ជំពូក ១០
លោកអេសេគីអែលនិមិត្តឃើញព្រះអម្ចាស់សាជាថ្មី
(សូមអាន ១.១-២៨)
1 ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកខេរូប៊ីម*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ 2ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកខេរូប៊ីម ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកខេរូប៊ីមពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ 3 ពេលគាត់ទៅដល់ ពួកខេរូប៊ីមស្ថិតនៅខាងស្តាំព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។ 4 សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីលើពួកខេរូប៊ីម ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ 5 សន្ធឹកស្លាបរបស់ពួកខេរូប៊ីម លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ 6ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកខេរូប៊ីមមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ 7 ពេលនោះ ខេរូប៊ីមមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកខេរូប៊ីម ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។ 8 នៅក្រោមស្លាបរបស់ពួកខេរូប៊ីម មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។ 9 ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកខេរូប៊ីម គឺនៅក្បែរខេរូប៊ីមនីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។ 10 កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។ 11 ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ខេរូប៊ីមបែរទៅគេ ដោយឥតងាករេឡើយ។ 12 រូបកាយរបស់ខេរូប៊ីមទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាសពេញ ហើយតាមរង្វង់កង់របស់ខេរូប៊ីមទាំងបួនក៏មានផ្កាភ្លើងពាសពេញដែរ។ 13 ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ 14 ខេរូប៊ីមនីមួយៗមានមុខបួន។ មុខទីមួយដូចមុខខេរូប៊ីម មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ 15 ពួកខេរូប៊ីមទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ 16 ពេលខេរូប៊ីមទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលខេរូប៊ីមទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ 17 ពេលខេរូប៊ីមឈប់ កង់ក៏ឈប់ ពេលខេរូប៊ីមឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។ 18 សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកខេរូប៊ីម។ 19 ខ្ញុំឃើញខេរូប៊ីមទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើខេរូប៊ីម ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 20 ពេលនោះ ខ្ញុំដឹងថា សត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែល ក្បែរទន្លេកេបារ គឺខេរូប៊ីមនេះឯង។ 21 ខេរូប៊ីមនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។ 22 ខេរូប៊ីមទាំងនោះ មានមុខដូចសត្វលោក ដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ខេរូប៊ីមនីមួយៗហើរទៅមុខយ៉ាងត្រង់។