ជំពូក ៣
1 ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ? 2 សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។ 3 បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? 4 មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ
«ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត
ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ
ហើយព្រះអង្គនឹងមានជ័យជម្នះ
នៅពេលគេកាត់ក្តីព្រះអង្គ»។
5 ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះជាម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។ 6 មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើឲ្យព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?។
7 មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈរបស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? 8 បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!។
គ្មានមនុស្សណាម្នាក់សុចរិតទេ
9 បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្តី សាសន៍ក្រិកក្តី សុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា 10 ដូចមានចែងទុកមកថា៖
«គ្មានមនុស្សណាសុចរិតឡើយ
សូម្បីតែម្នាក់ក៏គ្មានផង
11គ្មាននរណាម្នាក់ដឹងខុសត្រូវ
គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
12 មនុស្សគ្រប់ៗរូបបានវង្វេង
ចេញឆ្ងាយពីព្រះជាម្ចាស់
ហើយវិនាសបាត់បង់ជាមួយគ្នា
គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ
សូម្បីតែម្នាក់ក៏គ្មានផង»។
13 «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច
នៅបើកចំហ
អណ្ដាតរបស់គេគ្រលាស់តែពាក្យ
បោកបញ្ឆោត
មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
14 «មាត់របស់គេពោរពេញទៅដោយពាក្យ
អពមង្គល និងពាក្យជូរចត់»។
15 «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
16 គេទៅកន្លែងណា
កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។
17 គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»។
18 «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់
សោះឡើយ»។
19 យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងគម្ពីរវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ 20 ដូច្នេះ គ្មានមនុស្សណាសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមវិន័យទេ ព្រោះវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ព្រះជាម្ចាស់ប្រោសឲ្យមនុស្សសុចរិត ដោយសារជំនឿលើព្រះយេស៊ូគ្រីស្ដ
21 ឥឡូវនេះ ព្រះជាម្ចាស់សម្ដែងឲ្យយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺព្រះអង្គមិនគិតពីវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ 22 ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រីស្ដឲ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ 23 គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ 24 តែព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតពីបុណ្យដែលគេសន្សំនោះទេ គឺព្រះអង្គប្រោសឲ្យគេសុចរិត តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្តលោះគេ។ 25 ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប 26 ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្ដែងថាព្រះអង្គសុចរិត ហើយព្រះអង្គប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យសុចរិតផងដែរ។
27 ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ 28 ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យនោះឡើយ។ 29 បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។ 30 មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យសុចរិត ដោយគេមានជំនឿដែរ។ 31 ដូច្នេះ តើមានន័យថា យើងយកជំនឿមកលុបបំបាត់ចោលឬតម្លៃវិន័យ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យវិន័យរឹតតែមានតម្លៃថែមទៀត។