អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣

អត្ថបទទី៖ សូមថ្លែងព្រះគម្ពីរព្យាការីយូណា យណ ៣,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាថា៖ «ចូរក្រោកឡើង! ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់។ អ្នកត្រូវប្រកាសនូវសេចក្តីដែលយើងនឹងប្រាប់អ្នក ឱ្យអ្នកក្រុងនោះបានដឹង»។ លោកយ៉ូណាធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ចេញដំណើរទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេនោះ ជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ប្រសិនបើដើរកាត់ក្រុងនេះពីជាយម្ខាងទៅជាយម្ខាង ត្រូវចំណាយពេលអស់បីថ្ងៃទើបបាន។ ព្យការីយ៉ូណាបានដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ ​«សែ​សិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រី រហូតដល់​ប្រជាជនអ្នកតូចតាចតមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះមហាក្សត្រក្រុងនីនីវេជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះពីព្រះបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ ព្រះរាជាក៏ចេញព្រះរាជ្យបញ្ជាឱ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមព្រះរាជក្រឹត្យរបស់ព្រះ​មហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមទាំងមនុស្ស ទាំងសត្វតូចធំ មិនឱ្យបរិភោគឬផឹកអ្វីសោះឡើយ។ ទាំងមនុស្សទាំងសត្វត្រូវស្លៀកបាវកាន់ទុក្ខ ហើយត្រូវអង្វរព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោព្រះជាម្ចាស់នឹងប្រែព្រះហប្ញទ័យ ហើយលែងព្រះពិរោធ! ដូច្នេះ យើងមិនត្រូវអន្តរាយឡើយ»។ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្តនោះ គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារ​យាទអាក្រក់របស់ខ្លួនចោល។ ព្រះអង្គក៏ប្រែព្រះហប្ញទ័យ ហើយមិនដាក់ទោសពួកគេ ដូចព្រះអង្គបានប្រទានដំណឹងកាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញក្រុងគេចោលទេ។

ទំនុកតម្កើងលេខ ៥១(៥០), ៣-៤,១២-១៣,១៨-១៩ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំឱ្យស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
១២ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៨ព្រះអង្គមិនដែលសព្វព្រះទ័យឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេចក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩យញ្ញដែលព្រះអង្គសព្វព្រះទ័យឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែនិងចិត្តកែប្រែលែងក្អេងក្អាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យអ ២,១២-១៣

បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយសិរីរុងរឿងដោយព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើង។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ សូមអ្នករាល់គ្នាវិលត្រឡប់មករកយើងដោយស្មោះអស់ពីចិត្ត ដ្បិតយើងមានព្រះហប្ញទ័យស្រឡាញ់ និងសប្បុរស»។
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយសិរីរុងរឿងដោយព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើង។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២

នៅគ្រានោះ មហាជនជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់! គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាឡើយ។ លោកយ៉ូណាបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដីដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្តីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរ​លើសលោកយ៉ូណាសទៀត!»។

Facebook
Twitter
LinkedIn