ជំពូក ១០
1 បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ 2 ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។ 3 ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ 4 ព្រះគ្រីស្ដជាគោលដៅរបស់វិន័យ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
5 លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីវិន័យ*ថាៈ «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងវិន័យ អ្នកនោះនឹងមានជីវិតដោយសារវិន័យ»។ 6 ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រីស្ដចុះមក 7«តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រីស្ដឡើងពីចំណោមមនុស្សស្លាប់មក 8 តើក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ 9 ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន 10 ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿ នោះយើងនឹងទទួលការសង្គ្រោះ 11 ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។ 12 ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ 13 ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
14 ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? 15 ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!»។
16 ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»។
17 ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ដ។ 18 ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!។
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ
រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19 ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន
នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង
នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។
20 រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
21 ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។