ជំពូក ៦

ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​នាំ​ឲ្យ​អ្នក​ជឿ​រួច​ពី​ចំណង​អំពើ​បាប

1 ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​រឹត​តែ​បរិបូណ៌​ឬ​យ៉ាង​ណា? 2 ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប​​ហើយ តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត! 3 តើ​បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជរួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។ 4 ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូររួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រីស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង​រឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ 5 ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ។ 6 យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត 7 ដ្បិត​អ្នក​ដែល​ស្លាប់មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។ 8 ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ដ យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ 9 ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ 10 ដ្បិត​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជាម្ចាស់។ 11 រីឯ​បង‌ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថាខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បង‌ប្អូន​មាន​ជីវិត​រស់សម្រាប់​ព្រះ‌ជាម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ។
12 ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង‌ប្អូន​ដែល​តែង‌តែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ 13 ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូនឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន​ទៅ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។ 14 បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង‌ប្អូន​ទៀត​ហើយ ព្រោះ​បង‌ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​វិញ។

គ្រីស្ដ‌បរិស័ទ​ជា​អ្នក​បម្រើ​របស់​សេចក្ដី​សុចរិត

15 បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​វិន័យ* គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ! 16 បង‌ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង‌ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង‌ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង‌ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង‌ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង‌ប្អូន​ស្លាប់ ឬ​មួយ​បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​នាំ​ឲ្យ​បង‌ប្អូន​សុចរិត​។ 17 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់! ពី​ដើម បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង‌ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង‌ប្អូន​បាន​ទទួល 18 បង‌ប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។ 19 ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង‌ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង‌ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង‌ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។
20 កាល​បង‌ប្អូន​នៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប​នៅ​ឡើយ បង‌ប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។ 21 កាល​ណោះ​បង‌ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ច‌ការ​ដែល​នាំ​ឲ្យ​បង‌ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ច‌ការ​ដែល​បណ្ដាល​ឲ្យ​បង‌ប្អូន​ស្លាប់! 22 ប៉ុន្ដែ​ឥឡូវ​នេះ បង‌ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​ព្រះ‌ជាម្ចាស់​វិញ។ បង‌ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​វិសុទ្ធ* ដើម្បី​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច 23 ដ្បិត​លទ្ធ‌ផល​​នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​វិញ គឺ​ជីវិត​អស់​កល្ប‌ជានិច្ចរួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។