គ្រួសារស្រឡាញ់ឈើឆ្កាងព្រះយេស៊ូទទួលណូវីស៣រូប

ក្រុមគ្រួសារដូនជី អ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូក្នុងភូមិភាគកំពង់ចាម បានរៀបចំកម្មវិធីទទួលណូវីសចំនួន៣រូប ដើម្បីអប់រំក្លាយជាដូនជីកាតូលិកនាពេលខាងមុខ នាថ្ងៃដែលព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យលើកតម្កើងឈើឆ្កាង ព្រះយេស៊ូ នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ នៅផ្ទះណូវីសក្នុងក្រុងកំពង់ចាម។ យុវនារីទាំងបីរូបនោះរួមមាន តេរេសាឃឹម សុខា ជាណូវីសឆ្នាំដំបូង និងពីររូបទៀត គឺក្លារ៉ាឃាន កញ្ញា និងក្លារ៉ាដូត ស្រីឡៃ ជាណូវីសឆ្នាំបញ្ចប់។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកអភិបាលប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។

អភិបាលប្រ៊ុយណូ មានប្រសាសន៍ថា លោកសូមអរគុណក្រុមបងស្រីនិងអស់អ្នកដែលបានគាំទ្រទាំងកំលាំងកាយនិងចិត្ត និងអរព្រះគុណព្រះជាម្ចាស់ដែលនាំឲ្យយុវនាទីបីនាក់ស្គាល់ផ្លូវមួយសម្រាប់ជីវិត។ លោកអភិបាលបន្ថែមថា «សូមបងស្រីបង្ហាញផ្លូវដល់យើង បន្តផ្តល់សក្ខីភាពអំពីគម្រោងការណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់តាមរយៈឈើឆ្កាង ឲ្យយើងយល់កាន់តែច្បាស់គម្រោងការណ៍របស់ព្រះអង្គសម្រាប់យើងទាំងអស់គ្នា» ។ តេរេសា ឃឹម សុខា ជាបេក្ខនារី ណូវីសឆ្នាំទី១ បានឲ្យដឹងថា ឆន្ទៈរបស់គាត់គឺធ្វើជាដូនជីកាតូលិក ទោះបីជាក្រុមគ្រួសារអ្នកបួសរបស់គាត់ត្រូវបានរំសាយកាលពីឆ្នាំ២០១៧ គឺក្រោយ២ឆ្នាំ ដែលយុវនារីរូបនេះ បានថ្វាយពាក្យសច្ចាប្រណិធានលើកដំបូងរួច។ ក្នុងរយៈពេល៤ឆ្នាំមកនេះ សុខាបានទៅកន្លែងជាច្រើនរបស់ក្រុមគ្រួសារអ្នកបួស ដើម្បីស្វែងរកការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះគាត់។ ទោះបីវ័យ៣៧ឆ្នាំហើយក៏ដោយ ក៏នាងនៅតែមានចិត្តសង្ឃឹមជានិច្ច និងជឿជាក់លើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក្នុងជីវិតជាអ្នកបួស។

តេរេសា ឃឹម សុខា បានឲ្យដឹងថា ក្រុមគ្រួសារថ្មីនេះមាន លក្ខណៈជាបងប្អូន  ដោយបម្រើព្រះសហគមន៍ និងស្តាប់បង្គាប់លោកអភិបាល ដូចគ្នានឹងសច្ចាទាំងបី ដែលគាត់បានធ្វើជាមួយក្រុមគ្រួសារព្រះមាលា។ យុវនារីរូបនេះបញ្ជាក់ថា «អ្វីដែលនាងខ្ញុំទទួលគឺបងស្រីនៅទីនេះ ជាជនជាតិខ្មែរ។ ពេលបងស្រីថារីនណែនាំ គាត់ប្រើភាសាខ្មែរ គាត់បង្រៀន ហើយគាត់ធ្វើ អីចឹងខ្ញុំយល់ច្រើនជាងដែលខ្ញុំរស់នៅជាមួយបរទេស»។ សុខា បានរំលឹកអំពីទិសដៅរបស់គាត់យ៉ាងដូច្នេះថា «អ្វីដែលឲ្យខ្ញុំបន្តនិងមានក្តីសង្ឃឹមដល់សព្វថ្ងៃនេះ គឺខ្ញុំនឹកឃើញពាក្យសច្ចារបស់ខ្ញុំ ដែលបានសច្ចាលើកដំបូងជាមួយព្រះជាម្ចាស់ នៅក្រុមគ្រួសារបងស្រីព្រះមាលា។ ដូច្នេះ ខ្ញុំចង់គោរពនិងចង់បម្រើព្រះអង្គ តាមអ្វីដែលនាងខ្ញុំ(ត្រូវ)លីឈើឆ្កាងបន្តទៀត»។

ក្លារ៉ា ឃាន កញ្ញា ជាណូវីសឆ្នាំទី២ ដែលជាឆ្នាំបញ្ចប់ការសិក្សា ត្រៀមខ្លួនដើម្បីថ្វាយពាក្យសច្ចាប្រណិធាន នាពេលខាងមុខនេះ បានឲ្យដឹងថា គាត់នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា រស់នៅស្របតាមការណែនាំរបស់ក្រុមគ្រួសារអ្នកបួស តាមព្រះបន្ទូលរបសព្រះជាម្ចាស់ «និងធ្វើឲ្យដំណើរជីវិតនៃការត្រាស់ហៅនេះ រស់រវើក និងបន្តដំណើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីក្លាយជាបងស្រីនាពេលអនាគត»។ ក្រុមដូនជីមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាលើកទី២ ក្នុងអំឡុងឆ្នាំ១៩៩០ ដោយមានដូនជីនកាតូលិកក្រុមគ្រួសារអ្នកស្រលាញ់ព្រះឈើឆ្កាងមកពីប្រទេសថៃ មកតាំងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម គឺលោកយាយ សាវីយេ និង លោកយាយប៉េឡាជី។ បច្ចុប្បន្នក្រុមគ្រួសារនេះ មានសមាជិកដូនជីបម្រើការងារនៅក្នុងភូមិភាគកំពង់ចាមចំនួន៦នាក់ និងមានណូវីសចំនួន៣នាក់។ ចំពោះដូនជីពីររូបដែលមកពីប្រទេសថៃនាទសវត្សទី៩០ លោកយាយ សាវីយេ និងលោកយាយប៉េឡាជី បានវិលត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨៕

Facebook
Twitter
LinkedIn