ជំពូក ១៤
គ្រីស្ដបរិស័ទត្រូវយល់អធ្យាស្រ័យគ្នា
1 ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2 បើមាននរណាម្នាក់ជឿថា ខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3 មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ 4 តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្តី ដួលក្តី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
5 មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ 6 ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ 7 ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ 8 ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច 9 ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ 10 រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ 11 ដ្បិតមានចែងទុកមកថាៈ
ព្រះអម្ចាស់មានព្រះបន្ទូលថា
ពិតដូចយើងមានជីវិតរស់យ៉ាងណា
មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង
ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់
យ៉ាងនោះដែរ។
12 ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
កុំធ្វើឲ្យបងប្អូនបាត់បង់ជំនឿឡើយ
13 ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ 14 ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ 15 ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្ត ព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់គេហើយ។ 16 អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ 17 ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 18 អ្នកណាបម្រើព្រះគ្រីស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ 19 ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ 20 មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិត អ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្តែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ត បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។ 21 ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្តបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ 22 អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! 23 ផ្ទុយទៅវិញ អ្នកណាមានចិត្តសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះមិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។