អត្ថបទ ព្រះគម្ពីរ ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣

person holding a bible

បុណ្យរម្លឹក
សន្តបូនីហ្វាស ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី

​លោកជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ វិលព្រិឌ (៦៧៣-៧៥៤)។ លោកបួសខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកទៅនាំដំណឹងល្អដល់ប្រទេសអាល្លឺម៉ង់ ដោយដើរពាសពេញស្រុកនោះ ទាំងបង្កើតអារាមជាច្រើន។ លោកឧស្សាហ៍ទាក់ទងជាមួយសម្តេចប៉ាប ដែលតែងតាំងលោកឱ្យធ្វើជាអភិបាលព្រះសហគមន៍ និងដាក់ឈ្មោះលោកថា “បូនីហ្វាស” គឺអ្នកប្រព្រឹត្តអំពើល្អ។​ ជនពាលប្រហារ​ជីវិតលោកនៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ក្នុងជន្មាយុប៉ែតសិបឆ្នាំ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ១,១.២ ២,១-៩

មានបុរសម្នាក់ឈ្មោះតូប៊ីត ជាប់កុលសម្ពន្ធណែបថាលី។ ក្នុងរជ្ជកាលព្រះចៅ​សាលម៉ាណាសារ ជាព្រះមហាក្សត្រស្រុកអាស្ស៊ីរី ខ្មាំងសត្រូវបានកៀរលោកទៅខាងជើងស្រុកកាលីឡេ។ នៅរយៈពេលលោកជាប់ជាឈ្លើយនោះ លោកមិនដែលឃ្លាតចាកពីមាគ៌ានៃសេចក្តីពិតទេ។ មានថ្ងៃមួយ ជាថ្ងៃបុណ្យគោរពថ្វាយបង្គំព្រះអម្ចាស់ គេបានរៀបចំពិធីជប់លៀងមួយនៅផ្ទះលោកតូប៊ីត។ ពេលនោះ លោកនិយាយទៅកូនថា៖ «ចូរទៅរកមនុស្សខ្លះក្នុងកុលសម្ព័ន្ធរបស់យើង ដែលមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ អញ្ជើញគេឱ្យ​មកជប់លៀងជាមួយយើង!»។ តូប៊ីយ៉ាជាកូនក៏ចេញទៅ តែត្រឡប់មកវិញភ្លាមទាំងជូនដំណឹងឪពុកថា៖ «លោកឪពុក! មានគេច្របាច់កជនជាតិអ៊ីស្រាអែលម្នាក់ ទុក​សពចោលនៅតាមផ្លូវ»។ លោកតូប៊ីតស្ទុះក្រោកឡើង ចោលចំណីអាហារដែលមិនទាន់​ទាំងចាប់ផ្តើមបរិភោគផង។ លោកប្រញាប់ប្រញាល់ទៅយកសពមកលាក់ក្នុងផ្ទះ ចាំ​ដល់ថ្ងៃលិចទើបលួចយកទៅកប់។ កាលលោកបានលាក់សពរួចហើយ លោកងូតទឹក រួចបរិភោគអាហារទាំងព្រួយចិត្ត ទាំងនឹកដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលថ្លែង​ដោយសារព្យាការីអម៉ូសថា៖ “ថ្ងៃបុណ្យរបស់អ្នករាល់គ្នានឹងក្លាយទៅជាថ្ងៃកាន់ទុក្ខ ហើយបទចម្រៀងរបស់អ្នករាល់គ្នាក៏ក្លាយទៅជាបទទំនួញវិញដែរ”។ លុះដល់ថ្ងៃលិច លោកចេញទៅជីករណ្តៅកប់សពនោះ។ ញាតិសន្តានតែងតែរិះគន់គាត់ថា៖ «នែ៎! សេ្តចបានកាត់ទោសប្រហារជីវិតលោកម្តងទៅហើយ ព្រោះតែរឿងកប់សាកសព ហើយលោកទើបតែរួចខ្លួន! ឥឡូវនេះ ម្តេចក៏លោកហ៊ានកប់សាកសពគេទៀត? ប៉ុន្តែ លោកតូប៊ីតគោរពកោតខ្លាចព្រះជាម្ចាស់ជាងខ្លាចស្តេចទៅទៀត លោកនៅតែយកសាកសពជនជាតិអ៊ីស្រាអែលដែលត្រូវគេប្រហារជីវិតទៅលាក់ក្នុងផ្ទះ រួចយកទៅកប់នៅពេលយប់ដដែល។

ទំនុកតម្កើងលេខ ១១២ (១១១),១-៦ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះមនុស្សដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វមនុស្សប្រុសស្រី
មនុស្សណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
មនុស្សគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ២,៤

អាលេលូយ៉ា! អាលេលូយ៉ា!
សូមបងប្អូនចូលមកជិតព្រះគ្រីស្តជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១-១២

​នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អស់លោកនាយកបូជាចារ្យជា​ប្រស្នាថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ។ គាត់ធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់​ឱ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឱ្យមកទទួល​ផលដែលជាចំណែក​របស់គាត់ពីពួកអ្នកថែចម្ការ។ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្តេញ​ឱ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់​ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឱ្យមក ប៉ុន្តែ ពួក​អ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ព្រមទាំងជេរស្តីទៀតផង។ ម្ចាស់ចម្ការ​ចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឱ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ក៏ចាត់បុត្រ​នោះឱ្យមកក្រោយគេបង្អស់ ដោយនឹកគិតថា៖ «គេមុខជានឹងគោរពកោតខ្លាចកូន​ប្រុសអញមិនខាន»។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា៖ «អ្នកនេះជា​អ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ទៀត រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្តេច?។ គាត់មុខ​ជាមកសម្លាប់អ្នកថែរក្សាច​ម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅ​ឱ្យអ្នកផ្សេងទៀត។ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរដែលមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់​បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញ ហើយស្ងើចសរសើរផង”។ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅ​លើពួកគេ។ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្តាជន។ ដូច្នេះ ​គេក៏ចាកចេញពីព្រះយេស៊ូទៅ។

Facebook
Twitter
LinkedIn