អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

សៅរ៍ – បៃតង – ថ្ងៃធម្មតា

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១១,១-៧

បងប្អូនជាទីស្រឡាញ់!
ជំនឿធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន។ ជំនឿក៏ធ្វើឱ្យយើងស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ព្រោះ​តែជំនឿ​ហ្នឹងហើយ បានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ដោយសារជំនឿ​យើងយល់ថា ព្រះប​ន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែ​ល​យើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
ដោយសារជំនឿ លោកអបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញ​បូជារបស់លោកកាអ៊ីន។ គឺដោយសារជំនឿហ្នឹងហើយ បានជា​ព្រះជាម្ចាស់ផ្តល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហប្ញទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអបិលស្លាប់បាត់ទៅហើយក៏ដោយ ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខរួចផុតពីសេចក្តីស្លាប់ ហើយគ្មាននរណា​រកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេល​ព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះ​ហប្ញទ័យនឹងលោក។ បើគ្មានជំនឿ គ្មានរណាអាចគាប់ព្រះហប្ញទ័យព្រះអង្គបាន​ឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន​​ ហើយត្រូវជឿថា ព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយ​សារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្តាប់តាមដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូក​មួយយ៉ាងធំ ដើម្បីសង្រ្គោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោក​បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្តីសុចរិតទុកជាមត៌ក គឺជាសេចក្តី​សុចរិតដែលមកពីជំនឿ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៥.១០-១១ បទកាកគតិ

ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប
ខ្ញុំសូមសរសើរ ព្រះនាមល្អគាប់ អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្តម ប្រសើរសក្តិសម ខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើង ព្រះនាមជាផ្លូវ ពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
សូមឱ្យមនុស្ស ទាំងស្រីទាំងប្រុស នៅគ្រប់ជំនាន់
លើកតម្កើងស្នា ព្រះហស្តព្រះអង្គ ការអស្ចារ្យផង
ដែលទ្រង់ប្រព្រឹត្ត
ទូលបង្គំរាប់រៀប ពីអានុភាព បារមីមានប្ញទ្ធិ
សិរីរុងរឿង ព្រះអង្គមានពិត ខ្ញុំសញ្ជឹងគិត
គ្រប់ស្នាព្រះហស្ត
១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គ ឥតមានប្រួលប្រែល អានុភាពឥតកែ
ព្រះអង្គនៅគង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៩,៥

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ចូរនាំគ្នាក្រាបទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១៣

ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំមួយដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្រ្តរបស់ព្រះអង្គត្រឡប់ជាមាន​ពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឱ្យសយ៉ាងនេះ​បានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនា​ជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរ​ណាស់ យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយ​ទៀតសម្រាប់លោកអេលី»។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ រំពេចនោះ ក្រុមសាវ័កពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែល​គង់ជាមួយគេ។ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យ​និយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្ស​មានជីវិតថ្មីដ៏រុងរឿង។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើពាក្យ” មានជីវិតថ្មីដ៏រុងរឿង” មានន័យដូចម្តេច?»។ បន្ទាប់មក គេទូលសួរព្រះ​អង្គថា៖ «ហេតុដូចម្តេចបានជាពួកធម្មចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវ​អញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយ​ផងដូច្នេះ?។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុក​ក្នុងគម្ពីរអំពីលោកស្រាប់»។

 ស – អាសនៈសន្ដសិលា ជាគ្រីស្ដទូត

នៅថ្ងៃនោះ គ្រីស្តបរិស័ទក្រុងរ៉ូមពីដើមនាំគ្នាគោរពសន្តសិលា និងសន្តប៉ូល ជាគ្រូបាធ្យាយ​ដើម​ដំបូងនៃព្រះសហគមន៍របស់គេ។ ព្រះសហគមន៍ចាត់សន្តសិលាទុកជាគ្រឹះនៃព្រះសហគមន៍។ ទាំង​​លោក ទាំងសម្តេចប៉ាប ដែលបន្តមុខងាររបស់លោក មានភារកិច្ច​គាំទ្រ​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​ទាំង​ឡាយ ព្រមទាំងណែនាំគេឱ្យរួបរួមគ្នាជាធ្លុងតែ​មួយ ។

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យតែងតាំង​ព្រះ​សហគ​ម​ន៍ដោយយកជំនឿរបស់គ្រីស្តទូតសិលាធ្វើជាគ្រឹះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូម​ប្រោស​ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយផង។

សូមថ្លែងលិខិតទី១ របស់សន្តៈសិលា ១សល ៥,១-៤

បងប្អូនជាទីស្រាឡាញ់!
ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និង​ជាអ្នករួមទទួលសិរីរុងរឿងដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោម​បងប្អូន​ថា​សូម​​មើល​ថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើ​អំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឲ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើ​ជាគំរូដល់​ហ្វូង​ចៀម​វិញ។ ពេលអ្នកគង្វាលដ៏ឧត្តមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី ។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គល ហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរ ឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមាន ខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំង​សិលា​នេះខ្ញុំ​នឹង​សង់​ព្រះ​សហគម​ន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព។ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ « មនុស្ស​ទាំង​ឡាយ​ថាបុត្រមនុស្សជានរណា?»។គេទូលថា៖” អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត  អ្នកខ្លះថាលោក​ជា​​​ព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប “។ ព្រះអង្គសួរគេទៀតថា៖« ​ចុះ​អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ? »។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា ៖”លោក​ជា​ព្រះ​គ្រីស្ត ជា​ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មមគង់នៅ “។ ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា​៖​​«ស៊ី​ម៉ូនកូនលោកយ៉ូណាស! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺ​ព្រះ​បិ​តា​រ​បស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសម្តែងឲ្យអ្នកដឹង។ ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលា​ហើយ​​នៅ​ផ្ទាំ​ង​សិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ ពុំមានអំណាច​លើព្រះ​សហគមន៍​នេះ​បាន​ឡើយ ខ្ញុំ​និង​ប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះព្រះជាម្ចាស់​នឹង​ចង​នៅ​​ស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដីព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ » ។

បពិត្រព្រះអម្ចាស់ជាព្រះបិតារបស់យើងខ្ញុំ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិត​ព្រះ​គ្រីស្ត​ឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់កម្លាំង។ នៅថ្ងៃដែលយើងខ្ញុំនាំគ្នាគោរពសន្តសិលា សូមទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងបានប្រកដដោយសេចក្តីសុខសាន្តផង។

 

Facebook
Twitter
LinkedIn