ជំពូក ៣១
ប្រស្នាអំពីដើមតាត្រៅដែលគេកាប់
1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោន ជាស្តេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា:
តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
3 អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់
ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។
ដើមតាត្រៅនោះលូតឡើង
ចុងវាខ្ពស់កប់ពពក។
4 ទឹកទន្លេធ្វើឲ្យវាដុះធំឡើង
ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់
ហើយហូរជុំវិញដើមនោះ
រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព
ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
5 ដើមតាត្រៅនោះលូតឡើងខ្ពស់
លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ
បែកមែកសាខា ហើយលាតសន្ធឹង
ព្រោះឫសវាសម្បូណ៌ទឹក។
6 បក្សាបក្សីនាំគ្នាមកធ្វើសំបុក
នៅតាមមែករបស់វា
រីឯសត្វព្រៃទាំងប៉ុន្មាន
ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា
ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម
ម្លប់របស់វាដែរ។
7 ដើមតាត្រៅនោះល្អណាស់
ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង
ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។
8 ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់
មិនអាចប្រៀបផ្ទឹមនឹងវាបានទេ
រីឯដើមគគីរ ឬដើមកកោះ
ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ
គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់
ល្អដូចដើមតាត្រៅនេះឡើយ។
9 យើងបានតុបតែងវាឲ្យមានមែកជាច្រើន
ដើមឈើទាំងប៉ុន្មាននៅអេដែន
ដែលជាឧទ្យានរបស់ព្រះជាម្ចាស់
នាំគ្នាច្រណែននឹងវា។
10 យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកម្ពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ 11 ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ 12 ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយនៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ 13 សត្វស្លាបទាំងប៉ុន្មាន នាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ 14 ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ 15ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ដោយសារដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកម្រើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្តប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ 16 យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។ 17 ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ពន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។18 ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្តុង្គឧត្ដមដូចអ្នក? ទោះបីយ៉ាងនេះក្តី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្តេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។