ពាក្យលំនាំ
លោកអេសេគីអែលជាបូជាចារ្យមួយរូប បំពេញមុខងារក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម។ លោកស្ថិតនៅក្នុងចំណោមប្រជាជន ដែលត្រូវកងទ័ពរបស់ព្រះចៅនេប៊ូកានេសារកៀរយកទៅជាឈ្លើយសឹក នៅគ្រាដែលស្តេចនេះវាយយកបានក្រុងយេរូសាឡឹមជាលើកទីមួយ នៅឆ្នាំ ៥៩៧ មុនគ្រីស្តសករាជ។ ប្រមាណបួនឆ្នាំកន្លងមកទៀត ព្រះជាម្ចាស់បានត្រាស់ហៅលោកឲ្យធ្វើជាព្យាការី ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គទៅថ្លែងប្រាប់ប្រជាជន គឺទាំងអ្នកដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន ទាំងអ្នកដែលនៅសល់ក្នុងក្រុងយេរូសាឡឹម។ ក្រោយពេលក្រុងយេរូសាឡឹមរលំនៅឆ្នាំ ៥៨៧ មុន គ.ស. លោកប្រកាសអំពីការសម្រាលទុក្ខ និងសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល។
យើងអាចបែងចែកកណ្ឌគម្ពីរអេសេគីអែលជាបួនផ្នែកសំខាន់ៗ:
១. ព្រះបន្ទូលស្តីប្រដៅជនជាតិអ៊ីស្រាអែល មុនពេលស្រុករលំជាលើកទីពីរ (ចំពូក ១‑២៤)។
២. ព្រះបន្ទូលស្តីអំពីការវិនិច្ឆ័យទោសប្រជាជាតិនានាដែលបានបោកបញ្ឆោត និងជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល (ចំពូក ២៥‑៣២)។
៣. ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងក្រោយពេលអ៊ីស្រាអែលបែកស្រុក មានខ្លឹមសារជាពាក្យលើកទឹកចិត្តប្រជារាស្ដ្ររបស់ព្រះអង្គ (ចំពូក ៣៣‑៣៩)។
៤. និមិត្តហេតុអស្ចារ្យអំពីព្រះវិហារថ្មី (ចំពូក ៤០-៤៨)។
ព្យាការីអេសេគីអែលប្រើនិមិត្តអស្ចារ្យជាច្រើនដែលលោកបានឃើញ ដើម្បីបញ្ជាក់សេចក្ដីដែលលោកប្រកាស។ ក្នុងឋានៈលោកជាបូជាចារ្យ សេចក្ដីដែលលោកប្រកាស សង្កត់យ៉ាងខ្លាំងទៅលើព្រះវិហារ ប៉ុន្តែ លោកក៏អះអាងថា ព្រះអម្ចាស់មិនត្រឹមតែគង់ក្នុងទីសក្ការៈនៅក្រុងយេរូសាឡឹមប៉ុណ្ណោះទេ ព្រះអង្គក៏គង់នៅជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូនដែរ (សូមអាន ១១.១៦)។ លោកប្រកាសហៅប្រជាជនគ្រប់រូបៗឲ្យកែប្រែចិត្តគំនិត ដោយសង្កត់ថា មនុស្សម្នាក់ៗមានភារកិច្ចទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត (ចំពូក ១៨) គឺមិនមែនសហគមន៍ទេដែលទទួលខុសត្រូវ។ តាមរយៈនិមិត្តហេតុ អំពីឆ្អឹងរបស់មនុស្សមកផ្គុំគ្នាសាជាថ្មី ហើយមានជីវិតរស់ឡើងវិញ (ចំពូក ៣៧) លោកប្រកាសថា ព្រះជាម្ចាស់នឹងស្តារស្ថានភាពប្រជារាស្ដ្ររបស់ព្រះអង្គ ហើយនាំគេវិលត្រឡប់ទៅស្រុករបស់ពួកគេវិញ (១១.១៤-២០, ៣៦.១-៣៨)។