ជំពូក ១៩
ទំនួញរបស់មេដឹកនាំអ៊ីស្រាអែល
1 ព្រះអម្ចាស់បង្គាប់ខ្ញុំឲ្យស្មូត្រទំនួញមួយបទ ស្តីអំពីមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដូចតទៅ៖
2 «ម្ដាយរបស់អ្នកជាសិង្ហញី
ដេកនៅក្នុងចំណោមសិង្ហឈ្មោល
ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។
3 សិង្ហញីនេះបានបង្ហាត់កូនមួយ
ឲ្យរៀនហែកសត្វស៊ី
លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ
វាស៊ីមនុស្ស។
4 ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ
ក៏នាំគ្នាដាក់អន្ទាក់ចាប់វា
ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។
5 សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ
ក៏អស់សង្ឃឹម
ហើយយកកូនមួយទៀតមកបង្ហាត់
ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។
6 កូនសិង្ហនោះរកស៊ីជាមួយសិង្ហឈ្មោលឯទៀតៗ
វាក្លាយទៅជាសិង្ហស្ទាវមួយ
វារៀនហែកសត្វស៊ី ហើយហែកមនុស្សស៊ី។
7 វាកម្ទេចកំពែងក្រុង
ហើយបំផ្លិចបំផ្លាញទីក្រុង។
ប្រជាជននៅក្នុងស្រុកភ័យតក់ស្លុត
នៅពេលឮសូរវាគ្រហឹម។
8 ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទី
ពីគ្រប់អាណាខេត្ត
នាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះ
ហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
9 ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិត
រួចនាំយកទៅប្រគល់ឲ្យស្តេចស្រុកបាប៊ីឡូន
គេយកវាទៅឃុំទុក
ដើម្បីកុំឲ្យឮសំឡេងវាគ្រហឹម
នៅតាមភ្នំនៃស្រុកអ៊ីស្រាអែលទៀត។
ដើមទំពាំងបាយជូរ និងមែក
10 ម្ដាយរបស់អ្នកប្រៀបបាននឹង
ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក
ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា
ព្រោះសម្បូណ៌ទឹក។
11 ទំពាំងបាយជូរនោះមានមែកធំៗ
ដែលក្លាយទៅជាដំបងរាជ្យ
ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ
គេកោតសរសើរទំពាំងបាយជូរនោះ
ព្រោះតែកម្ពស់ និងមានមែកច្រើន។
12 ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរំលើង
យ៉ាងកំរោល ហើយរលំទៅលើដី។
ខ្យល់ពីទិសខាងកើតបក់មក
ធ្វើឲ្យផ្លែវាស្វិតក្រៀម
រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត
ហើយត្រូវភ្លើងឆេះអស់ទៅ។
13 ឥឡូវនេះ គេយកទំពាំងបាយជូរនោះ
ទៅដាំនៅវាលរហោស្ថាន
នៅលើដីហួតហែងគ្មានទឹក។
14 មានភ្លើងចេញពីដើមរបស់វា
ឆាបឆេះមែក និងផ្លែ។
ទំពាំងបាយជូរនោះលែងមានមែកធំៗ
ដែលក្លាយទៅដំបងរាជ្យទៀតហើយ។
ទំនុកនេះត្រូវស្មូត្រជាទំនួញ»។