ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ

ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី បាន​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​ថ្នាក់អប់រំ​ជំនឿ នា​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​លោក​ឪពុក សិលា សួន ហង្សលី ជា​អធិបតី និង​មាន​បង​ស្រី គ្រូ​អប់រំ​ជំនឿ និង​កុមារ​និង​មនុស្ស​ពេញវ័យ​​ដែល​ទទួល​ការ​អប់រំ​ជំនឿ​ប្រហែល​ជាង​១០០​នាក់​បាន​ចូល​រួម។

ថ្លែង​ក្នុង​កម្មវិធី​នេះលោកបូជាចារ្យ​ សិលា សួន ហង្សលី ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី មាន​ប្រសាសន៍​​ថា ការ​អប់រំ​ជំនឿ​មិន​គ្រាន់​តែ​បង្រៀន គឺ​យើង​ចែក​រំលែក​បទ​ពិសោធ​នៃ​ជំនឿ​។ ហើយ​ការ​បិទ​​​វគ្គ​ នេះ​នឹង​បន្ត​បើក​ឡើង​វិញ​នៅ​ ខែ​តុលាខាង​មុខនេះ។

ជាទូទៅ​កម្មវិធី​អប់រំ​ជំនឿរបស់​ព្រះសហគមន៍កាតូលិក ធ្វើឡើង​ស្រប​តាម​ពេល​វេលា​សិក្សា​របស់​សាលា​រដ្ឋ។ ក្នុងឱកាស​នោះ លោក​បូជាចារ្យ​បាន​​​រំលឹក​​ដល់​សិស្ស​អប់រំ​ជំនឿ ឲ្យ​មក​ព្រះវិហារ​ដើម្បី​ចូលរួម​អភិបូជា​និង​ស្តាប់​ព្រះបន្ទូល។ លោក​ថា «កុំ​ភ្លេច​មក​ចូល​រួម​អភិបូជា ដើម្បី​ស្តាប់​ព្រះបន្ទូល និង​អធិដ្ឋាន​ជា​មួយ​គ្នា ហើយ​ក៏​ជា​ពេល​វេលា​ដើម្បី​មើល​ពី​ជំនឿ​ផ្ទាល់​ខ្លួន។»

កម្មវិធីបិទ​វគ្គសិក្សា​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​​ប្រធាន​បទ “ដំណើរ​ក្នុង​ជំនឿ​ជា​មួយ​គ្នា​ដូច​គ្រួសារ​តែ​មួយ”។ លោក​បូជាចារ្យ​បន្ថែមថា ​ក្នុងគ្រួសារ​យើងត្រូវ​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង ព្រោះ​បើ​ឥត​មាន​សេច​ក្តី​ស្រឡាញ់​យើង​ដើរ​ជា​មួយ​គ្នា​មិន​បាន​ទេ។

លោក​បន្តថា ឱ្យ​យើង​រៀន​រស់​នៅ​តាម​របៀប​ព្រះជាម្ចាស់ គឺ​លើស​ពី​ធម្មជាតិ​មាន​ន័យ​ថា យើង​ហ៊ាន​លះ​បង់​អ្វីៗ​ទាំង​អស់​សម្រាប់​អ្នក​ដទៃ។

យុវជន ស៊ិន វិចិត្រ ជា​យុវសិស្ស​វិទ្យាល័យ​ម្នាក់ និង​ជា​អ្នក​ដែល​បាន​មក​ទទួល​ការ​អប់រំ​ជំនឿ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី បាន​ប្រាប់​ថា​ គាត់​រីករាយ​ដែលបាន​ទទួល​ការ​អប់រំ​ជំនឿនៅទីនេះ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ។

វិចិត្រ​បន្តថាតាម​រយៈ​កម្មវិធី​អប់រំ​នេះ ធ្វើ​ឲ្យ​លោក​បាន​ស្គាល់​​អំពី​ជីវិត​របស់​ព្រះយេស៊ូ និង​ធ្វើ​ឱ្យគាត់​មាន​ជំនឿ​កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​លើ​ព្រះអង្គ តាម​រយៈ​ការ​លះ​បង់​ព្រះជន្មរបស់​ព្រះអង្គ​ដើម្បី​លាង​អំពើ​បាប​របស់​មនុស្ស​លោក។

វិចិត្រ បាន​បន្ត​ថា រយៈ​ពេល​នៃ​ការ​ឈប់​សម្រាក​២​ខែ​ខាង​មុខ​នេះ «ខ្ញុំ​នឹង​ពង្រឹង​ជំនឿ​ខ្លួន​ឯង​តាម​រយៈ​ការ​ខិត​ខំ​ចូល​រួម​អភិបូជា រក្សា​ជំនឿ​ផ្ទាល់​ខ្លួន និង​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​អ្នក​ក្រី​ក្រ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។»

ជាមួយគ្នានេះដែរ វិចិត្រ​បាន​ឲ្យដឹងថា គាត់​នឹង​​​បន្ត​ទទួល​ការ​អប់រំ​ជំនឿ​រហូត​​បាន​​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ខាង​មុខ។

ថ្នាក់​អប់រំ​ជំនឿ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី មាន​ចំនួន​១០​ក្រុម មាន​៥​ក្រុម​សម្រាប់​អប់រំ​ជំនឿ​កុមារ និង​៥​ក្រុម​ទៀត​សម្រាប់​អប់រំ​ជំនឿ​មនុស្ស​ពេញ​វ័យ។ តាម​ធម្មតា ក្នុង​មួយ​ឆ្នាំ​ដំណើរ​ការ​នៃ​ការ​អប់រំ​ជំនឿ​រយៈ​ពេល​១០​ខែ ដោយ​ចាប់​ផ្តើម​ចូល​រៀន​នៅ​ខែ​តុលានិង​បិទ​វគ្គ​នៅ​ខែ​សីហា ដែល​រៀន​​រយៈ​ពេល​១ម៉ោងជារៀង​រាល់​ថ្ងៃអាទិត្យ។ កម្មវិធី​នេះទទួល​ខុស​ត្រូវ​ដោយ​ដូនជី​ម៉ារី​នីឡា នៃក្រុម​បុត្រីព្រះនាងម៉ារីជាទីពឹងពំនាក់៕

ដោយង៉ែត សុធីរិទ្ធ

Facebook
Twitter
LinkedIn