ក្បួនដង្ហែលាយឡំជាមួយតន្ត្រីនិងសំឡេងគងរបស់ខ្មែរភាគតិចពូណងបានលាន់ឮរំពងឡើងប្រមាណជា១គីឡូដី ដែលអមដោយរបាំក្ងោកនាំមុខឈើឆ្កាងបូជាចារ្យនិងលោកអភិបាលដើម្បីនាំយុវជនជាតិពូណងម្នាក់មកថ្វាយព្រះជាម្ចាស់។
«ជាបូជាចារ្យគឺត្រូវបម្រើ បូជាជីវិត និងធ្វើអគ្គសញ្ញាដល់បងប្អូន។» នេះជាកាបញ្ជាក់របស់លោកប្រាក់ប៊ុនហុង ជាឧបដ្ឋាក ដែលបានតែងតាំងក្លាយជាបូជាចារ្យកាតូលិកក្នុងថ្ងៃទី២៩ខែមិថុនានេះ។
នៅក្នុងខែមិថុនាជាពេលវេលាដែលព្រះសហគមន៍តែងតាំងបូជាចារ្យ។ លោកអភិបាលអូលីវីយ៉េជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបញ្ជាក់អំពីរឿងនេះ។ លោកបន្ថែមថានៅពេលនេះការប្រកាសដំណឹងល្អនៅទីដាច់ស្រយាលគឺមានរូបរាងហើយ។
ពិធីតែងតាំងនេះត្រូវបានប្រារព្ធឡើងនៅព្រះវិហារសន្តយ៉ូហានបាទីស្តនៅព្រះសហគមន៍ប៊ូស្រាក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលស្ថិតក្នុងភាគឦសាន្តនៃប្រទេសកម្ពុជាប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
តំបន់នេះភាគច្រើនមានខ្មែរជនជាតិភាគតិចពូណងរស់នៅ។ លោកបូជាចារ្យប៊ុនហុងដែលមានកំណើតមកពីព្រះសហគមន៍នេះ បានឲ្យដឹងទៀតថា «ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំនិងញែកខ្ញុំចេញពីគេចូលទៅក្នុងក្រុមរបស់ព្រះអង្គ គឺក្រុមបូជាចារ្យដើម្បីបម្រើព្រះអង្គនិងព្រះសហគមន៍។»
លោកបូជាចារ្យថ្មី បន្ថែមថា «ព្រះអង្គបានប្រទានពរដល់ខ្ញុំតាមរយៈលោកអភិបាលអូលីវីយ៉េឲ្យខ្ញុំមានកំលាំងខ្លាំងដើម្បីបម្រើព្រះសហគមន៍ទៅថ្ងៃមុខ។»
ព្រះវិហារសន្តយ៉ូហានបាទីស្តនៃព្រះសហគមន៍ប៊ូស្រា ដោយមានជនជាតិដើមភាគតិចពូណងចំនួន១៥គ្រួសារ បានផ្លាស់ប្តូរជំនឿរបស់ខ្លួននៅប្រទេសវៀតណាម ក្នុងពេលភៀសខ្លួនដោយសារសង្គ្រាម។ ក្រោយមកក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយមាន១០គ្រួសារតាំងលំនៅនៅប៊ូស្រា និង៥គ្រួសារទៀតតាំងលំនៅនៅដាក់ដាំ។
ក្នុងឆ្នាំ១៩៩៦ មានយុវជនស្ម័គ្រចិត្តជាតិបារាំងបានទៅដល់ប៊ូស្រា និងបានរកឃើញគ្រីស្តបរិស័ទនៅទីនោះ ហើយបន្តបន្ទាប់មកទៀតក៏មានបូជាចារ្យទៅសួរសុខទុក្ខនិងថ្វាយអភិបូជាយូរៗម្តង។ បច្ចុប្បន្នព្រះសហគមន៍ប៊ូស្រាមានគ្រីស្តបរិស័ទប្រមាណជាង១០០នាក់ ដែលភាគច្រើនជាអ្នកធ្វើស្រែនិងចម្ការជាជនជាតិខ្មែរភាគតិចពូណង។ ក្នុងព្រះសហគមន៍នេះ ក៏មានយុវនារីម្នាក់បានក្លាយខ្លួនជាដូនជី ក្នុងក្រុមស្រឡាញ់ឈើឆ្កាងព្រះយេស៊ូផងដែរ។
ក្នុងវ័យជា៧៥ឆ្នាំ ជាជនជាតិដើមភាគតិច ដែលបានចាប់ផ្ដើមព្រះសហគមន៍នៅទីនេះ ជាមួយគ្រួសារចំនួន៩ទៀត លោកព្រី ត្រេ បានឲ្យដឹងអំពីមូលហេតុនៃការផ្លាស់ប្តូរជំនឿថា «យើងជាបងប្អូនជនជាតិកាលនោះ យើងអត់មានអ្វីសែនព្រេន ហើយឃើញការរស់នៅរបស់បងប្អូនគ្រីស្តបរិស័ទល្អ មានការរាប់អាន ហើយ(ជំនឿនេះ)យើងអាចតាមគេបាន។»
ក្នុងធម្មទេសនា លោកអភិបាលអូលិវីយ៉េមានប្រសាសន៍ថា ព្រះវិញ្ញាណនាំយើងទៅប្រកាសដំណឹងល្អ អោយយើងប្រកាសជំនឿ ហើយណែនាំអោយថ្ងៃនេះ «ហុងអាចឆ្លើយតបនឹងព្រះជាម្ចាស់និងរួមជាមួយព្រះសហគមន៍ដើម្បីប្រកាសដំណឹងល្អដោយមានគោលដៅតែមួយគឺដើម្បីអោយបងប្អូនស្គាល់ការសង្គ្រោះ អោយជីវិតយើងចូលក្នុងជីវិតអស់កល្បជានិច្ច។»
លោកអភិបាលព្រះសហគមន៍ មានប្រសាសន៍ទៀតថា ការងារនិងតួនាទីរបស់បូជាចារ្យទាំងអស់ គឺ«គ្មានអាណត្តិដូចគេទេ។ គឺបូជាចារ្យ(រស់នៅនិងបម្រើ)ជាប់នឹងព្រះជាម្ចាស់អស់មួយជីវិត។»
ក្នុងពិធីនេះ មានបូជាចារ្យមកពី៣ភូមិភាគសរុប ៥២នាក់ ហើយក្នុងឱកាសនោះដែរ លោកអភិបាលស្នើសុំឲ្យលោកបូជាចារ្យគ្រប់រូបជួយលើកទឹកចិត្ត ស្វាគមន៍ ធ្វើជាគំរូ ជាបងរបស់លោកបូជាចារ្យថ្មីនិងរស់នៅក្នុងភាតរភាពទៅជាគ្រួសារមួយពិសេសក្នុងអង្គព្រះយេស៊ូគ្រីស្ត ជាធ្លុងតែមួយដូចព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធដែលជាអង្គតែមួយ។
លោកអភិបាលបញ្ជាក់ថាលោកបូជាចារ្យមានកិច្ចការ៣ដែលសំខាន់គឺ រស់ជាមួយគ្នាដោយធ្វើដំណើរជាមួយគ្នាក្នុងអង្គព្រះយេស៊ូគ្រីស្ត បម្រើព្រះបន្ទូលដោយប្រកាសដំណឹងល្អគឺឲ្យគេស្គាល់ព្រះបន្ទូលហើយអោយបន្ទូលទៅដល់មនុស្សឯទៀតៗដើម្បីឲ្យគេស្គាល់ព្រះយេស៊ូ និងត្រូវធ្វើអគ្គសញ្ញាផ្សេងរបស់ព្រះជាម្ចាស់ដើម្បីនាំឲ្យគ្រីស្តបរិស័ទក្លាយជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់និងឲ្យជីវិតរបស់ព្រះជាម្ចាស់មាននៅក្នុងជីវិតរបស់បងប្អូន។
លោកអភិបាលបន្តថា លោកសូមអរគុណបងប្រុសហុង ដែលពេលនេះ បានសុខចិត្តលះបង់ខ្លួនថ្វាយនិងបម្រើព្រះជាម្ចាស់ ហើយក៏សូមអរគុណមហាគ្រួសារកាតូលិកនៅកម្ពុជា ដែលជាព្រះសហគមន៍តូចមែនតែមានជីវិតរស់រវើក។
លោកបូជាចារ្យប្រាក់ ប៊ុនហុង ជាបូជាចារ្យទី១០ ក្នុងចំណោមបូជាចារ្យជនជាតិខ្មែរផ្សេងៗទៀតដែលកំពុងបម្រើកិច្ចការប្រកាសដំណឹងល្អក្នុងភូមិភាគទាំងបីក្នុងប្រទេសកម្ពុជា។
និយាយអំពីគោលដៅសំខាន់នៅថ្ងៃអនាគតជាបូជាចារ្យ លោកបូជាចារ្យថ្មី ប្រាក់ប៊ុនហុង ចង់ប្រកាសដំណឹងល្អដល់មនុស្សដែលនៅជុំវិញទាំងគ្រីស្តបរិស័ទនិងមិនមែនជាគ្រីស្តបរិស័ទ ឲ្យស្គាល់ព្រះយេស៊ូកាន់តែច្បាស់និងអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះពួកគេ។ លោកបន្ថែមថា «ខ្ញុំចង់ណែនាំពួកគេនិងលើកទឹកចិត្តពួកគេ អ្នកធ្លាក់ទឹកចិត្តមិនថាសាសនាណាពូជសាសន៍ណាទេ។»
ព្រះសគមន៍កាតូលិកកម្ពុជា បានកកើតក្នុងឆ្នាំ១៥៥៥ ដោយបព្វជិតជាតិប៉ទុយហ្គាល់។ ហើយព្រះសហគមន៍នេះ បានរីកចម្រើនឡើងបន្តិចម្តងៗ តែជាអកុសលដោយសារសង្គ្រាមស៊ីវិល ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៥-១៩៧៩ ព្រះសហគមន៍ត្រូវបានបំផ្លាញគ្មានសល់ ទាំងហេដ្ឋារចនាសម្ពន្ធ និងធនធានមនុស្ស។ អស់លោកអភិបាល បូជាចារ្យ បព្វជិត-ជិតា គ្រហស្ថនិងគ្រីស្តបរិស័ទមួយភាគធំត្រូវបានស្លាប់និងសម្លាប់ ហើយសាសនទូតបរទេសត្រូវបណ្តេញចេញគ្មានសល់។
ក្រោយសង្គ្រាមចប់ គ្រីស្តបរិស័ទបានបង្រួបបង្រួមគ្នាឡើងវិញ។ ក្នុងឆ្នាំ២០០១ មានយុវជនខ្មែរ៤រូបបានតែងតាំងជាបូជាចារ្យលើកដំបូងលើទឹកដីកម្ពុជា។ ហើយព្រះសគមន៍បានខិតខំបង្កើតក្រុមនានាសម្រាប់យុវជនដើម្បីឈ្វេងយល់អំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ជាអ្នកបួស ដោយមានកិច្ចប្រជុំរិះគិតប្រចាំខែ ត្រីមាស និងឆ្នាំសម្រាប់ក្រុមនិងយុវ័ន្តនិងយុវតី។
ក្នុងពេលបច្ចុប្បន្ននេះ ព្រះសហគមន៍កម្ពុជាដែលមានគ្រីស្តបរិស័ទប្រមាណ២០០០០នាក់មានបូជាចារ្យជាតិខ្មែរចំនួន១០អង្គ និងដូនជីជិត១០នាក់៕