ប្រជាជនជាច្រើនរយនាក់បានអង្គុយរង់ចាំលេខរៀងរបស់ខ្លួន ដើម្បីបានជួបជាមួយក្រុមគ្រូពេទ្យពិនិត្យសុខភាពរបស់ខ្លួន ដែលកម្មវិធីនេះ បានរៀបចំដោយព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពតំបន់កំពត-កែប ចាប់ពីថ្ងៃទី២៦ ដល់ ៣០ មករា ២០២៥ នៅក្នុងបរិវេណព្រះវិហារកាតូលិក សន្តយ៉ូសែប ភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
អ្នកស្រីកើត ស៊ីម មកពីភូមិត្រពាំងវែង ក្នុងខេត្តកំពត ជាពុទ្ធបរិស័ទ បានឱ្យដឹងថា លោកស្រីបានបានដឹងព័ត៌មានអំពីការព្យាបាលឥតគិតថ្លៃនេះ ពីគណៈកម្មការព្រះសហគមន៍។ ហើយនេះមិនមែនជាលើកទី១ទេ ដែលអ្នកស្រីមកទទួលសេវាកម្មពីព្រះសហគមន៍។
អ្នកស្រីស៊ីម មានបញ្ហាតឹងទ្រូង ជាតិស្ករឡើង លើសសម្ពាធឈាម និងចុករោយជើង បានបន្ថែមថា គាត់«មកបើក(ថ្នាំ)ហ្នឹងមួយឆ្នាំជាងហើយ មួយអាទិត្យម្តង»ពីព្រះសហគមន៍។ ស្ត្រីវ័យ៧០ឆ្នាំរូបនេះ ឲ្យដឹងទៀតថា កម្មវិធីដែលព្រះសហគមន៍រៀបចំនេះ បានជួយសម្រួលដល់បញ្ហាសុខភាពរបស់គាត់បានច្រើនលើការចំណាយទិញថ្នាំ។ គាត់បញ្ជាក់ថា «ត្រេកអរណាស់ បានមកព្យាបាលឥតគិតថ្លៃ រកលុយទិញគេអត់បាន បានពេទ្យមកចឹងអរសប្បាយណាស់»។
អ្នកស្រី នាក់ មឿន វ័យ ៥៤ឆ្នាំ ដែលជាអ្នកភូមិនៅជុំគិរីផ្ទាល់ បានមកពិនិត្យឈាម និងជាតិស្ករក្នុងឈាម។ អ្នកស្រីប្រាប់ថា ក្រោយពិនិត្យរួច ក្រុមគ្រូពេទ្យបានណែនាំអំពីរបៀបរស់នៅនិងថែទាំសុខភាព។ លោកស្រីបានប្រាប់ថា «ត្រេកអរ អត់អស់លុយ បានជំនួយគ្រូពេទ្យជួយមិនអស់ថវិកា ពិតជាត្រេកអរខ្លាំង»។
កម្មវិធីពិនិត្យនិងព្យាបាលជំងឺនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង( MGU) សហការជាមួយសមាគមសហគមន៍កាតូលិកកម្ពុជា (CCCA) ដោយពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេល២ថ្ងៃនេះ កម្មវិធីពិនិត្យនិងព្យាបាលជំងឺនេះ មានពលរដ្ឋប្រមាណជាង៥០០នាក់ បានមកទទួលសេវាពីក្រុមគ្រូពេទ្យ ដែលភាគច្រើនជាជំងឺរ៉ាំរ៉ៃ លើសឈាម ទឹកនោមផ្អែម បញ្ហាសន្លាក់ឆ្អឹង ឈឺសាច់ដុំ ក្រពះ ពោះវៀន លាងសំអាតមាត់ធ្មេញ ព្យាបាលធ្មេញដោយដក ប៉ះ និងវះកាត់កម្រិតតូចមួយចំនួន។
វេជ្ជបណ្ឌិត មីកាអែល ចង សាងហ៊ី( Dr.Michael Jeong Sang hee) អ្នកសម្របសម្រួលក្រុមសេវាវេជ្ជសាស្រ្ត របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានឲ្យដឹងថា នេះជាឱកាសល្អ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងស្គាល់អំពីជំងឺដែលគេមាន ហើយក្រុមគ្រូពេទ្យក៏បានណែនាំឱ្យគេចេះថែរក្សាសុខភាពក្នុងអំឡុងពេលនោះ។
វេជ្ជបណ្ឌិត សាងហ៊ី បានសង្កេតឃើញថា ពលរដ្ឋខ្លះមានជំងឺ តែមិនសូវធ្ងន់ធ្ងរនោះទេ ប៉ុន្តែខ្លះទៀត មិនសូវបានចាប់អារម្មណ៍អំពីសុខភាពនិងការថែទាំ ដែលបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថាភាគច្រើនមានអ្នកជំងឺលើសឈាម និងទឹកនោមផ្អែម ព្រមទាំងភ្នែកឡើងបាយជាច្រើន តែប្រសិនបើប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ក្នុងការស់នៅ ការទទួលទាន វាអាចងាយស្រួល ព្យាបាល និងថែទាំ។
លោកបានណែនាំឲ្យពួកគាត់ព្យាយាមលេបថ្នាំតាមការកំណត់ ហើយព្យាយាមយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន។
វេជ្ជបណ្ឌិត ជួង សាវឿន ប្រធានអភិវឌ្ឍគម្រោងសុខភាពរបស់កម្មវិធីសុខភាពនៃសមាគមសហគមន៍កម្ពុជា និងជាអ្នកទទួលខុសត្រូវសម្របសម្រួលកម្មវិធីបានលើកឡើងថា នេះជាលើកទី៨ ហើយដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសកូរ៉េខាងត្បូងបានមកបំពេញបេសកកម្ម ដែលរាប់ចាប់ពីឆ្នាំ២០០៧មក។ ក្នុងឆ្នាំនេះ មានក្រុមគ្រូពេទ្យសរុប ៣៦នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិត ១០នាក់ ឱសថការី ១ម្នាក់ គិលានុប្បដ្ឋាក ៣នាក់ ទន្តពេទ្យ ២នាក់ និស្សិតពេទ្យ និស្សិតគិលានុប្បដ្ឋាក ២០នាក់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ មានបេសកកម្មក្រៅប្រទេសពីរដងក្នុងមួយឆ្នាំ ទៅតាមប្រទេសដូចជា កម្ពុជា មីយ៉ាន់ម៉ា ប៉ាពួញូហ្គីណេ និងឥណ្ឌូនេស៊ី។
លោកបន្ថែមថា កម្មវិធីនេះ ធ្វើឡើងដើម្បីបំរើប្រយោជន៍ជូនដល់ប្រជាជន ដែលជាបងប្អូនរបស់យើង ដែលទាំងនេះជាបំណងរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលតែងតែរំលឹក គាំទ្រ និងជំរុញយើង។
លោកស្រី អាណុនជាតា សូង គាងអែ(Prof. Anunciata Sohng Kyoung Ae) ជាគ្រូពេទ្យ និងជាប្រធានរបស់ក្រុមMGU និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យកាតូលិកនៃប្រទេសកូរ៉េ និយាយថា «កាលពី១ឆ្នាំមុនខ្ញុំបានមកមើលក្នុងខេត្តកំពត និងខេត្តកែប ហើយខ្ញុំមានចំណាប់ជាខ្លាំង អំពីសកម្មភាពក្នុងព្រះសហគមន៍នៅទីនេះ ហើយក៏សម្រេចចិត្តមក និងជួយនៅទីនេះ»។ លោកស្រីសង្ឃឹមថា នឹងបានមកជួយម្តងទៀតនៅឆ្នាំក្រោយ។
ពាក់ព័ន្ធនឹង ករណីដែលត្រូវតាមដានបន្ត ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តវិលត្រលប់ទៅវិញនោះ វេជ្ជបណ្ឌិត ជួង សាវឿន ក៏បានប្រាប់ឱ្យដឹងថា ក្រុមគ្រូពេទ្យរបស់កម្មវិធីសុខភាពនៃសហគមន៍កាតូលិកកម្ពុជាយើង រួមជាមួយគិលានុប្បដ្ឋាកប្រចាំនៅព្រះសហគមន៍កាតូលិកតំបន់ខេត្តកំពត នឹងបន្តតាមទៅតាមតម្រូវជាក់ស្តែង។
លោកបូជាចារ្យ ដានីអែល យូន -( Fr. Daniel Yoon) បូជាចារ្យទទួលខុសត្រូវនៃមណ្ឌលសកម្មភាពកំពត-កែប មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្ហាញពី ជីវិតជាគ្រីស្តបរិស័ទ ដែលបានយកគំរូតាមព្រះគ្រីស្ត ដែលត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
លោកបន្ថែមថា ពួកគេប្រើប្រាស់អំណោយទានដែលគេមានពីព្រះជាម្ចាស់ និងចង់សងគុណដល់ព្រះអង្គដោយពួកគេមកប្រទេសកម្ពុជា ដើម្បីចែកសេចក្តីស្រឡាញ់របស់គេដល់អ្នកជិតខាងរបស់យើង។
លោកក៏បានថ្លែងអំណរគុណដល់ក្រុម MGU ហើយលោកសង្ឃឹមថា បងប្អូនគ្រីស្តបរិស័ទ ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក និងចេះចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកជិតខាង ដោយចាប់អារម្មណ៍លើសកម្មភាពពួកគេ និងព្រះសហគមន៍កាតូលិកផងដែរ៕
ដោយសុខ កែវរតនា