សន្ដយ៉ូហានម៉ារីវិយ៉ាណេ ជាបូជាចារ្យ
លោកយ៉ូហានម៉ារីវិយ៉ាណែ (១៧៨៦-១៨៥៩) រៀនសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែតស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,៣១-៣៤
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងចងសម្ព័ន្ធមេត្រីថ្មីជាមួយកូនចៅអ៊ីស្រាអែល និងកូនចៅយូដា។ សម្ព័ន្ធមេត្រីថ្មីនេះមិនដូចសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុរសនោះនាំចេញពីស្រុកអេស៊ីបមកទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្តាច់សម្ព័ន្ធមេត្រីនោះដែរ។ រីឯសម្ព័ន្ធមេត្រីថ្មីដែលយើងនឹងចងជាមួយកូនចៅអ៊ីស្រាអែលនៅពេលខាងមុខមានដូចតទៅ៖ យើងនឹងដាក់វិន័យរបស់យើងនៅក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា“ត្រូវតែស្គាល់ព្រះអម្ចាស់”ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងអត់ឱនឱ្យគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។
ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧
១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ | |
១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ | |
១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ | |
១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៨១
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសង់ព្រះសហគមន៍របស់ព្រះអង្គលើជំនឿរបស់គ្រីស្តទូតសិលា។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-២៣
នៅគ្រានោះ ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖«តើមនុស្សទាំងឡាយថា បុត្រមនុស្សជានរណា?»។ គេទូលថា៖«អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត។ អ្នកខ្លះថា លោកជាព្យាការីអេលី។ អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី! ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ស៊ីម៉ូនកូនលោកយ៉ូណាស់អើយ! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនឱ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រីស្តឡើយ។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុមសាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម។ នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាកយ៉ាងខ្លាំងថែមទាំងធ្វើគុតព្រះអង្គទៀតផង តែនៅថ្ងៃទីបី ព្រះអង្គនឹងទទួលព្រះជន្មថ្មីដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖«បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកសិលាថា៖«នែ៎! មារសាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ! ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។