​កសិកម្មនៃ​​ព្រះសហគមន៍​ព្រៃកប្បាសជួយ​​ប្រកាស​ដំណឹងល្អ​

The agriculture sector of the Saint Theresa of the Child Jesus Church Prey Kabbas community engages in the preparation of rice fields by the staff. (Photo supplied)

ប្រជាជន​ក្នុងភូមិឈើទាល បាន​ស្គាល់​​​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារ​យេស៊ូ​របស់​ព្រះសហគមន៍​ព្រៃកប្បាស តាម​រយៈ​កសិកម្ម​ដែល​ព្រះសហគមន៍​បាន​បង្កើត​ឡើង។ គម្រោង​កសិកម្ម​នេះ ​បាន​ជួយ​ដល់​កិច្ច​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ភូមិបាន​មួយ​ចំណែក​។ 

​លោកបូជាចារ្យ​ ចន​ ពេញ ជា​​បូជាចារ្យ​ទទួល​ខុសត្រូវ​ ព្រះ​វិហារ​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស បាន​ឱ្យដឹង​បន្ត​ថា វិស័យកសិកម្មនេះ​​ជា​ចំណែក​មួយ​ដើម្បី​ជួយ​ឱ្យ​ព្រះសហគមន៍​មាន​ទំនាក់​ទំនង​ជាមួយ​បងប្អូន​​បងប្អូន​ក្រី​ក្រ ស្រ្តី​មាន​ផ្ទៃពោះ ​និង​ចាស់​ជរា តាមរយៈការលក់និង​ការចែករំលែក​​ត្រី​ បន្លែ និង​ ផ្លែឈើដូចជា​ស្វាយនិង​ដូង។

ជាមួយគ្នានេះ​ដែរ​ កិច្ច​ការនេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ និង​បុគ្គលិក​ព្រះសហគមន៍​​ ​ប្រែចិត្ត​គំនិត​​មក​ឈ្វេងយល់​ជំនឿ​និង​បានទទួលជំហានទីមួយ​កាលពី​ខែមុន។​ នេះ​បើ​តាម​លោក​បូជាចារ្យ​ចន។​​

លោក​កឹម ដារ៉ូ ដែលទើប​តែទទួលពិធីជំហានទីមួយ​​ បាន​ឱ្យ​ដឹង​ថា ដោយ​សារគម្រោង​កសិកម្ម​របស់​ព្រះសហគមន៍​ បាន​ជួយ​​ឱ្យលោក​​មាន​ភាព​ជិតស្និទ្ធជាមួយ​ព្រះសហគមន៍ និង​ចាប់​អារម្មណ៍​មក​អប់រំជំនឿ។

ដារ៉ូ​បន្ថែម​ថា «មាន​យាយៗតាៗខ្លះទៀត​ក៏បាន​ស្គាល់​ព្រះសហគមន៍​តាមរយៈ​កសិកម្មនេះ​ដូច​ខ្ញុំ​ដែរ ដោយ​សារ​ពួកយើង​បានជួយចែក​ជាស្ពៃ ជាត្រីដល់ពួកគាត់​និង​ក្រោយមក​ពួកគាត់​បាន​មកព្រះវិហារ​បានស្គាល់​លោកឪពុក និង​បាន​ចូល​អប់រំជំនឿដូចខ្ញុំដែរ»។

​គម្រោង​កសិកម្មរបស់​ព្រះសគមន៍បាន​បង្កើត​ឡើង​កាលពីឆ្នាំ​២០១៩ លើផ្ទៃដី​៤ហិចតា ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ហើយវា​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​អ្នក​ក្រីក្រ​ក្នុងភូមិ​និង​ប្រកាសដំណឹង​ល្អ​នោះទេ ថែម​ទាំង​អាច​រក​ប្រាក់​ចំណូល​បាន​បន្តិច​បន្តួច​ដើម្បី​ជួយ​ដល់​ការ​ចំណាយ​របស់​ព្រះសហគមន៍​នេះ​ផងដែរ។

«បច្ចុប្បន្ន​យើង​មាន​​​ស្រែ មាន​សួន​បន្លែ កសិដ្ឋាន​ចិញ្ចឹមគោនិង​ត្រី ព្រម​ទាំង​មាន​ដំណាំដូង​ ដែល​សុទ្ធ​តែ​បាន​ផ្ដល់​ប្រាក់​ចំណូល​​ដល់​ព្រះសហគមន៍។» លោក​បូជាចារ្យ​​ ចនបញ្ជាក់។

ដូចគ្នា​នេះ​ដែរ លោកឡុច ​តុង​ណៃ ជា​ប្រធាន​​ផ្នែក​កសិកម្ម​នេះ ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដោយ​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ឡើង​ៗ ​ព្រះសហគមន៍​នឹង​មាន​គម្រោង​ពង្រីក​បន្ថែម​ខាង​ផ្នែក​កសិដ្ឋាន រីឯបន្លែសរីរាង្គ​ដែល​យើង​ដាំ​ក្នុង​ទឹក​ ឥលូវនេះ​យើង​ពិបាក​រក​ទី​ផ្សារបន្តិច។​

ទោះជាយ៉ាងណាក៏​ដោយ​​ សួន​បន្លែ​លើទឹក​នេះ​នៅ​តែ​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ព្រះសហគមន៍​ដោយ​អាច​ផ្ដល់​ផល​​លក់​ចេញ​បាន​ចាប់​ពី​ ៣៥០គីឡូ​ទៅ​៤០០គីឡូក្នុង​មួយ​ខែ។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​តុង​ណៃ។​

លោកឡុច ​​តុងណៃឱ្យ​ដឹងទៀត​​ថា​ វិស័យ​កសិកម្ម​នៅក្នុង​ព្រះសហគមន៍​ព្រៃ​កប្បាស បាន​ជួយ​ឱ្យ​លោក​មាន​ចំណេះ​ដឹង​បន្ថែម​លើ​ការ​ដាំដុះ​ ចិញ្ចឹម​ត្រី​និង​សត្វ​ផ្សេងៗ លើស​ពី​នេះទៅទៀត​ក៏​អាច​ផ្តល់​​​ការងារ​មួយ​ដល់​ពួកគាត់​ដើម្បី​ផ្គត់​ផ្គង់​ជីវិតគ្រួសារ។

ក្រៅ​ពី​វិស័យ​កសិកម្មនេះ ព្រះសហគមន៍​ព្រៃកប្បាស​ក៏​មានផ្ទះ​​ទទួល​ស្វាគមន៍ភ្ញៀវ​សម្រាប់​គ្រីស្ត​បរិស័ទ​ដែល​ចង់​រក​កន្លែង​អធិដ្ឋាន​និង​ស្ងៀមស្ងាត់​សំណាក់ធម៌​ផងដែរ។

ព្រះសហគមន៍​ព្រៃកប្បាសបាន​ចាប់​ផ្ដើម​ឡើង​​ក្នុង​ឆ្នាំ​២០១០​ដោយ​មាន​គ្រីស្ត​បរិស័ទ​ម្នាក់ ហើយ​ជាង​១០​មក​នេះ មាន​​​គ្រីស្ត​បរិស័ទ​សរុប​ចំនួន​៦៧​នាក់ ដែល​បាន​ជ្រមុជទឹក​ជាបន្ត​បន្ទាប់៕

ដោយ សួន ស្រីហួច​ ដាលីស​

Facebook
Twitter
LinkedIn