ជំពូក ១៥
ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត
1 ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ 2 យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចម្រើនឡើង 3 ដ្បិតព្រះគ្រីស្ដពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។ 4 អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម។ 5 សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្ដយេស៊ូ 6 ដើម្បីឲ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើង។
ដំណឹងល្អសម្រាប់ប្រជាជាតិទាំងអស់
7 ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចព្រះគ្រីស្ដទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 8 ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រីស្ដបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក* ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស* និងសម្ដែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ 9 រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថាៈ
«ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល
ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា
ហើយទូលបង្គំនឹងច្រៀងលើកតម្កើង
ព្រះកិត្តិនាមរបស់ព្រះអង្គ»។
10 មានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ
ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គទៅ!»។
11 ហើយមានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ
ចូរកោតសរសើរព្រះអម្ចាស់
ត្រូវឲ្យប្រជារាស្ដ្រផងទាំងពួង
ច្រៀងសរសើរព្រះអង្គ»។
12 ព្យាការីអេសាយក៏មានប្រសាសន៍ថាៈ
«ពូជរបស់លោកយេសាយនឹងមកដល់
ព្រះអង្គនឹងក្រោកឡើង
ដើម្បីដឹកនាំជាតិសាសន៍នានា
ហើយជាតិសាសន៍ទាំងនោះ
នឹងសង្ឃឹមលើព្រះអង្គ»។
13 សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
សកម្មភាព និងគម្រោងការរបស់លោកប៉ូល
14 បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។ 15 ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ 16 ឲ្យបម្រើព្រះគ្រីស្ដយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ 17 ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ 18 ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលព្រះគ្រីស្ដបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ 19 ព្រះអង្គសម្ដែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្ដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីល្លីរី។ 20 ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ 21 គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ
«អស់អ្នកដែលមិនទាន់បានទទួលដំណឹង
អំពីព្រះអង្គ មុខជាឃើញ
ហើយអស់អ្នកដែលមិនទាន់បានឮ
មុខជាបានយល់»។
គម្រោងការរបស់លោកប៉ូលធ្វើដំណើរទៅក្រុងរ៉ូម
22 ការនេះហើយ ដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ 23 ប៉ុន្តែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង 24 នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។ 25 ប៉ុន្តែ ពេលនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ* 26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ 27 បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ 28 ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ 29 ខ្ញុំដឹងថា ពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រីស្ដមកជាមួយផង។
30 បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំ ដោយទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំផង 31 ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះ ដោយអំណរ។ 32 ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូនទាំងសប្បាយចិត្ត ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ 33 សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត គង់ជាមួយបងប្អូនទាំងអស់គ្នា! អាម៉ែន!។