ម៉ោងប្រមាណជា២រសៀល គោយន្តចំនួន៤គ្រឿងបានរៀបចំជាស្រេចដើម្បីធ្វើដំណើរទៅកាន់ផ្ទះនីមួយៗ ដោយនៅលើនោះមានដាក់ធុងទឹកមួយចំនួនផង។ លោកបូជាចារ្យកាតូលិកបានឡើងជិះគោយន្តនោះ ដោយបរយឺតៗពីផ្ទះមួយទៅផ្ទះមួយ រួមទាំងស្រោយទឹកជូនពរដល់ក្រុមគ្រួសារទាំងនោះ។
នៅតាមផ្លូវយើងឃើញមាន គ្រួសារជាច្រើនទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទកំពុងឈររង់ចាំដំណើររបស់អស់លោក ហើយនៅខាងមុខផ្ទះរបស់ពួកគាត់ក៏មានដាក់ធុងទឹកមួយឬពីរថែមដោយផ្កាភ្ញីក្នុងនោះផង។
អង្គុយនៅលើកៅអីដោយសារលោកជាជនពិការជើងមួយចំហៀង នៅរង់ចាំទទួលទឹកពីលោកបូជាចារ្យ ដែលបានធ្វើដំណើរទៅដល់ផ្ទះ លោកឆាយ ឈឿម ជាពុទ្ធបរិស័ទ និងជាប្រជាជនរស់នៅក្នុងភូមិនេះ បាននិយាយថា «កម្មវិធីឆាន់ភូមិនេះ សប្បាយៗគឺដោយសារបានទឹកព្រះពរ។ លោកពុកដែលបានមកចូលរួមធ្វើបុណ្យភូមិ មកចាក់ទឹក ចាក់អីនេះ គឺសប្បាយណាស់។ សូមឲ្យបងប្អូនព្រះសហគមន៍សប្បាយ មានសុខភាពល្អ»។
លោកឈឿម បន្តថា កម្មវិធីបុណ្យនេះ បានធ្វើឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែលោកមិនបានចាំថាកើតឡើងក្នុងពេលណាទេ។
ចំណែកអ្នកស្រីចេង សួន អាយុ៦៨ឆ្នាំ ដែលបានរង់ចាំទទួលទឹកព្រះពរដែរនោះ បានឲ្យដឹងថា «មានអារម្មណ៍សប្បាយដែលបានធ្វើបុណ្យនេះ ព្រោះអីធ្វើរាល់ឆ្នាំ។ គិតទៅវាប្រមាណ១៧ទៅ១៨ឆ្នាំហើយ ធ្វើបុណ្យនេះ…ព្រះជាម្ចាស់ជួយថែរក្សា មានសុខភាពល្អ អត់សូវមានជំងឺរោគាអីមកបៀតបៀន មិនសូវមានឈឺ។ មុននឹងអែងឈឺ ហើយឥឡូវធ្វើបុណ្យធ្វើទានទៅ ដូចជាមានសុខភាពល្អ»។
អ្នកស្រីបន្ថែមទៀតថា រាល់ថ្ងៃសៅរ៍គាត់បានទៅចូលរួមជាមួយក្រុមព្រះមាតាដែលជាក្រុមមួយរៀបចំដោយព្រះសហគមន៍កាតូលិកមានកម្មវិធីសូត្រធម៌ផ្សេងៗ។
កម្មវិធីបុណ្យភូមិនេះ ព្រះសហគមន៍បានរៀបចំធ្វើកាលពីឆ្នាំ២០០៤ ដោយហៅថាបុណ្យភូមិ។ បុណ្យនេះបានចម្លងចេញពីបុណ្យមួយរបស់អ្នកភូមិរង្វៀនលិច ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលគេបានធ្វើជារៀងរាល់ឆ្នាំ ដោយហៅឈ្មោះថា បុណ្យឆាន់ភូមិ។ បុណ្យនេះត្រូវបានធ្វើឡើងក្រោយពេលប្រជាពលរដ្ឋប្រមូលផលរួច។ នេះបើតាមលោកចែង យ៉ាត ជាប្រធានគណៈកម្មការព្រះសហគមន៍នេះ។
ព្រះវិហារសន្តីតេរេសានៃ ព្រះកុមារយេស៊ូរបស់ព្រះសហគមន៍ចំណោមបានរៀបចំបុណ្យនេះ កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រោមអធិបតីភាពរបស់លោកអេនរីគេ ហ្វីការេដូ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគបាត់ដំបង រួមនិងបូជាចារ្យជាច្រើនអង្គ ដោយមានគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
លោកចែង យ៉ាត បានឲ្យដឹងថា បុណ្យភូមិនេះ គឺមានន័យថា«សាមគ្គីគ្នា រវាងសាសនានិងសាសនា រវាងប្រជាជនក្នុងភូមិឲ្យចេះរួមគ្នា ដើម្បីធ្វើអំពើល្អមួយ ដោយផ្តល់សេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក មិនប្រកាន់ពូជសាសន៍ និងសាសនា»។
លោកបន្ថែមថា សម្រាប់ព្រះសហគមន៍ ការធ្វើបុណ្យភូមិនេះ ដើម្បីអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឲ្យយើងមានអ្វីៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ទាំងភោគផល ទាំងអ្វីទាំងអស់ដែលយើងបានមកពេញមួយជីវិតរបស់យើងទាំងសប្បាយចិត្ត និងទុក្ខលំបាក ថ្វាយទៅព្រះជាម្ចាស់។
«ខ្លះបានស្រូវ ខ្លះអត់បាន គ្នាកើតទុក្ខ មានតែមកសុំព្រះអង្គ ថ្វាយទុក្ខលំបាករបស់យើងរួមជាមួយបុណ្យភូមិនេះ» លោកយ៉ាតបញ្ជាក់។
គណៈកម្មការរូបនេះបន្ថែមថា បុណ្យភូមិនេះ គឺធ្វើឡើងសម្រាប់ព្រះសហគមន៍ភូមិភាគបាត់ដំបងទាំងមូល ក៏ដូចជាព្រះសហគមន៍នៅកម្ពុជា និងពិភពលោកទាំងមូលដែរ។
លោកយ៉ាតបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងរៀងរាល់មួយឆ្នាំម្តងនៅមុនរដូវត្រណម និងក្រោយពេលប្រមូលផលរួច។
មុននឹងចាប់ផ្តើមកម្មវិធីស្រោចប្រោះព្រំតាមផ្ទះ ព្រះសហគមន៍បានរៀបចំ ឲ្យមានពិធីអភិបូជាដើម្បីអរព្រះគុណព្រះជាម្ចាស់តាមជំនឿរបស់គ្រីស្តបរិស័ទ។
លោកបូជាចារ្យបាណែណាល់ តូតែត មានប្រសាសន៍នៅក្នុងធម្មទេសនាថា ជីវិតរបស់យើង ត្រូវក្លាយជាជីវិតអរគុណព្រះជាម្ចាស់គ្រប់ពេល។ ថ្ងៃនេះជានិមិត្តរូបនៃការអរគុណព្រះជាម្ចាស់ ចំពោះភោគផលដែលយើងមាននៅក្នុងជីវិត។
លោកបូជាចារ្យលើកទឹកចិត្តដល់គ្រីស្តបរិស័ទឲ្យមានក្តីសង្ឃឹមជានិច្ច និងត្រូវអរគុណព្រះជាម្ចាស់មិនគ្រាន់តែចំពោះភោគផលប៉ុណ្ណោះ គឺត្រូវអរព្រះគុណ ចំពោះក្រុមគ្រួសារ ការរកស៊ី ជាដើម ដើម្បីបញ្ជាក់ថា ជីវិតរបស់យើង គឺពឹងលើព្រះជាម្ចាស់។
ក្នុងនោះដែរ លោកបូជាចារ្យមានប្រសាសន៍ទៀតថា “កុំភ្លេចអធិដ្ឋាន ចូលព្រះវិហារ” ដោយមិនគិតអំពីការមិនពេញចិត្តចំពោះបូជាចារ្យ បងស្រី ឬគណៈកម្មការរបស់ព្រះសហគមន៍។
លោកបានសុំឲ្យគ្រីស្តបរ័ទចាស់ៗបង្ហាញជំនឿ ជាគ្រីស្តបរិស័ទ និងបង្រៀនកូនចៅឲ្យចេះអធិដ្ឋាន និងស្គាល់ព្រះសហគមន៍។ លោកបន្ថែមថា ” កុំសួរថាហេតុអ្វីកូនចៅអត់ចូលព្រះសហគមន៍ ព្រោះនៅពេលយើងនិយាយអាក្រក់និងស្អប់ព្រះសហគមន៍ នាំឲ្យវាមិនចង់ស្គាល់ព្រះសហគមន៍ទេ”។
លោកបានរំលឹកទៀតថា សូមធ្វើអំពើល្អដល់អ្នកដទៃ ដើម្បីបង្ហាញថាយើងជាគ្រីស្តបរិស័ទ។ ជំនឿរបស់យើង គឺអរគុណ អធិដ្ឋាននិងបង្ហាញជំនឿ៕