ជំពូក ២៤

ទី​សម្គាល់​អំពី​ថ្លាង

1 នៅ​ឆ្នាំ​ទី​ប្រាំ​បួន ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2 «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ថ្ងៃ​នេះ​ទុក ដ្បិត​ថ្ងៃ​នេះ​ហើយ​ដែល​ស្តេច​ស្រុក​បាប៊ីឡូន​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។ 3 ចូរ​ចោទ​ប្រស្នា​មួយ​ដល់​ពូជ​អ្នក​បះ‌បោរ​នេះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

ចូរ​រៀប‌ចំ​ថ្លាង​មួយ​ដាក់​នៅ​លើ​ភ្លើង

រួច​ចាក់​ទឹក​ទៅ​ក្នុង​ថ្លាង​នោះ។

4 បន្ទាប់​មក ចូរ​ដាក់​សាច់​ទៅ​ក្នុង​ថ្លាង

គឺ​សាច់​ល្អៗ សាច់​ភ្លៅ សាច់​ស្មា

រួច​ដាក់​ឆ្អឹង​ល្អៗ​បំពេញ​ថ្លាង​នោះ​ដែរ។

5 ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក

ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។

ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយ

សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។

6 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម

មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹម

ហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។

ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នា

គ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។

7 នៅ​ក្នុង​ក្រុង គេ​សម្លាប់​គ្នា

គេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្ម

គឺ​មិន​ទុក​ឲ្យ​ឈាម​នោះ​ស្រោច​លើ​ដី

ហើយ​យក​ដី​លុប​ទេ។

8 ដូច្នេះ ដើម្បី​សម្រេច​តាម​កំហឹង

និង​តាម​ការ​សង‌សឹក​របស់​យើង

យើង​នឹង​ទុក​ឈាម​គេ​នៅ​លើ​ផ្ទាំង​ថ្ម

ឥត​យក​ដី​លុប​ឡើយ។

9 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម

មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។

10 ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា!

ចូរ​បង្កាត់​ភ្លើង! ចូរ​ចម្អិន​សាច់!

ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!

11 បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើង

ទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហម

អ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយ

រីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។
12 ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!។ 13 យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីល‌ធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្តី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។ 14 យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សម្រេច​តាម​ពាក្យ​របស់​យើង ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត‌អាសូរ ឬ​ស្តាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយា‌មារយាទ និង​អំពើ​ទាំង‌ឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ទី​សម្គាល់​អំពី​មរណ‌ភាព​នៃ​ភរិយា​របស់​ព្យាការី

15ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 16 «កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។ 17 ចូរ​ខ្សឹក‌ខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​ឲ្យ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។ 18 នៅ​ពេល​ព្រឹក ខ្ញុំ​និយាយ​ជា​មួយ​ប្រជាជន លុះ​ដល់​ពេល​ល្ងាច ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត។ ស្អែក​ឡើង ខ្ញុំ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ។ 19 ប្រជាជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​យើង​ខ្ញុំ?»។ 20 ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: 21 “ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត យើង​នឹង​បន្ទាប‌បន្ថោក​ទី‌សក្ការៈ​របស់​យើង ដែល​ជា​ទី​អួត‌អាង ជា​កម្លាំង ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ 22 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។ 23 អ្នក​រាល់​គ្នា​នឹង​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីង‌រៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះ‌ស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។ 24 អេសេ‌គីអែល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌ជា‌អម្ចាស់​មែន”។
25 កូន​មនុស្ស​អើយ យើង​នឹង​ដក​ទី‌សក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុង‌រឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ 26 នៅ​ថ្ងៃ​នោះ មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក 27 នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។