អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១១,៣២-៤០

តើខ្ញុំនិយាយអ្វីទៀតអំពីឥទ្ធិពលនៃជំនឿ? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកកេដូន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាមូអែល​ និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនគរផ្សេងៗ បាន​ប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យានឹងប្រទានឱ្យ បានបិទមាត់សិង្ហ​ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឱ្យខ្មាំងសត្រូវបាក់ទ័ព។ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះមានជីវិតរស់ឡើយវិញ។ អ្នក​ខ្លះសុខចិត្តឱ្យគេធ្វើទារុណកម្មមិនព្រមឱ្យនរណាដោះលែងឡើយ ដើម្បីឱ្យបាន​ជីវិតរស់ឡើងវិញ។ ជាព្រះអំណោយទានដ៏ប្រសើរជាង។ អ្នកខ្លះទៀតសុខចិត្តឱ្យគេ​ចំអកឡកឡឺយ ឱ្យគេវាយដំ ហើយថែមទាំងឱ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផល។ អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេយករណាងារសម្លាប់ ត្រូវគេសម្លាប់ដោយ​មុខដាវ ត្រូវរសាត់អណ្តែតពីកន្លែងមួយទៅកន្លែងមួយមានតែស្បែកចៀម និងស្បែក​ពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបទៀតផង។ លោកីយ៍ពុំសក្តិសមនឹងឱ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ​គេទៅ​រស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមល្អាងភ្នំ។ ទោះបី​អ្នកទាំងនោះទទួលសក្ខីភាពល្អព្រោះតែជំនឿរបស់ខ្លួនក៏ដោយ ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរ​មកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឱ្យបានគ្រប់លក្ខណ៍មុនយើងឡើយ។

ទំនុកតម្កើងលេខ ៣១ (៣០),២០-២៥ បទកាកគតិ

២០ បពិត្រព្រះម្ចាស់ ព្រះទ័យសន្តោស វិសេសថ្កើងថ្កាន
ដល់អ្នកគោរព កោតខ្លាចគ្រប់ប្រាណ មិនដែលរំខាន
អ្នកជ្រកជាមួយ​
២១ ព្រះអង្គទ្រង់លាក់ គេនៅក្បែរភក្រ្ត ឱ្យផុតពីព្រួយ
ពីមនុស្សទុច្ចរិត ព្រះអង្គតែតែងជួយ ឱ្យនៅជាមួយ
ក្នុងព្រះពន្លា
២២ សូមលើកតម្លើង សិរីរុងរឿង ពេលដែលបច្ចា
ឡោមព័ទ្ធរូបខ្ញុំ ច្រើនឥតឧបមា ហប្ញទ័យមេត្តា
អស្ចារ្យពេក្រី
២៣ ពេលខ្ញុំខ្វល់ចិត្ត វិលវល់គំនិត ជួបទូក្ខគ្រោះភ័យ
ខ្ញុំនឹងស្មានថា ទ្រង់លែងប្រណី តែពេលខ្ញុំស្តី
ទ្រង់ស្តាប់ពាក្យខ្ញុំ
២៤ សូមឱ្យអស់អ្នក គោរពស្មោះស្ម័គ្រ ព្រះម្ចាស់ជាធំ
នាំគ្នាស្រឡាញ់ ព្រះខ្ពស់ឧត្តម ការពារឧបត្ថម្ភ
រក្សាអ្នកជឿ
តែព្រះអង្គដាក់ ទោសតឹងដល់ថ្នាក់ អ្នកគ្មានជំនឿ
មនុស្សព្រហើន កាចកោងមិនជឿ អ្នកគ្មានជំនឿ
ព្រះអង្គផ្ដន្ទា
២៥ អស់អ្នកទុកចិត្ដ សង្ឃឹមស្មោះពិត ព្រះម្ចាស់លោកកា
ចូរមានក​ម្លាំ ទឹកចិត្ដហានក្លា នោះព្រះមុខជា
ការពារសុខសាន្ដ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លូកា ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្តមម្នាក់បានកើតឡើងនៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,១-២០

​ព្រះយេស៊ូ និងសាវ័កទៅដល់ត្រើយម្ខាងក្នុងតំបន់កេរ៉ាសា។ កាលព្រះអង្គយាងឡើង​ពីទូកភ្លាម មានបុរសខ្មោចចូលម្នាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយក​ច្រវាក់ មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង​ ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះបានជានិច្ច គ្មាននរណាអាចបង្រ្កាប​គាត់បានឡើយ។ គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះ​តែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះ​យេស៊ូពីចម្ងាយ គាត់ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះ​​យេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីដល់ទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎! ខ្មោច​បិសាច! ចូរចេញពីអ្នកនេះទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅខ្មោចថា៖ «ឯង​ឈ្មោះអ្វី?»។ ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នា​ច្រើន»។ វាទទូចអង្វរ សូមកុំឱ្យព្រះអង្គបណ្តេញពួកវាចេញពីស្រុកនោះ។ នៅ​ក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅតាមចង្កេះភ្នំ។ ពួកខ្មោចអង្វរព្រះយេស៊ូ​ថា៖ «សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម ខ្មោចចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជា​ពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុក​ស្រែ។ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលមានខ្មោចកងទ័ពចូលកាលពីមុន អង្គុយមានសម្លៀកបំពាក់​ហើយដឹងស្មារតីនោះ គេក៏កោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកនាំគ្នារៀបរាប់ប្រាប់គេអំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូង​ជ្រូក។ គេទូលអង្វរព្រះយេស៊ូឱ្យចាកចេញពីស្រុកភូមិរបស់គេ។ ពេលព្រះអង្គ​កំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុនអង្វរសុំនៅជាមួយព្រះអង្គ។ ព្រះយេស៊ូ​​មិនយល់ព្រមទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់បានអាណិតអាសូរប្រោសដល់អ្នក»។ បុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់ឱ្យប្រជាជនក្នុងស្រុកដេកាប៉ូលដឹងអំពីការទាំងអស់ដែលព្រះយេស៊ូ​បាន​ប្រោសដល់គាត់។ អស់អ្នកដែលឮពាក្យគាត់ក៏កោតស្ញប់ស្ញែងក្រៃលែង។

Facebook
Twitter
LinkedIn