ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង និងតែងតាំងជាគង្វាលដ៏ប្រសើរ ដែលប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងរបស់គង្វាលនេះ និងបម្រើអ្នកដទៃតាមគង្វាលនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,១៤.៤៣-៥២
លោកប៉ូល និងលោកបារណាបាសទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌី។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងធម្មសាលា។ លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរសន្ទនាជាមួយពួកគេ ហើយក្រើនរំឭកគេឱ្យនៅជាប់នឹងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជានិច្ច។
នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។ កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។ លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ “យើងបានតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងឱ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី”»។
កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យទទួលជីវិតអស់កល្បជានិច្ចក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុះសាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះឱ្យលើកគ្នាទៅបៀតបៀន លោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
លោកប៉ូល និងលោកបារណាបាសក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូញុម។ រីឯក្រុមសាវ័កនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងលេខ ១០០(៩៩), ១-៣.៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំបីរួញរា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះនាមា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរអ្នកដឹងថា | ព្រះម្ចាស់ពិតជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងយូរលង់ | ស្មោះស្ម័គ្រកន្លង | |
អស់កល្បតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ៧,៩.១៤-១៧
ខ្ញុំយ៉ូហាន ឃើញមហាជនដ៏ច្រើនកុះករគ្មាននរណាអាចរាប់ចំនួនបាន អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀមទាំងកាន់ធាងទន្សែនៅដៃផង។ លោកតាម្នាក់ប្រាប់ខ្ញុំថា៖ «អ្នកទាំងនេះសុទ្ធតែបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំង។ គេបានបោកអាវរបស់ខ្លួនឱ្យបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ ហេតុនេះហើយ បានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឱ្យជ្រកកោនក្នុងព្រះពន្លារបស់ព្រះអង្គ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ដ្បិតកូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមក៏ស្គាល់ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរជីវិតដើម្បីចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,២៧-៣០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំជាគង្វាលដ៏ល្អ។ ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឱ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឱ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្តព្រះបិតាបានឡើយ។ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! ជារៀងរាល់ឆ្នាំព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំនឹករឭកអំពីរបៀបព្រះគ្រីស្តសង្គ្រោះយើងខ្ញុំ!។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលជាគង្វាលដ៏សប្បុរស! ព្រះអង្គសង្គ្រោះយើងខ្ញុំដោយព្រះបុត្រាបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំជាព្រះសហគមន៍ព្រះអង្គ ឱ្យស្គាល់ធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង។