ព្រះវិហារសន្តយ៉ូហាន​បាទីស្ត​នៅ​ប៊ូស្រា​សម្ពោធ​ជាផ្លូវការ

បូពណ៌ក្រហម ដែលមាន​ស្ត្រី​ពីរនាក់​កាន់​យ៉ាង​ស្រស់ស្អាត រង់ចាំ​ប្រធាន​កិត្តិយស​មក​កាត់​ផ្តាច់​ដើម្បី​បើកឲ្យ​មនុស្ស​ដែល​រង់ចាំ​​ចូល​ទៅខាងក្នុង​​ អម​ដោយ​ចម្រៀង​ ច្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​យ៉ាង​រងំ​ លាន់ឮចេញពីខាងក្នុង​ ហាក់ដូចជា​អន្ទះសារ​ចង់​ចួប​ជាមួយអ្នកនៅខាង​ក្រៅ។​

លោក​អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​កំពង់ចាម បាន​ឡើង​មក​ផ្តាច់​ខ្សែបូ ហើយ​លោក​បូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល បាន​ទទួល​សោរ​ពី​លោក រួច​បើក​ចំហទ្វារព្រះវិហារ ឲ្យ​មនុស្ស​ជាច្រើន​រយ​នាក់បាន​ចូល។

នេះ​ជា​ព្រះវិហារ​ថ្មីមួយ សម្រាប់​គ្រីស្ត​បរិស័ទ​ខ្មែរ​ភាគ​តិចដើម​កំណើត​ពូនង រស់នៅ​ក្នុង​ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ត​មណ្ឌល​គិរី។​ ព្រះវិហារ​នេះ​មាន​ឈ្មោះ​ថា សន្ត​យ៉ូហាន​បាទីស្ត។

ក្នុង​ធម្មទេសនា​នា​ថ្ងៃនោះ លោកអភិបាល​ព្រះសហគមន៍​ភូមិភាកំពង់ចាម មាន​ប្រសាសន៍​ថា តាមពិតព្រះយេស៊ូមានគម្រោងការរបស់ព្រះអង្គ ហើយ​ទ្រង់​បានរៀបចំរួចហើយសម្រាប់យើង ច្រើនដងយើងអត់យល់ ប៉ុន្តែព្រះអង្គរៀបចំហើយ ដូច​អត្ថបទ​គម្ពីរ​ថ្ងៃនេះ (យហ២១,១-១៩)។ 

លោកអភិបាល​បានបន្ថែមថា នៅពេលយើងខ្សោយ ទោះបីជាយ៉ាងណា យើងធ្វើឲ្យអស់ពីសមត្ថភាព ទោះបីជាយ៉ាងណាព្រះយេស៊ូយល់អំពីសមត្ថភាពរបស់យើង។ នៅថ្ងៃនេះនៅពេលដែលយើងនៅទីនេះ យើងអធិដ្ឋាន​ជាមួយគ្នានៅក្នុងព្រះវិហារថ្មីនេះ អង្វរព្រះជាម្ចាស់ សម្រាប់ព្រះដំណាក់របស់ព្រះអង្គ សម្រាប់កន្លែងថ្មីនេះដ៏ស្អាត និងជាកន្លែងថ្មី ជាកន្លែងដែលនឹងជួយយើងឲ្យយើងយល់កាន់តែច្បាស់ អំពីសមត្ថភាពរបស់យើងដែល​ធ្វើសម្រាប់ព្រះជាម្ចាស់។

លោក​ប្រ៊ុយណូ បាន​លើក​ទឹកចិត្ត​ដល់​គ្រីស្ត​បរិស័ទ​ទៀតថា «យើងខ្សោយមែនតែយើងអធិដ្ឋាន យើងខ្សោយមែនតែយើងនៅជាមួយគ្នា យើងខ្សោយមែនក៏នៅតែបង្កប់សក្ខីភាពនៃជំនឿរបស់យើង។ សូមព្រះជាម្ចាស់បន្តណែនាំយើង ពង្រឹងជំនឿរបស់យើង ប្រទានកម្លាំងកាយកម្លាំងចិត្តឲ្យយើងម្នាក់ៗ។»

ក្នុង​វ័យ​ជា៧៥ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ចាប់​ផ្ដើម​ព្រះសហគមន៍នៅទីនេះ ជាមួយ​គ្រួសារ​ចំនួន​​៩​ទៀត​បាន​ លោក​ព្រី ត្រេ បានឲ្យដឹងថា កាលពីមុនព្រះវិហារនេះតូចចង្អៀតពិបាកថ្វាយបង្គំ បន្ទាប់មកយើងក៏ស្នើសុំទៅលោកបូជាចារ្យ លោកអភិបាល ហើយពួកគាត់បានយល់ព្រមតាំងពីឆ្នាំ២០០០។   «ពេល​នេះយើងមានព្រះវិហារហើយ យើងមានចិត្តសប្បាយ ដូចគោលបំណងរបស់ខ្ញុំនៅក្នុងចិត្តដើម្បីកូនចៅតទៅមុខទៀតឲ្យរីកចម្រើន ដើម្បីអាចថ្វាយបង្គំព្រះជាម្ចាស់ ហើយបង្ហាញជំនឿដល់បងប្អូនដទៃទៀត អំពីការរស់នៅ ការសាមគ្គីភាព ផ្តល់អាទិភាពឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យយើងអាចទៅមុខ។​»

ព្រឹទ្ធាចារ្យ​រូប​នេះ បាន​ឲ្យដឹងទៀតថា «ខ្ញុំសង្ឃឹមថា សង្ឃឹមថាថ្ងៃអនាគតព្រះសហគមន៍នឹងរីកចម្រើន។»

លោកបានឲ្យដឹងថា កាលពីមុនមកព្រះវិហារនេះចាប់ផ្តើមដោយមានគ្រីស្តបរិស័ទ មិនដល់២០នាក់ទេ ដែលបានភៀសខ្លួនទៅកាន់ប្រទេសវៀតណាមនៅក្នុងពេលកម្ពុជាមានសង្គ្រាម ហើយបាន​ជ្រកក្រោនជាមួយ​គ្រីស្ត​បរិស័ទកាតូលិក​នៅប្រទេសវៀតណាម ក៏បានផ្លាស់ប្តូរជំនឿ។ លោក​បន្ថែមថា  «យើងជាបងប្អូនជនជាតិកាលនោះ យើងអត់មានអ្វីសែនព្រេន ហើយឃើញការរស់នៅរបស់បងប្អូនគ្រីស្តបរិស័ទល្អ មានការរាប់អាន ហើយ(ជំនឿនេះ)យើងអាចតាមគេបាន។»

ព្រះសហគមន៍តំបន់មណ្ឌលគិរី ត្រូវបានបង្កើតឡើងក្រោយបញ្ចប់​​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គ្រីស្ត​បរិស័ទប្រមាណ​១៥​គ្រួសារ​​ដែល​បាន​ទទួលជឿ​ក្នុងពេល​ភៀសខ្លួន​ទៅប្រទេសវៀតណាម ហើយ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញក្នុង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៨៦ មក​តាំង​ទីលំនៅ​ដាក់ដាំចំនួន​៥​គ្រួសារ និង​១០​គ្រួសារ​នៅ​ប៊ូស្រា។ ហើយ​រាល់​ថ្ងៃអាទិត្យ ពួកគាត់​តែង​ជួប​ជុំ​គ្នា​ក្រោម​ដើម​ឈើ ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ និង​ចាប់​ផ្តើម​កសាង​ផ្ទះ​ដើម្បី​ជួប​ជុំអធិដ្ឋាន។ ក្នុងអំឡុងពេល​៩​ឆ្នាំ ព្រះសហគមន៍នេះ រស់នៅ​ដោយ​គ្មាន​បូជាចារ្យទទួល​ខុស​ត្រូវ​។ ក្នុង​ឆ្នាំ​១៩៩៦ ទើប​មាន​សាសនទូត មក​ជាបន្តបន្ទាប់ រហូតដល់​ពេល​បច្ចុប្បន្ននេះ។

លោកប្រប ព្យុច ប្រធានគណៈកម្មការនៃព្រះសហគមន៍ប៊ូស្រាបានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះមានគ្រីស្តបរិស័ទចំនួនជាង២០០នាក់ ដែលមាន១២៤គ្រួសារ។

លោកបានឲ្យដឹងថា «សម្រាប់ខ្ញុំនិងបងប្អូននៅប៊ូស្រានេះដែលបានទទួលវិហារថ្មី គឺមានអំណរសប្បាយ ដោយសារពីមុនយើងអត់មានព្រះវិហារ យើងមានតែព្រះវិហារតូច ហើយគ្រីស្តបរិស័ទក៏កាន់តែកើនឡើងៗ ដោយគ្មានកន្លែងអង្គុយ កន្លែងចង្អៀត ប៉ុន្តែពេលនេះយើងមានព្រះវិហារធំ ដូច្នេះយើងអរគុណព្រះជាម្ចាស់ ដែលប្រទានឲ្យមានអ្នកជួយដើម្បីធ្វើព្រះវិហារថ្មី។»

លោក​បាន​បន្ថែមទៀតថា  «ខ្ញុំសង្ឃឹមថាព្រះវិហារថ្មីនេះ ឲ្យយើងមានជំនឿកាន់តែមាំឡើង ដើម្បីឲ្យយើងងាយស្រួលអប់រំជំនឿ បង្រៀនកូនក្មេង និងបន្តជំនឿពីម្នាក់ទៅម្នាក់ទៅដល់ម្នាក់ដែលមិនទាន់ស្គាល់ព្រះយេស៊ូ។»

យុវតី ភារី បាន​ឲ្យដឹងថា «សម្រាប់ខ្ញុំផ្ទាល់ នៅពេលដែលមានព្រះវិហារធំហើយថ្មីបែបនេះ គឺជាកន្លែងដែលឲ្យយើងអាចចូលរួមនិងរួមគ្នាចំពោះយុវជននិងគ្រិស្តបរិស័ទ ចូលរួមគ្នាបានយ៉ាងច្រើន លោកក៏នឹងមានកន្លែង និងមានកន្លែងសម្រាប់រៀនអប់រំជំនឿ សម្រាប់កុមារនិង ចាស់ៗ និងជាកន្លែងដែលយើងអាចជួបគ្នានៅក្នុងអង្គព្រះគ្រីស្ត។ »

លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល ជា​បូជាចារ្យទទួល​ខុស​ត្រូវព្រះវិហារ​នេះ បានមាន​ប្រសាសន៍​ថា «ខ្ញុំធ្លាប់ប្រៀនប្រដៅគ្រីស្ត​បរិស័ទថា អ្វីដែលសំខាន់គឺការសាងសង់ព្រះសហគមន៍ គឺគ្រីស្តបរិស័ទម្នាក់ៗគឺជាថ្មដា ជាអគារផ្ទាល់ខ្លួន ព្រះវិហារខ្ញុំធ្លាប់ប្រាប់ថាមិនសូវសំខាន់ ប៉ុន្តែតាមពិត ថ្ងៃនេះបង្ហាញថា ព្រះវិហារសំខាន់ណាស់គឺជាទីសម្គាល់សម្រាប់អ្នកភូមិអ្នកដទៃ ថាមានអ្នកជឿពិតប្រាកដមែន។»

លោក​បូជាចារ្យ​បន្តថា ជាពិសេសនៅប៊ូស្រានៅទីនេះ យើងមានព្រះវិហារធំ បង្ហាញអំពីជំនឿដែលបានរីកចម្រើនលូតលាស់របស់គ្រីស្តបរិស័ទតាំងតែពីយូរឆ្នាំមកហើយ។ ក្នុងព្រះវិហារមានព្រះកាយព្រះគ្រីស្ត ព្រះពន្លា អាសនៈ ជាទីសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សទាំងអស់។

លោក​ហ្វ្រងស្វ័រ​ឲ្យដឹងថា នៅទីនេះ មានមនុស្សជាច្រើនផ្លាស់ប្តូរ​ជំនឿចូលក្នុងគ្រីស្តសាសនា ងាយ​ស្រួល​ជាង​បងប្អូនខ្មែរ ដោយសារ​បងប្អូនខ្មែរជាពុទ្ធបរិស័ទ​មិនសូវជំរុញ​ឲ្យចូលទៅក្នុងគ្រីស្តសាសនា។ នៅទីនេះស្រួលម្យ៉ាងក៏ប៉ុន្តែខ្ញុំគិតថា ជនជាតិដើមភាគតិចពូនង ត្រូវការការរីកចម្រើននៅក្នុងជំនឿបន្ថែមទៀត ត្រូវ​ឈ្វេងយល់អំពីជំនឿបន្ថែមទៀត ស្វែងរកព្រះជាម្ចាស់ ស្រលាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ។

លោកបន្តថា  «ខ្ញុំគិតថាអគារនេះ នឹងជួយបងប្អូនជនជាតិពូនង យល់ដឹងខ្លួនអំពីតម្លៃនៃជំនឿ និងតម្លៃនៃការស្វែងរកព្រះជាម្ចាស់កាន់តែច្រើនទៅៗ។»

លោក​បាន​បញ្ជាក់ថា ព្រះវិហារ​នេះ សម្រាប់បងប្អូនជនជាតិពូនងទាំងអស់នៅឯមណ្ឌលគិរី ដូចជា ដាក់ដាំ កែវសីមា ដែលមានគ្រីស្តបរិស័ទកាតូលិក ហើយនិងសម្រាប់ភូមិភាគ​កំពង់ចាមទាំងមូល ពីព្រោះកំពង់ចាម មិនសូវមានព្រះវិហារធំប៉ុន្មានទេ «ខ្ញុំសង្ឃឹមថាអនាគតទៅព្រះវិហារនេះ អាចធ្វើសន្និបាតប្រជុំ សម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងភូមិភាគ ហើយព្រះវិហារក៏មិនមែនជាកន្លែងដើម្បីគ្រាន់តែថ្វាយបង្គំ ដើម្បីធ្វើតែពិធីបុណ្យនិងពិធីជ្រមុជទឹក ឬអគ្គសញ្ញានានាទេ គឺជាកន្លែងដើម្បីប្រជុំកសាងក្រុមគ្រួសារ តែមួយគឺព្រះសហគមន៍។»

ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត(ប៊ូស្រា) ត្រូវបាន​កសាង​ឡើង​ក្នុង​ឆ្នាំ​២០២១ ដោយ​មាន​ជំនួយ​ឧបត្ថម្ភពីព្រះសហគមន៍ក្នុងស្រុក​និង​ក្រៅ​ស្រុក។ ព្រះសហគមន៍នេះ មានយុវនារី​មួយរូប​ថ្វាយខ្លួនជាអ្នកបួស និង​កំពុង​មាន​លោក​បូជាចារ្យ​រូប​ទៀត​ដែលនឹង​ត្រូវ​តែង​តាំង​ក្នុង​ពេល​ឆាប់ៗនេះ៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn