អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

សុក្រ – បៃតង – ថ្ងៃធម្មតា

លោកយ៉ូហានបូស្កូ (១៨១៥-១៨៨៨) កើតនៅឆ្នាំ១៨១៥ ក្នុងក្រុងទូរីណូ (ប្រទេស​អ៊ីតា​លី​)។ អស់មួយជីវិត លោកយកចិត្តទុកដាក់អប់រំយុវជនក្រីក្រក្នុងក្រុងនោះ។ លោកបង្កើតក្រុម​គ្រួសារ​បព្វ​ជិតពីរ ដើម្បីជួយអប់រំយុវជនយុវនារីក្នុងពិភពលោកទាំងមូល។ លោកទទួលមរណភាពនៅឆ្នាំ ១៨៨៨ ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,៣២-៣៩

បងប្អូនជាទីស្រឡាញ់!
សូមនឹកចាំពីគ្រាដំបូង កាលបងប្អូនទើបនឹងបានទទួលលពន្លឺ​ពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន។ ពេលខ្លះបងប្អូនត្រូវគេប្រមាថមើលងាយធ្វើបាបនៅមុខប្រជុំជន ​ពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូគេធ្វើបាបដែរ។ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឱ្យគេរឹបអូស​យកទ្រព្យសម្បត្តិ​របស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹងដែលនឹងធ្វើ​ឱ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះ​ហប្ញទ័យរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យបានទទួលផលតាមព្រះបន្ទូលសន្យា ដ្បិតនៅ​តែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមកទ្រង់នឹងយាង​មកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ រីឯអ្នកសុចរិត ជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតដោយសារជំនឿ។ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេ​ហើយ។ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឱ្យត្រូវវិនាសបាត់បង់​នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្រ្គោះជីវិតយើង។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៣-២៤.៣៩-៤០ បទព្រហ្មគីតិ

៣ ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏សក្តិសិទ្ធិ នោះអ្នកពិតជាសុខសាន្ត ។
៤ ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង ។
៥ ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង
ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា ។
៦ ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា
អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី ។
២៣ ព្រះម្ចាស់បានពង្រឹង ជំហរនឹងមនុស្សសុចរិត
ឱ្យបានមាំមួនពិត រួចទ្រង់គិតសព្វព្រះទ័យ ។
២៤ ទោះបីបើគេភ្លាត់ ជើងមិនស្ទាត់ក៏មិនភ័យ
មិនដួលធ្លាក់ដល់ដី ព្រោះបារមីព្រះអម្ចាស់ ។
៣៩ ព្រះម្ចាស់តែសង្រ្គោះ មនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពែងពោរពេញ ការពារពាំងគ្រាអាសន្ន ។
៤០ ព្រះអម្ចាស់សង្រ្គោះ និងរំដោះមិនភាំងភាន់
សង្រ្គោះគេបន្ទាន់ ព្រោះគេជ្រកក្រោមបារមី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២៦-៣៤

​ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី​ ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀប​ណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើង ​បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូច​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យ​របស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាល​គេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ ​គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
ព្រះយេស៊ូតែងប្រកាសព្រះបន្ទូលដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាច​​យល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅ​ដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។

ស – សន្ដយ៉ូហាន បូស្កូ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យសន្ដយ៉ូហាន បូស្កូ ជាបូជាចារ្យ យកចិត្ដទុកដាក់ថែរក្សា និងអប់រំយុវជន ដូចឪពុកបង្កើតអប់រំ និងថែរក្សាកូនរបស់ខ្លួន។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យមានចិត្ដឆេះឆួលស្រឡាញ់អ្នកដទៃ ដើម្បីណែនាំបងប្អូនឱ្យស្គាល់ និងបម្រើព្រះអង្គតែមួយគត់ដូចសន្ដយ៉ូហានបូស្កូ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព  ភីល ៤ ,៤- ៩

ចូរ​បង‌ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្ដែង​ឱ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឱ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង‌ប្អូន ដោយ​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។ ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្សនឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង‌ប្អូនដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​យេស៊ូ​មិន​ខាន។ ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​បង‌ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឱ្យ​ស្រឡាញ់ គួរ​ឱ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឱ្យ​កោត​សរសើរ។ សេចក្ដី​ដែល​បង‌ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង‌ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង‌ប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​នឹង​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

ទំនុកតម្កើងលេខ ១១២ (១១១),១-៩ បទពាក្យ ៧

១ អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២ ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៣ ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់ ។
៤ ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី ។
៥ ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៦ កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច ។
៧ អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់ ។
៨ គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩ គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,១១-១២ខ

អាលេលូយ៉ា! អាលេលូយ៉ា!
ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឱ្យអ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៣–១៦

 មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឱ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សាវ័កស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឱ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឱ្យ​ពួក​វាដោយ​ដាក់​ព្រះ‌ហស្ដ​ពី​លើ។

Facebook
Twitter
LinkedIn