អត្ថបទព្រះគម្ពីរថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ 

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៨,១-៨

តាំងពីថ្ងៃដែលជនជាតិយូដាប្រហារជីវិតលោកស្ទេផានមក ព្រះសហគមន៍​នៅក្រុងយេរូសាឡឹមត្រូវគេបៀត​បៀន​ជាខ្លាំង អ្នកជឿទាំង​ប៉ុន្មាន លើកលែង​តែក្រុមគ្រីស្តទូតចេញបាក់បែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចា​ស់ នាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ រីឯ​លោក​សូលវិញ លោកខំប្រឹងរំលាយ​ព្រះសហគមន៍ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់អ្នកជឿទាំងប្រុស ទាំងស្រី​យកទៅឃុំឃាំង។ ក្រុមសាវ័កដែលបែកខ្ញែកគ្នានោះធ្វើដំណើរពីកន្លែង​មួយ​ទៅកន្លែងមួយ ទាំងនាំ​ដំណឹង​ល្អអំពី​ព្រះ​បន្ទូល។ លោកភីលីពធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រីស្ត។ មហាជន​រួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮ​លោក​មានប្រសាសន៍ និងបាន​ឃើញ​ទីសម្គាល់ដ៏អស្ចារ្យដែលលោកធ្វើ គឺមានខ្មោច​ជាច្រើន​ចេញ​ពីមនុស្សទាំង​ស្រែក​ខ្លាំងៗ និងមាន​មនុស្សខ្វិន ​មនុស្ស​ស្លាប់ដៃ​ជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើស​លប់។

ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៧ បទកាកគតិ

ប្រជាប្រុសស្រីនៅលើផែនដីទាំងអស់គ្នាអើយនាំគ្នាអបអរ
កុំបីកន្តើយអបអរសប្បាយសាទរព្រះម្ចាស់
ចូរច្រៀងតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះម្ចាស់នៃយើង
បារមីខ្ពង់ខ្ពស់តម្កើងថ្កើងយសថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថាបពិត្រព្រះជាអម្ចាស់នៃយើងគ្រប់ស្នាព្រះហស្ត
វិសេសថ្កុំថ្កើងយើងសូមលើកឡើងឱ្យខ្ពស់ដរាប
ពួកខ្មាំងសត្រូវព្រះអង្គចាំនៅនាំគ្នាលុតក្រាបដោយឃើញចេស្តា
ឫទ្ធានុភាពព្រះអង្គរៀងរាបធំធេងកន្លង
មនុស្សម្នាលើដីទាំងប្រុសទាំងស្រីក្រាបថ្វាយព្រះអង្គគេនាំគ្នាច្រៀង
លើកសិរីផងច្រៀងបទតម្កើងព្រះនាមល្បាញល្បី
ចូរយើងនាំគ្នាពីគ្រប់ទិសាកុំនៅធ្វើហីមើលស្នាព្រះហស្ត
សុទ្ធតែប្រពៃដែលទ្រង់លកលៃធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹកសមុទ្រគគ្រឹកប្រែជារីងគោកឱ្យប្រជាជន
ដើរឆ្លងទៅមកយើងផុតទុក្ខសោកប្រែជាសប្បាយ
ព្រះអង្គគ្រប់គ្រងអស់កល្បយូរលង់ដោយឫទ្ធិបារមីទ្រង់ត្រួតពិនិត្យ
ប្រជាប្រុសស្រីកុំឱ្យគ្រប់កាយក្រោកប្រឆាំងបាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ តាម រម ៦,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តមានសិរីរុងរឿងហើយ! ព្រះអង្គលែងសោយទិវង្គតហើយ!
មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៣៥-៤០

ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជន ព្រះអង្គមានព្រះបន្ទូលថា៖​«ខ្ញុំ​នេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ​អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នក​ដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែល​មករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលចាត់ខ្ញុំឱ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯ​ព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះ ទ្រង់មិនសព្វព្រះ ហឫទ័យឱ្យនរណាម្នាក់ក្នុងបណ្តាលអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គ​សព្វព្រះហឫទ័យឱ្យខ្ញុំប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយ​បំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឱ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ ខ្ញុំក៏នឹងប្រោសអ្នកនោះឱ្យ​មានជីវិតដ៏ពេញលេញ នៅថ្ងៃចុងក្រោយបំផុតផង»។

Facebook
Twitter
LinkedIn