អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១១,១-២.៨-១៩

បងប្អូនជាទីស្រឡាញ!
ជំនឿធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបានជំនឿ ក៏ធ្វើឱ្យយើងស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ព្រោះតែជំនឿ​ហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ដោយសារជំនឿ​លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរ​ទៅកាន់ស្រុកមួយដែលលោកនឹងទទួលទុកជាមរត៌ក។ លោកចេញដំណើរទៅ ទាំង​ពុំដឹងថា ត្រូវទៅណាផង។ ដោយសារជំនឿ លោកមករស់នៅជាអណិកជនក្នុងស្រុកដែលព្រះជាម្ចាស់សន្យាថានឹងប្រទានឱ្យ គឺលោកបោះជំរំនៅជាមួយលោក​អ៊ីសាក និងលោកយ៉ាងកុបដែលត្រូវទទួលទឹកដីនោះ ទុកជាមត៌ករួមជាមួយលោកតាម​ព្រះបន្ទូលសន្យាដដែល។ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមាន​គ្រឹះរឹងមាំមួយ ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោងនឹងសង់ឡើង។ ដោយ​សារ​ជំនឿ លោកយាយសារ៉ាទទួលសមត្ថភាពនឹងមានកូនបន្តពូជពង្សបាន ថ្វីដ្បិតតែ​គាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាង​ណា ព្រះអង្គមុខជានឹងធ្វើតាមយ៉ាងនោះដែរ។ ហេតុនេះហើយ បានជាមានមនុស្ស​ច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រកើតចេញ​មកពីមនុស្សតែម្នាក់ដែលចាស់ជិតស្លាប់ទៅហើយនោះ​ផង។ បុព្វបុរសទាំងនេះស្លាប់​ទៅទាំងនៅមានជំនឿដដែល។ អស់លោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអស់លោកបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថា អស់​លោកគ្រាន់តែជាជនបរទេសដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ អ្នកណានិយាយ​ដូច្នេះ បង្ហាញឱ្យយើងច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ប្រសិនបើបុព្វបុរស​ទាំងនោះនឹងស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញជាពុំខាន។ តាមពិត អស់លោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុ​ភូមិនៅស្ថានបរមសុខឯណោះ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់មិនខ្មាសនឹងឱ្យ​គេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុង​មួយសម្រាប់ពួកលោករួចទៅហើយ។ ដោយសារជំនឿ លោកអប្រាហាំយកអ៊ីសាកទៅថ្វាយជាយញ្ញបូជានៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយ​កូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អ៊ីសាកនឹងបន្តពូជពង្សឱ្យអ្នក» ក៏ដោយ។ លោកយល់ឃើញថា ព្រះជាម្ចាស់មានប្ញទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឱ្យរស់ឡើយវិញបាន។ ហេតុនេះលោកក៏ទទួលកូនមកវិញ។ ហេតុការណ៍នេះជា​និមិត្តរូបមួយទាយពីពេលខាងមុខ។

ទំនុកតម្កើងរបស់លោកសាការី លូកា ១,៦៩-៧៥ បទពាក្យ ៧

៦៩ ទ្រង់បានប្រទានព្រះសង្រ្គោះ ដែលមានប្ញទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្ស នៃអង្គដាវីឌបម្រើជាក់
៧០ ព្រះម្ចាស់ប្រទានព្រះសង្រ្គោះ យើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈ ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១ ព្រះអង្គសង្រ្គោះយើងឱ្យរួច ចេញពីអំណាចខ្មាំង លើសលន់
និងផុតពីដៃពួកទុរជន ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២ ព្រះអង្គសម្តែងព្រះហប្ញទ័យ ករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើង សម្ព័ន្ទព្រះអង្គមិនភ្លេចសោះ
៧៣ គឺព្រះអង្គហើយបានសន្យា ពាក្យពិតសត្យាមិនចន្លោះ
នឹងអាប្រាហាំបុព្វបុរស ដូចតាយើងនោះដូច្នេះថា
៧៤ ទ្រង់នឹងរំដោះយើងឱ្យរួច ផុតពីអំណាចខ្មាំងប្ញស្យា
ដើម្បីយើងអាចក្រាបវន្ទា ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥ ព្រមទាំងឱ្យយើងបានរស់នៅ ឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិត គាប់ព្រះទ័យពិតព្រះម្ចាស់ថ្ងៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២៨,៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់បង្រ្កាបខ្យល់ និងសមុទ្រ ព្រះអង្គគ្រងរាជ្យលើមហាសមុទ្រផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,៣៥-៤១

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាអស់មួយថ្ងៃទៅកាន់បណ្តាជន។ លុះដល់​ល្ងាច ព្រះអង្គមាន្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»​។ ក្រុមសាវ័កក៏ចេញពីបណ្តាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយ​មានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្តាលឱ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ​ ព្រះអង្គផ្ទំលក់លើខ្នើយនៅកន្សែងទូក។ ក្រុមសាវ័កដាស់ព្រះអង្គថា៖ «លោកគ្រូ! យើងស្លាបឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង ហើយមាន​ព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់​ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកំសាកដូច្នេះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿ​ទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើ​លោកនេះជានរណា បានជាខ្យល់ព្យុះ និងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ?»។

Facebook
Twitter
LinkedIn