ព្រះសហគមន៍កាតូលិកកម្ពុជា គ្រោងនឹងបង្កើតគណៈកម្មារ សម្រាប់ទឹកដីមរណសាក្សីនៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាលនៃប្រទេសកម្ពុជា។
ក្នុងពិធីគោរពអ្នកបម្រើព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានស្នើសុំឲ្យលោកអភិបាលនៃភូមិភាគបាត់ដំបង និងកំពង់ចាម រួមគ្នាជាមួយលោក បង្កើតឲ្យមានកន្លែងពិសេសមួយលើទឹកដីតាំងគោក ជាបូជនីយដ្ឋានសម្រាប់ជំនឿ។
លោកបន្ថែមថា គឺដើម្បីឲ្យគ្រីស្តបរិស័ទនានាបានស្គាល់ប្រវត្តិសាស្ត្រ និងជំនឿនៃព្រះសហគមន៍កាតូលិកកម្ពុជា។
ព្រះសហគមន៍តាំងគោក ជាទីកន្លែងសម្រាប់ព្រះសហគមន៍កាតូលិកអន្តរភូមិភាគនៅកម្ពុជា ដែលតំបន់នេះ ជាកន្លែងប្រវត្តិសាស្ត្រមួយក្នុងសម័យប៉ុលពត ដោយមានលោកអភិបាលឆ្មារ សាឡាសនិងសហការីបានធ្លាប់រស់នៅ និងស្លាប់នៅទីនោះ។
លោកអភិបាលឆ្មារ សាឡាស ជាអភិបាលខ្មែរដំបូងគេ ដែលត្រូវបានតែងតាំងក្នុងឆ្នាំ១៩៧៥ ហើយបានទទួលមរណភាពដោយធ្វើការហួសកំលាំង ក្នុងឆ្នាំ១៩៧៧ នៅតំបន់តាំងគោក។
សព្វថ្ងៃនេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា បានបង្កើតគណៈកម្មារសម្រាប់មរណសាក្សី ដើម្បីសិក្សាចងក្រងឯកសាររបស់អស់លោកដែលបានស្លាប់និងត្រូវបានគេសម្លាប់ដោយសារជំនឿក្នុងរបបប៉ុលពត។
«៧ឆ្នាំហើយដែលខ្ញុំបានបើកតុលាការជាផ្លូវការ ដោយមានលោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរីដឹកនាំ ដោយចួបជុំគ្នាជាផ្លូវការជាង៣០ដង ដើម្បីកាត់ក្ដីមរណសាក្សីដែលដាក់ឈ្មោះនាសម័យនោះសរុប៣៤នាក់។ ក្នុងនោះមានលោកឆ្មារសាឡាស និងសហការី៤៣នាក់។» នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ។
មានប្រសាសន៍ទៅកាន់អង្គពិធី ដែលមានគ្រីស្តបរិស័ទមកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា ប្រមាណជាង១៥០០នាក់ លោកអភិបាលបន្ថែមថា ព្រះសហគមន៍កម្ពុជាត្រូវត្រៀមខ្លួនជាមុនដើម្បីទទួលមរណសាក្សីនៅកម្ពុជា ប្រសិនបើសន្តអសនៈយល់ព្រមតែងតាំងមរណសាក្សីឱ្យយើង។
នៅក្នុងដីរបស់ព្រះសហគមន៍តាំងគោក មានបន្សល់ទុកគ្រែមួយដែលគ្រីស្តបរិស័ទអះអាងថា ជាគ្រែដែលលោកអភិបាលឆ្មារ សាឡាស និងសហការីរបស់លោកថ្វាយអភិបូជាចុងក្រោយ មុននឹងបែកគ្នា ដើម្បីស្វែងរកនិងលើកទឹកចិត្តគ្រីស្តបរិស័ទតាមតំបន់ចល័តដែលអស់លោកនឹងទៅដល់។
នៅក្នុងធម្មទេសនានាថ្ងៃទី ២២ ខែឧសភានោះ លោកអភិបាលអូលីវីយ៉េ អញ្ជើញគ្រីស្តបរិស័ទនិងសហការីទាំងអស់ឱ្យនៅស្ងៀមស្ងាត់ ដើម្បីនឹករឭកដល់អស់អ្នកស្លាប់ និងត្រូវបានគេសម្លាប់ដោយសារជំនឿ ក្នុងសម័យប៉ុលពត។
ក្រៅពីគ្រែ លោកអភិបាលឆ្មារសាឡាស ក៏មានបន្សល់ទុកខ្សែផ្គាំនិងបន្តោងឈើឆ្កាងអភិបាលដែលបានបំពាក់ឲ្យគ្នាជាច្រើនដំណររបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ហើយត្រូវបានរក្សាដោយម្តាយបង្កើតរបស់លោកផ្ទាល់។
តាមរយៈការតស៊ូ និងឆន្ទៈរបស់អស់លោកដែលបានបូជាជីវិតដើម្បីប្រកាសដំណឹងល្អទាំងអស់នោះ លោកអភិបាលអូលីវីយ៉េ រំលឹកឲ្យគ្រីស្តបរិស័ទថា ជីវិតរបស់យើងត្រូវការតស៊ូនិងមានសមត្ថភាពដើម្បីឆ្លងទុក្ខលំបាកទាំងអស់ ហើយកំលាំងដែលយើងអាចយកឈ្នះបាន គឺដោយឈើឆ្កាងរបស់ព្រះគ្រីស្ត។
«យើងជាសសរដែលពោរពេញដោយជីវិត និងត្រូវចែករំលេកសេចក្ដីស្រឡាញ់ដល់បងប្អូនឯទៀតៗនៅក្នុងជីវិតសាមញ្ញបំផុតរបស់យើង តស៊ូ រស់នៅក្នុងក្តីសង្ឃឹមជានិច្ចដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជំរុញយើង។» លោកអភិបាលបន្ថែម។
លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង ទេព ច័ន្ទពិសិដ្ឋ (អេនរីគេ ហ្វីការេដូ) មានប្រសាសន៍ថា យើងមានមរតកមួយពិសេសដែលមានគ្រីស្តបរិស័ទបូជាជីវិតដោយសារជំនឿ និងបានគិតបានអនុវត្តតាមព្រះជាម្ចាស់។
លោកអភិបាលច័ន្ទពិសិដ្ឋ បានបន្តថា នេះជាគំរូ ជាសេចក្ដីសង្ឃឹម និងជាមាគ៌ាដែលយើងមាននៅកម្ពុជា។ មរណសាក្សីជាទ្រព្យសម្បត្តិពិសេសដែលយើងត្រូវបន្តថែរក្សា ជាមរតកដែលយើងទទួល។
លោកអភិបាលបន្ថែមថា នៅតាំងគោក បន្តិចទៀតយើងត្រូវបង្កើតគណៈកម្មការ ដោយត្រូវការយុទ្ធសាស្ត្រអភិវឌ្ឍកន្លែង បង្កើតអារាមដើម្បីឱ្យបងប្អូនដែលចង់ស្គាល់ប្រវត្តិសាស្ត្រព្រះសហគមន៍ និងមរណសាក្សីរបស់យើង អាចមកអធិដ្ឋាន មកជួបព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់តាមរយៈមរណសាក្សី។
តំណាងគណៈកម្មការមរណសាក្សីកម្ពុជា ដូនជី ម៉ារីណាថាលី ធារី បានឱ្យដឹងថា ដំណើរការមរណសាក្សីកម្ពុជាសព្វថ្ងៃនេះមានឈ្មោះបេក្ខភាពចំនួន១៤នាក់ ក្នុងនោះមានលោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទជាតំណាង។
បច្ចុប្បន្ននេះ គណៈកម្មការកំពុងចងក្រងប្រវត្តិ និងការងារផ្សេងៗដែលលោកអភិបាលឆ្មារ សាឡាស ដើម្បីផ្ញើទៅរ៉ូម។ ដូនជីរូបនេះបន្ថែមថា នេះជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសរបស់យើងតូចមែន ប៉ុន្តែយើងមានអ្នកដែលបានរស់នៅក្នុងជំនឿមុនយើងដោយរក្សាជំនឿ ជាពិសេសក្នុងសម័យខ្មែរក្រម។
ដើម្បីរៀបចំឯកសារទាំងនេះ គណៈកម្មការបានចួបជាមួយបងប្អូនដែលជាសាក្សីទាំងផ្ទាល់និងប្រយោលផងដែរ ដើម្បីរៀបចំតាមពេលវេលា។ នេះបើតាមការបញ្ជាក់របស់ដូនជីធារី។
គ្រីស្តបរិស័ទ រស់ វត្ថា មកពីព្រះសហគមន៍ភ្នំពេញថ្មី បាននិយាយថា «ខ្ញុំនិយាយទៅគឺព្រឺសម្បុរ ដោយពួកគាត់ជាគំរូសម្រាប់យើងដែលនៅរស់ ទាំងជំនឿនិងទាំងការរស់នៅប្រចាំថ្ងៃ។ ជាសញ្ញាសម្គាល់ថាពួកគាត់បានលះបង់ជីវិតតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។»
វត្ថា បន្ថែមថា ដូច្នេះយើងអ្នកនៅរស់ ត្រូវរៀនរស់នៅឱ្យស្របទៅនឹងជិវិតរបស់គ្រីស្តបរិស័ទ៕
ដោយដាលីស