ជំពូក ២៧
ទំនួញស្តីអំពីក្រុងទីរ៉ុស
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទ ស្តីអំពីក្រុងទីរ៉ុស! 3 ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងទីរ៉ុសអើយ អ្នកពោលថា
“ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
4 ព្រំប្រទល់របស់អ្នកលាតសន្ធឹងរហូត
ដល់កណ្ដាលសមុទ្រ
អស់អ្នកដែលសង់អ្នក បានផ្តល់ឲ្យអ្នក
មានសម្រស់យ៉ាងល្អឥតខ្ចោះ។
5 ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ
មកធ្វើជាជញ្ជាំងរបស់អ្នក
ហើយយកឈើតាត្រៅពីព្រៃលីបង់
មកធ្វើជាដងក្តោងរបស់អ្នក។
6 ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន
មកធ្វើជាច្រវា
យកឈើគ្រញូងពីកោះគីទីម
មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
7 ក្តោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ
មកពីស្រុកអេស៊ីប
សម្រាប់ឲ្យអ្នកប្រើជាទង់ផង។
ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហម
និងពណ៌ស្វាយមកពីកោះគីប្រុស។
8 អ្នកក្រុងស៊ីដូន និងអ្នកក្រុងអាវ៉ាដ ជាអ្នកចែវ
អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
9 ពួកចាស់ទុំពីស្រុកកេបាល
និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។
សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ
បានចូលមកឈប់សំចតនៅក្នុងអ្នក
ដើម្បីលក់ដូរទំនិញ។
10 អ្នកស្រុកពែរ្ស អ្នកស្រុកលូដ និងអ្នកស្រុកពូត
នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក
ពួកគេជាអ្នកចម្បាំងរបស់អ្នក
ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក
ព្រមទាំងផ្តល់ឲ្យអ្នកបានរុងរឿង។
11 កូនចៅអាវ៉ាដ និងពួកចម្បាំងរបស់អ្នក ស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើឲ្យសម្រស់របស់អ្នកបានល្អឥតខ្ចោះ។
ទីរ៉ុសជាក្រុងពាណិជ្ជកម្ម
12 ស្រុកតារស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ 13 ស្រុកយ៉ាវ៉ន ទូបាល និងមេសេក រកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។ 14 អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចម្បាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។ 15 ប្រជាជននៅស្រុកដេដនរកស៊ីជាមួយអ្នក ជំនួញរវាងកោះនានាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក គេយកភ្លុក និងឈើគ្រញូង មកដូរទំនិញរបស់អ្នក។ 16 ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ត ផ្កាថ្ម និងត្បូង មកលក់ក្នុងផ្សាររបស់អ្នកដែរ។ 17 ស្រុកយូដា និងស្រុក អ៊ីស្រាអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។ 18 ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌ស មកលក់ឲ្យអ្នកដែរ។ 19 ស្រុកវេដន និងស្រុកយ៉ាវ៉ន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់ឲ្យអ្នក។ 20 ស្រុកដេដនធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសម្រាប់សេះចម្បាំងមកលក់ឲ្យអ្នក។ 21 ស្រុកអារ៉ាប៊ី និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។ 22 អ្នកជំនួញពីស្រុកសេបា និងស្រុករេម៉ា រកស៊ីជាមួយអ្នក ពួកគេយកគ្រឿងក្រអូបដ៏មានតម្លៃ ព្រមទាំងត្បូង និងមាសគ្រប់ប្រភេទ មកលក់ឲ្យអ្នក។ 23 ស្រុកហារ៉ន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក 24 ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។
ទំនួញស្តីអំពីក្រុងទីរ៉ុស (ត)
25 សំពៅពីស្រុកតារស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក
អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់
ដូចសំពៅពេញទៅដោយទំនិញ
នៅកណ្ដាលសមុទ្រ។
26 ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ
នៅកណ្ដាលសមុទ្រ ស្រាប់តែមាន
ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។
27 ទ្រព្យសម្បត្តិ ទំនិញ និងអីវ៉ាន់របស់អ្នក
ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ
អ្នកជួសជុលសំពៅ អ្នកលក់ដូរ
និងទាហានចម្បាំងដែលនៅជាមួយអ្នក
គឺនៅថ្ងៃដែលអ្នកវិនាស
មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក
ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
28 ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅ
ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
29 អ្នកចែវសំពៅផ្សេងទៀត
នាំគ្នាចុះចេញពីសំពៅរបស់ខ្លួន
អ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាន
នាំគ្នាឈរនៅលើគោក។
30 ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក
ពួកគេសោយសោកយ៉ាងជូរចត់
ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន
ហើយដេកននៀលនៅក្នុងផេះ។
31 ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវ
ហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សា
ដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
32 ទុក្ខលំបាកជំរុញពួកគេឲ្យស្មូត្រទំនួញ
និងយំអាឡោះអាល័យអ្នក ទាំងពោលថា:
គ្មានក្រុងណាដូចក្រុងទីរ៉ុសទេ
គឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
33 ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ
ប្រជាជនជាច្រើនបានឆ្អែត។
ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក
បានធ្វើឲ្យស្តេចជាច្រើននៅផែនដី
ក្លាយទៅជាអ្នកមាន។
34 តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ
ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល
នៅក្នុងសំពៅជាមួយអ្នក
ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
35 ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា
នឹងនាំគ្នាសោយសោក ព្រោះតែអ្នក
ស្តេចរបស់ពួកគេនឹងភ័យញ័ររន្ធត់
ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
36 អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយ
នាំគ្នាចំអកឲ្យអ្នក។
ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុត
ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។