អត្ថបទ ព្រះគម្ពីរ ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣

bible blur christ christianity

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១២,២៤-១៣,៥

មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿតែងកើនឡើងជាលំដាប់។ រីឯលោក​បារ​ណា​​បាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួននៅក្រុងយេរូសាឡឹមចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ ដោយយកលោកយ៉ូហាន ហៅ​ម៉ាកុសទៅជាមួយផង។ ក្នុងព្រះសហគមន៍នៅក្រុងអន់ទីយ៉ូក មានព្យាការី និងគ្រូបាធ្យាយ គឺមានលោកបារណា​បាស លោកស៊ីម៉ូន ហៅ​​ខ្មៅ លោកលូស្យុសជាអ្នកស្រុកគីរេន លោកម៉ាណាអេនដែលត្រូវគេចិញ្ចឹម​ជាមួយ​ព្រះបាទ​ហេរ៉ូដជាស្តេច​អនុរា​ជកាល​នៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នក​ទាំង​នោះកំពុង​តែធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះអម្ចាស់​ និងតមអាហារ ព្រះ​វិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូល ចេញដោយឡែកសម្រាប់យើង ដ្បិតយើង​បានហៅ​អ្នកទាំង​ពីរមកឱ្យបំពេញកិច្ចការដែលយើងនឹងដាក់ឱ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិដ្ឋានរួចហើយ គេដាក់ដៃលើលោកទាំងពីរហើយឱ្យចេញទៅ។ លោក​បារណា​បាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានចាត់ឱ្យទៅនោះ ធ្វើដំណើរទៅដល់ក្រុងសេលើស៊ី ហើយ​ចុះសំពៅទៅកោះគីប្រុស។ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរប្រ​កាសព្រះបន្ទូល​ព្រះជាម្ចាស់​នៅក្នុងធម្ម​សាលារបស់ជនជាតិយូដា ដោយមានលោកយ៉ូហានជួយផង។

ទំនុកតម្កើងលេខ ៦៧ (៦៦), ២-៣.៥.៦.៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សនៅលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអសស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺ ដែលបំភ្លឺមនុស្សលោក! អ្នកណាទៅ​តាម​ព្រះ​អង្គ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,៤៤-៥០

ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ អ្នកនោះមិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿ​លើ​​ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកដែរ។ ខ្ញុំ​ជា​ពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះដើម្បីកុំឱ្យអស់អ្នកដែលជឿលើខ្ញុំស្ថិតក្នុងសេចក្តីងងឹត។ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំ​មក​សង្គ្រោះមនុស្សលោកវិញ។ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះ​មានចៅក្រមកាត់​ទោស​រួច​ស្រេ​ចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយ នឹងកាត់ទោសគេនៅថ្ងៃចុងក្រោយបង្អស់។ ពាក្យដែលខ្ញុំបាននិយាយ​នេះ មិនមែន​ចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកទ្រង់បានបង្គាប់ខ្ញុំនូវ​សេច​ក្តីដែលខ្ញុំត្រូវ​និយាយ​ និង​ថ្លែង។ ខ្ញុំដឹងថាអ្វីៗដែលទ្រង់បង្គាប់ សុទ្ធតែផ្តល់ជីវិត​អស់កល្បជានិច្ច។ សេចក្តីណា​ដែល​ខ្ញុំ​និយាយ ខ្ញុំនិយាយ​ដូច​ព្រះ​បិតាមានព្រះបន្ទូលមក​ខ្ញុំដែរ»។

Facebook
Twitter
LinkedIn