ជំពូក ៩

ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​សាសន៍​អ៊ីស្រា‌អែល

1 ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បំភ្លឺ​ថា 2 ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជា‌និច្ច​ផង 3 ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រីស្ដ ព្រោះ​តែ​បង‌ប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់ 4 គឺ​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌ជាម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ពួក​គេ​មាន​សិរី‌រុង​រឿង មាន​សម្ពន្ធ‌មេត្រី*​នានា មាន​គម្ពីរ‌វិន័យ* ស្គាល់​របៀប​គោរព​បម្រើ​ព្រះ‌អង្គ ទទួល​ព្រះ‌បន្ទូល​សន្យា​ផ្សេងៗ 5 មាន​បុព្វបុរស ហើយ​ព្រះ‌គ្រីស្ដ​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះ‌អង្គ​ជា​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច អាម៉ែន!។

6 ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជ‌ពង្ស​លោក​អ៊ីស្រា‌អែល​ មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ 7 ហើយ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ក៏​មិន​មែន​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ថ្លែង​ទុក​មក​ថា «មាន​តែ​កូន​ចៅ​អ៊ីសាក​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថាជា​ពូជ‌ពង្ស​របស់​អ្នក» 8 ពោល​គឺ​មិន​មែន​កូន​ចៅ​ដែល​កើត​មក​តាម​សាច់​ឈាម​ធម្មតា​នោះ​ទេ ដែល​ត្រូវ​រាប់​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់ មាន​តែ​កូន​ចៅ​ដែល​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ប៉ុណ្ណោះ ទើប​រាប់​ជា​ពូជ‌ពង្ស​បាន 9 ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»

10 មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបេកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។ 11 ព្រះ‌ជាម្ចាស់​មាន​គម្រោង‌ការ​ជ្រើស‌រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស‌រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ 12 ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបេកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»​ 13 ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ»​។
14 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​ព្រះ‌ជាម្ចាស់​អយុត្ដិ‌ធម៌​ឬ? ទេ​មិន​មែន​ទេ! 15 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថាៈ «យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត‌អាសូរ​នរណា​ដែល​យើង​អាណិត‌អាសូរ​ដែរ»។ 16 ដូច្នេះ មិន​មែន​ស្រេច​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តែ​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​នោះ​វិញ 17 ដ្បិត​ក្នុង​គម្ពីរ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​យើង​តាម‌រយៈ​អ្នកនិង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល»។ 18 ដូច្នេះ ព្រះ‌អង្គ​មេត្តា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​នរណា​ទៅ​ជា​រឹង‌រូស​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែរ។

ព្រះ‌ពិរោធ និង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ

19 អ្នក​ប្រហែល​ជា​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះ‌ជាម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ?»។ 20 ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជាម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?​។ 21 ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។
22 រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្ដែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ស៊ូ‌ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។ 23 ព្រះ‌អង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុង​រឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុង​រឿង 24 ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង 25 ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថាៈ
«អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់
យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍
ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង
26 ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ
អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា
ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!”
ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​ប្រហែល​ជា
របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់»​។
27 រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រា‌អែល​ថាៈ
ទោះ​បី​សាសន៍​អ៊ីស្រា‌អែល​បាន​កើន​ចំនួន​ច្រើន
ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ
មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ
ដែល​នឹង​ទទួល​ការ​សង្គ្រោះ
28 ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​គ្រប់​ប្រការ​ទាំង​អស់
យ៉ាង​ឆាប់ៗ​នៅ​ផែន‌ដី​នេះ
29 មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថាៈ
ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន
ឲ្យ​នៅ​សល់​ទេ
នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម
ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង
កូម៉ូរ៉ា​ដែរ​។

អ៊ីស្រា‌អែល និង​ដំណឹង‌ល្អ

30 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។ 31 រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​ខំ​ប្រឹង​ធ្វើ​តាម​វិន័យ* ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​វិន័យ​នោះ​ឡើយ។ 32 ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់» 33 ដូច​មាន​ចែង​ទុក​មក​ថាៈ
យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន
ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល
ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ
អ្នក​ណា​ជឿ​លើ​ថ្ម​នេះ
អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ​។