«សុភមង្គលមិនសំដៅទៅលើទ្រព្យសម្បត្តិ តែសំដៅទៅការរស់នៅជាមួយគ្នាដោយសេចក្តីស្រឡាញ់ ដោយជំនឿ និងអំណរសប្បាយនៅក្នុងចិត្ត។» នេះជាប្រសាសន៍របស់លោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីបិទឆ្នាំនៃគ្រួសារ។
ឆ្នាំនៃគ្រួសារត្រូវបានប្រារព្ធឡើង អស់រយៈពេលមួយឆ្នាំ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដើម្បីលើកកម្ពស់ជីវិតក្រុមគ្រួសារគ្រីស្តបរិស័ទតាមតំបន់នីមួយៗតាំងពីខែមីនា ឆ្នាំ២០២៣មក ហើយកាលពីថ្ងៃទី០៥ ខែធ្នូនេះ កន្លទៅនេះ។
លោកអភិបាល មានប្រសាសន៍ទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ គ្រួសារគ្រីស្តបរិស័ទ បានមានឱកាសជួបជុំគ្នាជាលក្ខណៈគ្រួសារ បានចែរំលែកជាមួយគ្នា និងរៀនមេរៀនខ្លះពីលោកបូជាចារ្យ និងដូនជី អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អំពីអត្ថន័យនៃសេចក្តីស្រឡាញ់ អំពីរបៀបរស់នៅជាគូស្រករ។ លោកបន្តថា «ពេលយើងនិយាយអំពីសេចក្តីស្រឡាញ់គឺមានលក្ខណៈចែករំលែក»។
លោកគង្វាលរូបនេះបន្ថែមថា គ្រួសារជាសហគមន៍តូចមួយ ដែលយើងត្រូវរស់នៅជាមួយគ្នា បរិភោគជុំគ្នា ធ្វើការជាមួគ្នា ចែករំលែកសេចក្តីស្រឡាញ់ មានទាំងការអធិដ្ឋាន ស្តាប់ព្រះបន្ទូល និងបន្តជំនឿជាមួយគ្នាដែរ នេះបានយើងហៅថា គ្រួសារប្រកបដោយសេចក្តីស្រឡាញ់ ហើយមានសុភមង្គល។
ក្នុងឆ្នាំនៃគ្រួសារនោះ ព្រះសហគមន៍មានរៀបចំជាសិក្ខាសាលាតូចៗតាមតំបន់ ដោយផ្តោតសំខាន់ទៅលើ សារលិខិតរបស់សម្តេចប៉ាបអំពី«អំណរសប្បាយនៃសេចក្តីស្រឡាញ់» វិធីសាស្ត្រកសាងគ្រួសារតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រព្យសម្បត្តិល្អជាងគេរបស់គ្រួសារដែលត្រូវបញ្ជូនបន្តទៅកូនចៅ ការផ្សះផ្សានិងការអត់ទោសជាដើម។
ក្នុងនោះដែរក៏មានបង្ហាញរបាយការណ៍ដែលបានមកពីសក្ខីភាពនៃក្រុមគ្រួសារគ្រីស្តបរិស័ទតាមតំបន់ បានរកឃើញថា មានបញ្ហាមួយចំនួនដូចជា មិនយល់ចិត្តគ្នា គ្មានផែនការគ្រួសារ លំបាកអប់រំកូនព្រោះឪពុកម្តាយមានជំនឿសាសនាផ្សេងពីគ្នា ខ្វះការស្តាប់គ្នាទៅវិញទៅមក សេដ្ឋកិច្ចខ្វះខាត ខ្វះទំនុកចិត្ត ការប្រើប្រាស់គ្រឿងស្រវឹង ខ្វះភាពស្មោះត្រង់ចំពោះគ្នា។ល។
ក្នុងបញ្ហាដែលកើតឡើងទាំងនោះក្រុមគ្រួសារទាំងអស់ក៏រកឃើញវិធីសាស្ត្រផ្សេងៗដើម្បីដោះស្រាយរួមមាន ត្រៀមខ្លួននិងឈ្វេងយល់គ្នាឲ្យច្បាស់មុនពេលរៀបការ ទោះបីមានទំនាស់ត្រូវបរិភោគជាមួយគ្នា សម្រុះសម្រួលនិងដោះស្រាយបញ្ហារួមគ្នា យោគយល់ឲ្យគ្នាទៅវិញទៅមក ត្រូវមានពេលវេលានៅជាមួយគ្នា សម្រុះសម្រួលគ្នាមុនពេលចូលដំណេក ត្រូវពិភាក្សាគ្នាអំពីការអប់រំកូន។ល។
ជាមួយគ្នានេះដែរ លោកអភិបាលព្រះសហគមន៍បានបញ្ជាក់ថា ការបិទឆ្នាំនៃគ្រួសារមិនមែនបិទសកម្មភាពនោះទេ។ លោកបានលើកទឹកចិត្តដល់លោកបូជាចារ្យ ដូនជី និងអ្នកណែនាំព្រះសហគមន៍ក្នុងភូមិភាគឲ្យបន្តយកចិត្តទុកដាក់ដល់ក្រុមគ្រួសារ ដោយជួយលើកទឹកចិត្តគ្នា ជាពិសេសគ្រួសារវ័យក្មេងឲ្យយល់ពីជីវិតរស់នៅជាគ្រួសារ។ ត្រូវបង្កើតកម្មវិធីណែនាំអប់រំដល់យុវជន អំពីការជ្រើសរើសគូស្រករ។ លោកថា បើក្នុងគ្រួសារមានបញ្ហាពិបាកដោះស្រាយ សូមអធិដ្ឋានជាមួយព្រះជាម្ចាស់ ឬទៅជួបចាស់ទុំ លោកបូជាចារ្យឲ្យជួយណែនាំ។
អ្នកស្រី ផ្សងក្លែល មកពីព្រះសហគមន៍កាតូលិក សន្តយ៉ាកុប ដាក់ដាំបានឲ្យដឹងថា ការណែនាំរបស់ព្រះសហគមន៍គឺសំខាន់ ហើយព្រះសហគមន៍នាំឲ្យយើងរិះគិតធ្វើជីវិតជាគ្រួសារក្នុងព្រះសហគមន៍ ឲ្យយើងទទួលខុសត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីជាគំរូដល់អ្នកដទៃ ធ្វើជាគំរូដល់កូនៗ ដោយបង្ហាញក្តីស្រឡាញ់។
លោកបូជាចារ្យ ស្ទេផាន សែសាត ទទួលខុសត្រូវព្រះសហគមន៍៤ក្នុងតំបន់កំពង់ចាមបានឲ្យដឹងថា ជីវិតក្រុមគ្រួសារគឺជួបប្រឈមនឹងបញ្ហាជាច្រើន ហើយក្នុងនាមលោកជាអ្នកណែនាំព្រះសហគមន៍នឹងបន្តយកចិត្តទុកដាក់ជួយដល់ក្រុមគ្រួសារ បន្តសួរសុខទុក្ខ បន្តអធិដ្ឋានតាមក្រុមគ្រួសារ បង្កើតសិក្ខាសាលាអំពីគ្រួសារ ដើម្បីជួយឲ្យក្រុមគ្រួសាររស់នៅប្រកបដោយសុភមង្គល។
លោកបន្តទៀតថា គ្រួសារជាសង្គមតូចមួយ ហើយសេចក្តីស្រឡាញ់គឺផ្ដើមចេញពីក្រុមគ្រួសារ កិច្ចការប្រកាសដំណឹងល្អក៏ចេញពីក្រុមគ្រួសារ។ ពិធីបុណ្យ ការអធិដ្ឋាន ការបន្តជំនឿក៏ចេញពីក្រុមគ្រួសារ។ លោកបន្ថែមថា គ្រួសារជាគ្រឹះមួយសំខាន់មុននឹងចូលទៅក្នុងក្រុមគ្រួសារធំដូចព្រះសហគមន៍៕
ដោយ៖ ម៉េង ភីឡុង