អង្គារ – ស – រដូវបុណ្យចម្លង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! តាំងពីដើមរៀងមក ព្រះអង្គចាត់គ្រីស្តទូតឱ្យទៅប្រកាសដំណឹងល្អ ស្តីអំពីព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីតៗរហូតមកដល់សព្វថ្ងៃ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកណែនាំយើងខ្ញុំ ក្នុងការប្រកាសដំណឹងល្អនេះផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២០,១៧-២៧
លោកប៉ូលធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម លោកដើរកាត់ស្រុកក្រិក និងស្នាក់នៅក្រុងមីលេត។ លោកចាត់គេពីក្រុងមីលេតនោះ ឱ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យនៃព្រះសហគមន៍នៅក្រុងអេភេសូមក។ លុះគេមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ខ្ញុំបានជម្រាប និងបង្រៀនបងប្អូនតាមទីសាធារណៈ និងតាមផ្ទះនូវសេចក្តីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូនឥតមានលាក់លៀមត្រង់ណាសោះឡើយ ខ្ញុំបានធ្វើសាក្សីឱ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិកកែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។ ឥឡូវនេះ ព្រះវិញ្ញាណទាក់ទាញចិត្តខ្ញុំឱ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំនៅក្រុងនោះឡើយ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ប៉ុន្តែ ខ្ញុំមិនខ្វល់អ្វីនឹងជីវិតរបស់ខ្ញុំទេ ឱ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឱ្យខ្ញុំធ្វើ គឺផ្តល់សក្ខីភាពអំពីដំណឹងល្អនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូន ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ហេតុនេះ បានជាខ្ញុំផ្តល់សក្ខីភាពឱ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ»។
ទំនុកតម្កើងលេខ ៦៨ (៦៧), ១០-១១.២០-២១ បទព្រហ្មគីតិ
| ១០ | បពិត្រព្រះអម្ចាស់ | ព្រះអង្គប្រោសយើងគ្មានភ័យ | |
| ភ្លៀងធ្លាក់ត្រជាក់ដី | រាស្រ្តក្រក្រីរស់ឡើងវិញ | ។ | |
| ១១ | ប្រជារាស្រ្តព្រះអង្គ | បានមកតាំងលំនៅពេញ | |
| ដោយទ្រង់បានបញ្ចេញ | ក្តីសប្បុរសដល់ទុគ៌ត | ។ | |
| ២០ | សូមសរសើរតម្កើង | ព្រះនៃយើងមិនកន្តើយ | |
| ដ្បិតមានតែទ្រង់ហើយ | ជួយគាំទ្រសង្គ្រោះយើង | ។ | |
| ២១ | ព្រះម្ចាស់ព្រះសង្គ្រោះ | យើងឱ្យរស់ទ្រង់មិនឆ្មើង | |
| ព្រះម្ចាស់អាចជួយយើង | ឱ្យរួចផុតពីមរណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦
អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ សូមទ្រងធ្វើជាសាក្សីក្នុងចិត្តរបស់យើងខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១-១១
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា! ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឱ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឱ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឱ្យបុត្រផ្តល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ រីឯជីវិតអស់កល្បជានិច្ចនោះ គឺឱ្យគេស្គាល់ព្រះអង្គដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គបានចាត់ឱ្យមក។ ទូលបង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាឱ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ឱព្រះបិតាអើយ! ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឱ្យមានសិរីរុងរឿងនៅក្បែរព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅក្បែរព្រះអង្គតាំងពីមុនកំណើតពិភពលោកមក។ ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គឱ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឱ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឱ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោកឡើយ គឺអង្វរឱ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះ ស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះយេស៊ូគង់នៅជាមួយព្រះអង្គ ហើយក៏គង់ជាមួយយើងខ្ញុំដែរ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏វិសុទ្ធ! ក្នុងអភិបូជានេះ ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ គឺព្រះអង្គបានប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំដែលរស់នៅក្នុងលោកនេះនៅឡើយ ឱ្យប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ ដោយចិត្តស្មោះផង។
រហម – សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា
នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់
សូមថ្លែងព្រះគម្ពីរម៉ាកាបាយទី២ ២មបា ៧,១-២.៩-១៤
មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឱ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឱ្យបរិភោគសាច់ជ្រូកដែលវិន័យហាមបរិភោគ។ កូនម្នាក់បានទូលស្តេចក្នុងនាមបងប្អូនទាំងប្រាំពីរនាក់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចង់ដឹងអ្វីពីទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំស៊ូស្លាប់ ប្រសើរជាងប្រព្រឹត្តល្មើសនឹងវិន័យរបស់ដូនតា»។ កាលជិតផុតដង្ហើម គាត់ទូលស្តេចថា៖ «ព្រះករុណាជាស្តេចពាល! ព្រះករុណាប្រហារជីវិតទូលបង្គំយើងខ្ញុំនៅពេលនេះ តែព្រះមហាក្សត្រនៃពិភពលោកនឹងប្រោសយើងឱ្យរស់ឡើងវិញ មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំយើងខ្ញុំស៊ូស្លាប់ដើម្បីគោរពវិន័យរបស់ព្រះអង្គ»។ បន្ទាប់មក គេយកកូនទីបីទៅធ្វើទារុណកម្មទៀត។ ពេលពេជ្ឈឃាដបញ្ជាឱ្យលៀនអណ្តាត គាត់ក៏ធ្វើតាមភ្លាម និងហុចដៃឱ្យគេកាត់ដោយមិនញញើត។ គាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំទទួលអវៈយវៈទាំងនេះពីព្រះអម្ចាស់មក ខ្ញុំសុខចិត្តលះបង់អវៈយវៈនេះ ដោយគោរពវិន័យព្រះអង្គ! ខ្ញុំសង្ឃឹមថា ព្រះអង្គមុខជាប្រទានអាវៈយវៈទាំងនេះឱ្យខ្ញុំវិញមិនខាន»។ ព្រះរាជា និងរាជបរិពារទាំងអស់ងឿងឆ្ងល់យ៉ាងខ្លាំង ដោយឃើញយុវបុរសនេះមានចិត្តក្លាហាន មិនខ្លាចឈឺចុកចាប់ដូច្នេះ។ កាលយុវបុរសនោះបាត់បង់ជីវិតទៅ គេក៏នាំកូនទីបួនមកធ្វើទារុណកម្មយ៉ាងឃោរឃៅដូចបងៗដែរ។ ពេលជិតផុតដង្ហើម យុវបុរសនោះប្រកាសថា៖ «ស៊ូស្លាប់ដោយដៃមនុស្ស ប្រសើរជាងរស់នៅតទៅទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យរស់ឡើងវិញ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ រីឯព្រះករុណាវិញមិនរស់ឡើងវិញទេ!»។
ទំនុកតម្កើងលេខ ១២៤(១២៣), ២-៥.៧-៨ បទពាក្យ ៧
| ២ | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
| ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ | |
| ៣ | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
| គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្តឡើយ | ។ | |
| ៤ | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
| ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ | |
| ៥ | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
| ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ។ | |
| ៧ | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
| គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ | |
| ៨ | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
| គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហា និងផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,២៤-២៦
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។





