ផ្នែកទី១: អាទិត្យ- ស – បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យប្រសូត្រមកជាមនុស្សដូចយើងខ្ញុំ។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹកដល់ពេលព្រះបុត្រាយាងចូលព្រះវិហារក្រុងយេរូសាឡឹម។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គដែលរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១-៤
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងចាត់ទូតរបស់យើងឱ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯគ្រីស្តទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នារង់ចាំកំពុងតែមកហើយ។ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងកាត់ក្តីដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលេវីឱ្យបានវិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាសនិងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យមកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួលតង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចកាលពីដើមនៅជំនាន់មុនៗ។
ទំនុកតម្កើង ២៤ (២៣),៧-១០ បទពាក្យ ៧
៧ | ឱទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
៨ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក | មានជ័យមានជោគលើពិភព | ។ | |
៩ | ឱទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
១០ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
គឺទ្រង់ជាម្ចាស់ពិភពលោក | ពីដើមរៀងមកលុះឥឡូវ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,១៤-១៨
ដោយមនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារដែលមានអំណាចលើសេចក្តីស្លាប់ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
កូននេះជាពន្លឺដែលបំភ្លឺឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ! កូននេះជាសិរីរុងរឿងរបស់អ៊ីស្រាអែល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២២-៤០ (ឬយ៉ាងខ្លី ២២-៣២)
ដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជំរះកាយឱ្យបានបរិសុទ្ធតាមធម្មវិន័យរបស់លោកម៉ូសេ អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុក្ខមកថា “កូនប្រុសច្បងទាំងអស់ ត្រូវញែកថ្វាយព្រះអម្ចាស់”។ អ្នកទាំងពីរថ្វាយយញ្ញបូជាតាមធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមក គឺថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។ នៅក្រុងយេរូសាឡឹមមានបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាមនុស្សសុច្ចរិត។ គាត់គោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបមិនទាន់បានឃើញព្រះគ្រីស្តដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់តាមធម្មវិន័យ លោកតាស៊ីម៉ូនយកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។ លោកតាស៊ីម៉ូនជូនពរលោកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើនអ្នកដួលឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញនាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។ មានព្យាការីម្នាក់ឈ្មោះ ហាណ្ណា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអរស៊ែរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណៈភាពចោលទៅ គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះលោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ កាលមាតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់ ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឬទ័យទទួលសក្ការបូជារបស់ព្រះយេស៊ូ ជាព្រះបុត្រាដែលបានបូជាព្រះជន្ម ដើម្បីផ្សះផ្សាមនុស្សលោកឱ្យជានានឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គនៅថ្ងៃនេះ ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបានថ្វាយខ្លួនទៅព្រះអង្គក្នុងព្រះវិហារ។ព្រះវិញាណរបស់ព្រះអង្គបានប្រកាសថា ព្រះយេស៊ូពិតជាពន្លឺដែលបំភ្លឺមនុស្សលោក។ ព្រះយេស៊ូក៏ពិតជាមហាបូជាចារ្យដែលបើកផ្លូវឱ្យយើងខ្ញុំអាចចូលគាល់ព្រះអង្គផង ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ទទួលព្រះសង្គ្រោះរបស់យើងខ្ញុំ ហើយសូមលើកតម្កើងព្រះអង្គនៅពេលនេះ ដោយប្រកាសថា៖ ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ !
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមកបំពេញសេចក្តីសង្ឃឹមរបស់លោកស៊ីម៉ូន និងសេចក្តីសង្ឃឹមរបស់មនុស្សលោក ដោយចាត់ព្រះយេស៊ូជាព្រះគ្រីស្តឱ្យយាងមកក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះយេស៊ូទុកជាព្រះគ្រីស្តដែលផ្តល់សុភមង្គលដ៏ពិតប្រាកដសព្វថ្ងៃនេះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ ដែលមានព្រះជនគង់នៅអស់កល្បជាអង្វែងតរៀងទៅ ។
ផ្នែកទី២ : ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់! ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករំដោះយើងខ្ញុំរួចពីចំណងនៃកិលេសតណ្ហា និងឱ្យយើងខ្ញុំបានសេចក្ដីសុខសាន្ដ។ សូមទ្រង់ព្រះមេត្ដាប្រោសបំភ្លឺចិត្ដគំនិតយើងខ្ញុំឱ្យទទួលព្រះបន្ទូលព្រះអង្គដោយចិត្ដស្មោះ និងប្រព្រឹត្ដតាមដោយយកចិត្ដទុកដាក់ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១,៤-៥.១៧-១៩
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងស្គាល់អ្នក តាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់ យើងតាំងពីមុនពេលអ្នកកើតដែរ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា។ ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មានដែលយើងនឹងបង្គាប់ឱ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឱ្យអ្នករឹតតែតក់ស្លុតថែមទៀត។ ថ្ងៃនេះ យើងពង្រឹងអ្នកឱ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឱ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេចស្រុកយូដា និងនាម៉ឺនសព្វមុខមន្រ្ដី ក្រុមបូជា ចារ្យ ហើយអ្នកស្រុកនេះ។ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៧១ (៧០),៥-៨.១៧-១៩ បទពាក្យ ៧
៥. | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវិត | |
ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
៦. | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្ដាយថ្លៃ | |
ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
៧. | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
តាមពិតខ្ញុំមានព្រះជាម្លប់ | ជីវិតខ្ញុំស្ងប់រៀងរហូត | ។ | |
៨. | ទូលបង្គំតែងពោលពាក្យសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
១៧. | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ទ្រង់អប់រំហើយគ្មានសៅហ្មង | |
តាំងពីក្មេងទល់គ្រានេះម្ដង | ចិត្ដនៅចាំចងតែព្រះអង្គ | ។ | |
១៨. | ឱ!ព្រះជាម្ចាស់ថ្លៃខ្ញុំអើយ | សក់សទៅហើយធ្មេញបាក់ផង | |
ខ្ញុំចាស់ជរាគ្រានេះម្ដង | សូមកុំបោះបង់ខ្ញុំចោលឡើយ | ។ | |
ដើម្បីឱ្យខ្ញុំអាចប្រកាស | ពីស្នាព្រះហស្ដព្រះម្ចាស់ថ្លៃ | ||
ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យ | ឫទ្ធាបារមីព្រះជាម្ចាស់ | ។ | |
១៩. | បពិត្រជាម្ចាស់ខ្ញុំអើយ | ហឫទ័យល្វឹងល្វើយសុចរិតណាស់ | |
ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ | ឱព្រះជាម្ចាស់គ្មានអ្នកដូច | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,៣១-១៣-១៣ (ឬអានយ៉ាងខ្លី ១៣,៤-១៣)
បងប្អូនជាទីស្រឡាញ់
ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។ ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឱ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំ គ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ ទោះបីខ្ញុំយកទ្រព្យសម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដឱ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមអានតាំងពីកន្លែងនេះទៅ
អ្នកមានចិត្ដស្រឡាញ់ តែងតែអត់ធ្មត់ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួតបំប៉ោងឡើយ។ អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្ដស្រឡាញ់ អត់ឱន ឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯអ្វីដែលយើងស្គាល់ពីព្រះជាម្ចាស់ក៏នឹងអស់ខ្លឹមសារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ លុះដល់ពេលយើងដឹងសព្វ គ្រប់អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ កាលពីក្មេងខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលជាលក្ខណៈរបស់ក្មេងចោល។ សព្វថ្ងៃនេះ យើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់។ នៅពេលខាងមុខ ទើបយើងនឹងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ ពេលខាងមុខ ទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ ដែរ។ ឥឡូវនេះមានសេចក្ដីបីយ៉ាងគឺ ជំនឿ សេចក្ដីសង្ឈឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៦៧,៣
អាលេលូយ៉ា! អាលេលូយ៉ា!
មនុស្សគ្រប់ជាតិសាសន៍នឹងទទួលស្គាល់ ការសង្គ្រោះនៃព្រះរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,២១-៣០
ព្រះយេស៊ូយាងចូលក្នុងធម្មសាលានៅក្រុងណាសារ៉ែត។ ក្រោយពីព្រះអង្គអានគម្ពីរព្យាការីអេសាយរួចហើយ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលថា៖«ហេតុការណ៍ដែលមាន ចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អម្បាញ់មិញបានកើតជារូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូលស្ដីអំពីការប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖«អ្នកនេះ មិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា” គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឱ្យជាសិនទៅ!” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង!។ ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា យើងឮគេនិយាយអំពីកិច្ចការទាំងអស់ដែលអ្នកធ្វើនៅក្រុងកាផានុម ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើតរបស់អ្នកឱ្យយើងឃើញផង!។
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំង អស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឱ្យមានទុរ្ភឹក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្រ្ដីមេម៉ាយជាច្រើន។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលី ឱ្យទៅជួយស្រ្ដីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោក ឱ្យទៅជួយស្រ្ដីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ នៅជំនាន់ ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មានអ្នកណាម្នាក់ បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំនាំ ឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាបុត្រធីតា និងជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាញុាំងតង្វាយទាំងនេះ ឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ដជា ព្រះអម្ចាស់យើងខ្ញុំ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានបង្ហាញធម៌មេត្ដាករុណាដ៏លើសលប់ដល់យើងខ្ញុំ ដោយសារព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គមកប្រែចិត្ដគំនិតយើងខ្ញុំ ឱ្យមានសេរីភាពពេញលេញ និងសុភមង្គលដែលស្ថិតស្ថេរជារៀងរហូត។