ជំពូក ៥

សន្តិ‌ភាព​ជា​មួយ​ព្រះ‌ជាម្ចាស់

1 ដូច្នេះ ដោយ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះ‌អង្គ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​អម្ចាស់​នៃ​យើង​ដែរ។ 2 ដោយ​សារ​តែ​ព្រះ‌គ្រីស្ដ និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ 3 មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់ 4 ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ 5 សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​យើង។ 6 កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ 7 កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ! 8 រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ 9 ឥឡូវ​នេះ បើ​ព្រះ‌ជាម្ចាស់ប្រោស​យើង​ឲ្យ​សុចរិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រីស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។ 10 បើ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។ 11 មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជាម្ចាស់​វិញ​នៅ​ពេល​នេះ។

លោក​អដាំ និង​ព្រះ‌គ្រីស្ដ

12 តាម‌រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព‌លោក ហើយ​តាម‌រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។ 13 មុន​ពេល​មានគម្ពីរ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​គម្ពីរ‌វិន័យ​នៅ​ឡើយ។ 14 ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំមក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រីស្ដដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។ 15 ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទូទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម‌រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​យ៉ាង​នោះ​ដែរ។ 16 រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះ‌អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ 17 ព្រោះ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយ​សារ​តែ​មនុស្ស​ម្នាក់​នេះ មច្ចុរាជ​បាន​សោយ‌រាជ្យ ចំណង់​បើ​តាម​រយៈ​ព្រះ​យេស៊ូ‌គ្រីស្ដ​តែ​មួយ​ព្រះ‌អង្គ​វិញ អស់​អ្នក​ដែល​បាន​ទទួល​ការ​ប្រណី​សន្ដោស​ដ៏​បរិបូណ៍​លើស​លប់ ព្រម​ទាំង​បាន​សុចរិត​ដោយ‌សារ​ព្រះ‌អំណោយ​ទាន នឹង​រឹត​តែ​បាន​សោយ‌រាជ្យនៅ​ក្នុង​ជីវិត​​ថែម​ទៀត​ជា​ពុំ​ខាន។
18 សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ 19 ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​បាន​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។
20 ព្រះ‌ជាម្ចាស់​ប្រទាន​គម្ពីរ‌វិន័យ​មក ដើម្បី​ឲ្យ​កំហុស​ចេញ​មុខ​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន នៅ​ទី​នោះ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ក៏​រឹត​តែ​មាន​ច្រើន​លើស‌លប់​ថែម​ទៀត។ 21 បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់​កល្ប‌ជានិច្ច តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង។