរ ឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនេះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៥,១៨

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។
ខ្ញុំនឹងក្រោកឡើងទៅរកឪពុកខ្ញុំ ហើយជម្រាបគាត់ថា៖“លោកឪពុក!
កូនបានធ្វើអំពើបាបខុសនឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ កូនក៏បានធ្វើអំពើបាបខុសនឹងលោកឪពុកដែរ”។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥,១-៣.១១-៣២

មានអ្នកទារពន្ធ និងមនុស្សបាបនាំគ្នាចូលមកជិតព្រះយេស៊ូ ស្តាប់ព្រះបន្ទូលព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យរអ៊ូរទាំថា៖ “មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!”។ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះថា៖ “មានបុរសម្នាក់ មានកូនប្រុសពីរ។ កូនពៅនិយាយទៅឪពុកថា ”លោកឪពុក! សូមចែកកេរមត៌កឱ្យកូនមក”។ ឪពុកក៏ចែកមត៌កឱ្យកូន។ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់។ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរិ្ភក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្តើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឱ្យ​មើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឱ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឱ្យគាត់បរិភោគឡើយ។ ពេលនោះ​កូនពៅភ្ញាក់ខ្លួនហើយរិះគិតក្នុងចិត្តថា អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់ រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា “លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ! សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅវិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ កូនពៅជម្រាបឪពុកថា៖ “លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ!”។ ឪពុកប្រាប់ពួកអ្នកបម្រើថា៖ «ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុតមកពាក់ឱ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឱ្យផង។ ចូរយកកូនគោ ដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឱ្យសប្បាយចុះ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះខ្ញុំរកឃើញវិញហើយ»។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ ពេលនោះកូនប្រុសច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា៖ «មានការអ្វីកើតឡើង»។ អ្នកបម្រើឆ្លើយថា៖ «ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុកលោកឱ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត»។ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឱ្យចូល។ កូនច្បងនិយាយទៅឪពុកថា៖ «ខ្ញុំនៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឱ្យកូនពពែ ដើម្បីឱ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្តិទាល់តែសោះ សូម្បីតែមួយក៏មិនដែលឱ្យផង។ ពេលកូនលោកត្រឡប់មកវិញ លោកកាប់កូនគោបំប៉នទទួលវា។ មើល៍! វានេះបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីពេស្យា»។ ឪពុកនិយាយទៅកូនថា៖ «កូនអើយ! ឯងនៅជាមួយឪពុកជានិច្ច រហូតណាកូន! អ្វីៗទាំងអស់ដែលជារបស់ឪពុកក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះរស់ឡើងវិញហើយ!។ វាបានវង្វេងបាត់ តែឥឡូវនេះយើងរកឃើញវិញហើយ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជា យើងខ្ញុំនាំគ្នារួបរួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលបានលោះយើងខ្ញុំមកវិញ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំកុំឱ្យឃ្លាតចាកពីព្រះអង្គទៀតឡើយ សូមតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យស្វែងរកសម្បតិ្តនៃស្ថានបរមសុខផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលឥទ្ធិពលនៃអគ្គសញ្ញានេះ ជ្រាបចូលជ្រៅទៅក្នុងចិត្តគំនិត ទុកជាកម្លាំងពលំដ៏ខ្លាំងក្លាផង។

Facebook
Twitter
LinkedIn