ជំពូក ១៩

ទំនួញ​របស់​មេ​ដឹក​នាំ​អ៊ីស្រា‌អែល

1 ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្តី​អំពី​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

2 «ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី​

ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល

ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។

សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ

ឲ្យ​រៀន​ហែក​សត្វ​ស៊ី

លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ

វា​ស៊ី​មនុស្ស។

4 ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ

ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា

ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។

5 សិង្ហ​ញី​រង់‌ចាំ តែ​មិន​ឃើញ​កូន​មក​វិញ

ក៏​អស់​សង្ឃឹម

ហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់

ឲ្យ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។

6 កូន​សិង្ហ​នោះ​រក​ស៊ី​ជា​មួយ​សិង្ហ​ឈ្មោល​ឯ​ទៀតៗ

វា​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​មួយ

វា​រៀន​ហែក​សត្វ​ស៊ី ហើយ​ហែក​មនុស្ស​ស៊ី។

7 វា​កម្ទេច​កំពែង​ក្រុង

ហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។

ប្រជាជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុត

នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។

8 ប្រជា‌ជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិស‌ទី

ពី​គ្រប់​អាណា‌ខេត្ត

នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះ

ហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

9 ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិត

រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ស្តេច​ស្រុក​បាប៊ីឡូន

គេ​យក​វា​ទៅ​ឃុំ​ទុក

ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​វា​គ្រហឹម

នៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ទៀត។

ដើម​ទំពាំង‌បាយ‌ជូរ និង​មែក

10 ម្ដាយ​របស់​អ្នក​ប្រៀប​បាន​នឹង

ដើម​ទំពាំង‌បាយ‌ជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក

ទំពាំង‌បាយ‌ជូរ​នោះ​មាន​ផ្លែ​ផ្កា បែក​មែក​សាខា

ព្រោះ​សម្បូណ៌​ទឹក។

11 ទំពាំង‌បាយ‌ជូរ​នោះ​មាន​មែក​ធំៗ

ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ

ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ

គេ​កោត​សរសើរ​ទំពាំង‌បាយ‌ជូរ​នោះ

ព្រោះ​តែ​កម្ពស់ និង​មាន​មែក​ច្រើន។

12 ប៉ុន្តែ ដើម​ទំពាំង‌បាយ‌ជូរ​នោះ​ត្រូវ​គេ​រំលើង

យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។

ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក

ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម

រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត

ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។

13 ឥឡូវ​នេះ គេ​យក​ទំពាំង‌បាយ‌ជូរ​នោះ

ទៅ​ដាំ​នៅ​វាល​រហោ‌ស្ថាន

នៅ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។

14 មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា

ឆាប‌ឆេះ​មែក និង​ផ្លែ។

ទំពាំង‌បាយ‌ជូរ​នោះ​លែង​មាន​មែក​ធំៗ

ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។

ទំនុក​នេះ​ត្រូវ​ស្មូត្រ​ជា​ទំនួញ»។