លោកអភិបាល​លី ឲ្យ​បព្វ​ជិតា​ថ្មី​នាំ​វត្ត​មាន​ព្រះជាម្ចាស់​ដល់​អ្នក​ដទៃ

«ព្រះជាម្ចាស់​កែ​ច្នៃ​ជីវិត​របស់​យើង​ឲ្យ​ទៅជា​ជីវិត​មួយ​ដែលមាន​ប្រយោជន៍។» នេះ​ជាប្រសាសន៍​លើក​ឡើង​របស់​លោក​អភិបាល​សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ទៅកាន់​យុវតី​ពីររូប​ដែល​ក្លាយជា​បព្វ​ជិតា​​នាថ្ងៃទី​១៤​ខែ​កញ្ញា​នេះ។

«សូម​ឲ្យ​បងស្រី​ធ្វើ​ជា​ថូ​មួយដែលមាន​សោភ័ណ្ឌ​ភាព ​ដែល​មក​ពី​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់ ដែលណែនាំ​ឲ្យ​មនុស្ស​លោក​ដែល​ឃើញ​ជីវិត​របស់​យើង​ ឃើញ​អ្វីៗដែលយើង​ប្រព្រឹត្ត គេ​គិត​អំពី​អ្នកដែល​បាន​បង្កើត។​» លោក​អភិបាល​លី​បញ្ជាក់​។

លោក​អភិបាល​បាន​ពន្យល់ថា ដីឥដ្ឋ​មិន​សូវ​មាន​តម្លៃទេ ប៉ុន្តែ​នៅ​ពេល​ជាង​ស្មូន​បាន​រៀបចំ​ថូ​មួយ​ដ៏​ស្អាតចេញ​ពី​វា ថូនោះ​ទៅជា​របស់​មាន​តម្លៃ។

យុវនារី​ទាំង​ពីរ​រូប​ដែល​ថ្វាយពាក្យសច្ចា មាន​ក្លារ៉ា ​ដូត ស្រីឡៃ និង​ក្លារ៉ា​ ឃាន កញ្ញា ដែល​អ្នក​ទាំង​ពី​រមក​ពី​គ្រួសារ​ពុទ្ធ​បរិស័ទ​ នៅ​កោះរការក្រៅ ក្នុង​ខេត្ត​កំពង់ចាម។​ អ្នក​ទាំង​ពីរ​បាន​ចូល​សិក្សា​អប់រំ​ក្នុង​ក្រុម​គ្រួសារ​បព្វ​ជិតា អ្នកស្រឡាញ់ព្រះឈើឆ្កាង​​ នៅ​ក្នុងភូមិភាគ​កំពង់ចាម។​

ព្រះសហគមន៍​ភូមិភាគកំពង់ចាម គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៨ រួមមាន កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង ក្រចេះ​ ស្ទឹង​ត្រែង រតនគិរី និងមណ្ឌលគិរី។

លោកអភិបាល​ហង្សលី មាន​ប្រសាសន៍ទៀតថា​ ការឆ្លើយតបនឹងការត្រាស់ហៅគឺមានការលំបាកជាច្រើនដោយមានសន្យាចំនួន​បី​ គឺ​រស់នៅ​លីវ រស់​នៅ​បែប​ក្រីក្រ និង​ស្តាប់​បង្គាប់​ប្រធាន​ក្រុម​គ្រួសារអ្នក​បួស។

លោក​បាន​ពន្យល់ថា ពាក្យ​សច្ចានេះ ជា​សន្យាមួយដ៏លំបាកក្នុងសម័យ​ដែល​យើង​រស់នៅ​ក្នុង​សង្គម​ជឿន​លឿន ដែល​មនុស្ស​លោក​បច្ចុប្បន្នមាន​ការ​ប្រកួត​ប្រជែង​គ្នា គេ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ចង់​មានកិត្តិយស ចង់​មាន​គ្រួសារ​មួយ​ដ៏​ថ្កុំ​ថ្កើង​ក្នុង​សង្គម។

​​លោកអភិបាល​បន្ត​ថា ការ​ថ្វាយ​ខ្លួន​គឺ​ថ្វាយ​ទាំង​ភាព​ទន់​ខ្យោយ ហើយ​ក៏​ត្រូវការ​ការ​បន្ទាប​ខ្លួន​រស់នៅក្នុងជីវិតសាមញ្ញដូចព្រះយេស៊ូ។ ការ​បន្ទាបខ្លួន​នាំឲ្យ​អ្នក​ដទៃ​ចង់​ស្គាល់​ព្រះជាម្ចាស់​ផងដែរ ហើយ​ការ​បន្ទាប​ខ្លួន នាំ​ឲ្យព្រះជាម្ចាស់​លើក​យើង​ឡើង ដើម្បី​បំពេញ​បេសកកម្ម​ពិសេស​របស់​ព្រះអង្គ​​ដល់​មនុស្ស​លោក​ដែល​យើង​ជួប​ជា​រៀង​រាល់​ថ្ងៃ។

លោក​អភិបាល​ក៏​បាន​ជំរុញ​និង​លើក​ទឹកចិត្ត​ដល់​គ្រីស្ត​បរិស័ទដែល​មាន​វត្ត​មាន​ជាង​២០០នាក់​ក្នុងពិធី​ ឲ្យ​​​រស់នៅ​​ ដោយ​បង្ហាញ​​វត្ត​មាន​ព្រះជាម្ចាស់ ដើម្បី​ឲ្យគេ​​បាន​ឃើញ​ និង​ស្វែង​រក​ព្រះជាម្ចាស់ ឲ្យ​គេ​អាច​ទៅ​ចួប​ព្រះអង្គ​តាម​រយៈ​សកម្មភាព​របស់​គ្រីស្ត​បរិស័ទ​។

ពិធី​ថ្វាយពាក្យសច្ចា​ប្រណិធាន​លើក​ដំបូងនេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កំពង់ចាម​ក្រុង​ ស្ថិត​ក្នុងបុណ្យ​លើក​តម្កើង​ព្រះឈើឆ្កាង។ បេក្ខជន​ទាំង​ពីរ​បាន​លុត​ជង្គង់នៅ​មុខ​អាសនៈ​​ ទល់​មុខ​ប្រធាន​ក្រុម​គ្រួសារ​អ្នក​បួស ហើយ​បាន​សន្យា​ស្ម័គ្រ​ស្ដាប់​បង្គាប់​និង​ធ្វើ​តាម​ពេញមួយជីវិត។

ក្រុមគ្រួសារ​បព្វ​ជិតា​អ្នក​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ បង្កើត​ឡើង​ដោយ​​លោក​អភិបាល​សិលា ម៉ារី ឡាំប៊ែរ ដឺឡាមុត ជា​សាសនទូត​ជាតិ​បារាំង​ ​ក្នុង​ឆ្នាំ​១៦៧០ នៅ​តូគីន​ប្រទេស​វៀតណាម ហើយ​ក្រោយ​មក​នៅ​ក្នុងទឹកដី​កូសាំងស៊ីននិ​ង​តំបន់​អាស៊ីអាគ្នេយ៍មួយចំនួន​ទៀត។

បច្ចុប្បន្ន​ក្រុម​បព្វជិតានេះ មាន​សមាជិក​៨នាក់រួម​ទាំង​សមាជិក​ថ្មី​ដែលទើប​ថ្វាយពាក្យសច្ចាប្រណិធាន។

ដូនជី​អាង​ សង្វាត ជា​ប្រធាន​ក្រុម​គ្រួសារ​បព្វជិតា​អ្នកស្រឡាញ់​ឈើឆ្កាង​ព្រះយេស៊ូ​​នៅ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា​ ដូនជី​ថ្មីទាំងពី​ររូប ត្រូវ​រៀន​បន្ថែម​ទៀត គឺ​រៀន​អំពី​កិច្ចការបម្រើ​ព្រះសហគមន៍ រៀន​បម្រើ​អ្នក​ក្រីក្រ និង​រៀន​រស់នៅជាមួយ​បងស្រី​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​នេះ។

ដូនជី​ប្រធាន​បានសង្កត់​ធ្ងន់​ថា «ទាំងនេះ គឺជា​អ្វីដែល​ពួកគេ​ត្រូវ​រៀបចំ​ខ្លួន​ដោយ​ខ្លួន​ឯង។ អត់ដឹងថា ជីវិត​នៅ​ខាង​ក្រៅ​ជួប​បញ្ហាអី ជួប​ឧបសគ្គអី តែ​បងស្រី​សូម​លើក​ទឹក​ចិត្ត​គេ ឲ្យ​បន្ត​ជីវិ​តនេះ​ទៅ​មុខទៀត ប៉ុន្តែ​កត្តាសំខាន់​គឺ​លើ​សាមីខ្លួន​និង​ព្រះជាម្ចាស់។»

ក្រុម​គ្រួសារ​​បព្វជិតា​នេះ មាន​ទិសដៅ​សំខាន់​គឺ​ប្រកាសដំណឹល្អ​ដល់​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះជាម្ចាស់ តាមរយៈ​ការងារ​អប់រំទាំង​ជំនឿនិង​ចំណេះ​ដឹងទូទៅ​នៅ​ក្នុង​ព្រះសហគមន៍​ ការ​រស់នៅ​ជីវិត​ជា​អ្នកបួស និង​កិច្ច​​ការងារ​សហការ​ផ្សេងៗ​ជាមួយ​លោក​បូជាចារ្យ​តាម​តំបន់ដែល​សមាជិក​រស់នៅ។

ដូនជី​ក្លារ៉ា ឃាន កញ្ញា ដែល​ទើប​នឹង​ថ្វាយ​សច្ចា​ដំបូង បាន​ប្រាប់​ថា ដំណើរ​នៃ​ជីវិត​អ្នក​បួស​របស់​គាត់​ មាន​ឧបសគ្គ​ធំបំផុតមួយ ​គឺ​មើល​ថែរក្សា​យាយ​តាជរា។

​ប៉ុន្តែ​ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ជីវិត​​ជាអ្នកបួស​ ការ​អធិដ្ឋានផ្ទាល់​ខ្លួន និង​គ្រីស្ត​បរិស័ទ «នាំ​ឲ្យ​ខ្ញុំ​មាន​កំលាំង​អាច​បន្ត​ទៅមុខ​បាន។» ដូន​ជីដែល​ជា​កូន​កំព្រា​ឪពុកម្តាយតាំង​ពី​កុមារ​ភាព​​​រូប​នេះ​​បន្ថែម​ថា គាត់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បម្រើ​ព្រះជាម្ចាស់​ដោយ​សេចក្តីស្រឡាញ់ និង​អស់​ពី​សមត្ថភាព​។

រីឯ​ដូនជី​ក្លារ៉ា ដូត​ ស្រីឡៃ​​ ជា​ដូនជី​ថ្មីដែរនោះ បាន​ឲ្យ​ដឹងដែរថា ថ្ងៃនេះ គាត់​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង​ដែល​ក្តីស្រមៃ​ចង់​ក្លាយជាអ្នក​បម្រើ​ព្រះសហគមន៍​ក្នុងឋានៈជាអ្នកបួស​ ជា​អ្នកក្រីក្រ អ្នកស្តាប់​បង្គាប់​ និង​រស់នៅជា​ព្រហ្មចារី​ បាន​កើត​ជារូប​រាង។

ដូនជី​ស្រីឡៃ​បន្ថែម​ថា «ខ្ញុំ​នឹង​ត្រៀម​ខ្លួន ត្រៀម​ចិត្ត​ គំនិត ដើម្បី​ចូលរួម​បំពេញ​បេសកកម្ម​​របស់​​ព្រះយេស៊ូ​ ដើរ​តាម​គំរូ​របស់​ព្រះអង្គ​ គឺ​មាន​តែការ​លះបង់ និង​ការ​ថ្វាយ​ជីវិត​ទៅ​ព្រះអង្គ។»

អ្នកស្រី​អ៊ាង ម៉ាច អាយុ៥៨ឆ្នាំ ជាពុទ្ធ​បរិស័ទ និង​ជាម្តាយ​របស់​ដូនជី​ដូតស្រីឡៃ​ និយាយថា កាលពី​ដំបូង​ អ្នកស្រីក៏​ធ្លាប់​ឃាត់​កូនរបស់​គាត់​មិន​ឲ្យ​ចូល​បួស ប៉ុន្តែ​ដោយ​ចិត្ត​ស្រឡាញ់​របស់​កូន អ្នកស្រី​ក៏​យល់​ព្រម ព្រោះ​ដឹងថា ជីវិត​អ្នក​បួស​គឺ​ជាផ្លូវ​ល្អមួយ៕

កែវ កញ្ញា

Facebook
Twitter
LinkedIn