ជំពូក ៥
ព្រះជាម្ចាស់ដាក់ទោសអ៊ីស្រាអែល
1 «កូនមនុស្សអើយ ចូរយកដាវមួយយ៉ាងមុត មកធ្វើកាំបិតកោរ ហើយកោរសក់ និងកោរពុកមាត់ ពុកចង្ការបស់អ្នក រួចយកជញ្ជីងមកថ្លឹង បែងចែកជាច្រើនចំណែក។ 2 ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំវិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។ 3 ត្រូវយកមួយចំនួនតូចមកចងនឹងជាយសម្លៀកបំពាក់របស់អ្នក។ 4 បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រាអែលទាំងមូល»។
5 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។ 6 ប៉ុន្តែ អ្នកក្រុងយេរូសាឡឹមបានបះបោរប្រឆាំងនឹងបទបញ្ជា និងវិន័យរបស់យើង គឺពួកគេអាក្រក់ជាងប្រជាជាតិ និងនគរទាំងប៉ុន្មានដែលនៅជុំវិញទៅទៀត ដ្បិតពួកគេបានបោះបង់ចោលបទបញ្ជារបស់យើង ហើយមិនកាន់តាមវិន័យរបស់យើងទេ»។ 7 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមវិន័យ និងបទបញ្ជារបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។ 8 ហេតុនេះហើយបានជាយើងដែលជាព្រះជាអម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។ 9 យើងនឹងធ្វើទោសអ្នក ព្រោះអ្នកបានគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន យើងនឹងដាក់ទោសអ្នក តាមរបៀប ដែលយើងមិនធ្លាប់ប្រើពីមុន ហើយជារបៀបដែលយើងមិនប្រើនៅពេលខាងមុខទៀតដែរ 10 គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកម្ចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។ 11 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ 12 ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកម្ចាត់កម្ចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
13 យើងនឹងបណ្តោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។ 14 យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាគំនរបាក់បែក បាត់បង់កិត្តិយសក្នុងចំណោមប្រជាជាតិដែលនៅជុំវិញ និងអស់អ្នកដែលដើរកាត់តាមនេះ។ 15 ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
16 យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្តាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។ 17 យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។