ជំពូក ២៧

ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2 «កូន​មនុស្ស​អើយ ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ ស្តី​អំពី​ក្រុង​ទីរ៉ុស! 3 ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា

“ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”

4 ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត

ដល់​កណ្ដាល​សមុទ្រ

អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្តល់​ឲ្យ​អ្នក

មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

5 ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ

មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក

ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់

មក​ធ្វើ​ជា​ដង​ក្តោង​របស់​អ្នក។

ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពី​ស្រុក​បាសាន

មក​ធ្វើ​ជា​ច្រវា

យក​ឈើ​គ្រញូង​ពី​កោះ​គីទីម

មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។

7 ក្តោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ

មក​ពី​ស្រុក​អេស៊ីប

សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។

ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម

និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។

8 អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អាវ៉ាដ ជា​អ្នក​ចែវ

អ្នក​ឯក‌ទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។

9 ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល

និង​អ្នក​ឯក‌ទេស​របស់​ពួក​គេ​ជា​ជាង​ជួស‌ជុល។

សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ

បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក

ដើម្បី​លក់​ដូរ​ទំនិញ។

10 អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូដ និង​អ្នក​ស្រុក​ពូត

នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក

ពួក​គេ​ជា​អ្នក​ចម្បាំង​របស់​អ្នក

ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក

ព្រម​ទាំង​ផ្តល់​ឲ្យ​អ្នក​បាន​រុង‌រឿង។

11 កូន​ចៅ​អាវ៉ាដ និង​ពួក​ចម្បាំង​របស់​អ្នក ស្ថិត​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាម‌ល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។

ទីរ៉ុស​ជា​ក្រុង​ពាណិជ្ជ‌កម្ម

12 ស្រុក​តារស៊ីស​នាំ​គ្នា​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ 13 ស្រុក​យ៉ាវ៉ន ទូបាល និង​មេសេក រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន មក​ដូរ​យក​ទំនិញ​របស់​អ្នក។ 14 អ្នក​ស្រុក​តូការ‌ម៉ា​យក​សេះ​សម្រាប់​ទឹម សេះ​ចម្បាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ 15 ប្រជាជន​នៅ​ស្រុក​ដេដន​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង មក​ដូរ​ទំនិញ​របស់​អ្នក។ 16 ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវ‌មរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេស‌ឯក​ដ៏​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។ 17 ស្រុក​យូដា និង​ស្រុក អ៊ីស្រា‌អែល រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ មក​លក់​ឲ្យ​អ្នក។ 18 ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។ 19 ស្រុក​វេដន និង​ស្រុក​យ៉ាវ៉ន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែក‌ថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​ឲ្យ​អ្នក។ 20 ស្រុក​ដេដន​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចម្បាំង​មក​លក់​ឲ្យ​អ្នក។ 21 ស្រុក​អារ៉ាប៊ី និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។ 22 អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រេម៉ា រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ មក​លក់​ឲ្យ​អ្នក។ 23 ស្រុក​ហារ៉ន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីលម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក 24 ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។

ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស (ត)

25 សំពៅ​ពី​ស្រុក​តារស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក

អ្នក​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន​លើស‌លប់

ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ

នៅ​កណ្ដាល​សមុទ្រ។

26 ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ

នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន

ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កម្ទេច​អ្នក។

27 ទ្រព្យ‌សម្បត្តិ ទំនិញ និង​អីវ៉ាន់​របស់​អ្នក

ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ

អ្នក​ជួស‌ជុល​សំពៅ អ្នក​លក់​ដូរ

និង​ទាហាន​ចម្បាំង​ដែល​នៅ​ជា​មួយ​អ្នក

គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស

មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក

ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។

28 ពេល​ឮ​សម្រែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅ

ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់

29 អ្នក​ចែវ​សំពៅ​ផ្សេង​ទៀត

នាំ​គ្នា​ចុះ​ចេញ​ពី​សំពៅ​របស់​ខ្លួន

អ្នក​ដើរ​សំពៅ និង​កម្មករ​សំពៅ​ទាំង​ប៉ុន្មាន

នាំ​គ្នា​ឈរ​នៅ​លើ​គោក។

30 ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក

ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់

ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន

ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។

31 ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវ

ហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោច‌ផ្សា

ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។

32 ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញ

និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា:

គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ

គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!

33 ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ

ប្រជាជន​ជា​ច្រើន​បាន​ឆ្អែត។

ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក

បាន​ធ្វើ​ឲ្យ​ស្តេច​ជា​ច្រើន​នៅ​ផែន‌ដី

ក្លាយ​ទៅ​ជា​អ្នក​មាន។

34 តែ​ឥឡូវ​នេះ អ្នក​វិនាស​ក្នុង​សមុទ្រ

ទំនិញ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល

នៅ​ក្នុង​សំពៅ​ជា​មួយ​អ្នក

ក៏​លិច​លង់​ដល់​បាត​សមុទ្រ​ជា​មួយ​អ្នក​ដែរ។

35 ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានា

នឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នក

ស្តេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់

ផ្ទៃ​មុខ​របស់​គេ​ស្លេក‌ស្លាំង​អស់។

36 អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ

នាំ​គ្នា​ចំអក​ឲ្យ​អ្នក។

ពេល​មនុស្ស‌ម្នា​ឃើញ​អ្នក គេ​ភ័យ​តក់‌ស្លុត

ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។