ពាក្យលំនាំ

ជីវ‌ប្រវត្តិ​របស់​គ្រីស្ដ‌ទូត​ប៉ូល

លោក​ប៉ូល​កើត​នៅ​ក្រុង​តារសុស (ក្នុង​ប្រទេស​ទួរគី​សព្វ​ថ្ងៃ) នា​ដើម​គ្រីស្ដ‌សករាជ។ លោក​ជា​ជន​ជាតិ​យូដា ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដូច្នេះ លោក​មាន​ឈ្មោះ​ពីរ គឺ​តាម​ភាសា​ហេប្រឺ​ឈ្មោះ“សាអ៊ូល”(ឬ“សូល”) តាម​ភាសា​ឡាតាំង​ឈ្មោះ “ប៉ូល”។ កាល​ពី​ក្មេង លោក​បាន​ទទួល​ការ​អប់រំ​ខាង​គម្ពីរ‌វិន័យ​នៅ​ក្រុង​យេរូ‌សាឡឹម តាម​របៀប​គណៈ‌ផារីស៊ី ពី​សំណាក់​លោក​គ្រូ​កាម៉ាលី‌អែល ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ។

កាល​ពី​ដើម លោក​ប៉ូល​មិន​បាន​ស្គាល់​ព្រះ‌យេស៊ូ​ផ្ទាល់​ទេ លោក​គ្រាន់​តែ​ឮ​អ្នក​ខ្លះ​ប្រកាស​ថា មាន​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ជា “ព្រះ‌គ្រីស្ដ” ជា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់” និង​ជា “ព្រះ‌អម្ចាស់”។ ដោយ​លោក​ប៉ូល​កាន់​តាម​គម្ពីរ‌វិន័យ​យ៉ាង​តឹង‌រ៉ឹង លោក​ជំទាស់​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ព្រោះ​លោក​យល់​ថាពួក​គេ​ប្រមាថ​ព្រះ‌ជាម្ចាស់។ លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ជឿ​លើ​ព្រះ‌យេស៊ូ។ មាន​ថ្ងៃ​មួយ ប្រហែល​នៅ​គ.ស.៣៦ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ប៉ុន‌ប៉ង​នឹង​ចាប់​ចង​គ្រីស្ដ‌បរិស័ទ​យក​ទៅ​ឃុំ‌ឃាំង និង​ប្រហារ​ជីវិត ស្រាប់​តែ​ព្រះ‌យេស៊ូ​បង្ហាញ​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​លោក​ឃើញ នាំ​ឲ្យ​លោក​ប្រែ​ចិត្ត​គំនិត​មក​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អង្គ​វិញ (កិច្ច‌ការ ៩.១-១៩)។ បន្ទាប់​មក លោក​ចាប់​ផ្ដើម​ប្រកាស​ដំណឹង‌ល្អ​នៅ​មជ្ឈិម‌បូព៌ា​ទាំង​មូល​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រីស្ដ។ លោក​បាន​តែង‌តាំង​ព្រះ‌សហគមន៍​នៅ​តាម​ក្រុង​នានា​ជា​ច្រើន។ ដោយ​គ្រីស្ដ‌បរិស័ទ​ក្នុង​ក្រុង​ទាំង​នោះ​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ ពួក​គេ​តែង‌តែ​សរសេរ​សំបុត្រ​មក​សួរ​យោបល់​ពី​លោក។ លោក​ក៏​សរសេរ​លិខិត​ជា​ច្រើន​ច្បាប់ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​គេ លើក​ទឹក​ចិត្ត​គេ ព្រម​ទាំង​ជួយ​កសាង​ជំនឿ​របស់​គេ​ផង។

លោក​ប៉ូល​បាន​សរសេរ​លិខិត​ទាំង​នេះ​ក្នុង​ចន្លោះ​គ.ស.៥១-៦៤ គឺ​មុន​ពេល​លោក​ម៉ាកុស លោក​លូកា លោក​ម៉ាថាយ និង​លោក​យ៉ូហាន ចង​ក្រង​គម្ពីរ​ដំណឹង‌ល្អ​ទៅ​ទៀត។ ដូច្នេះ លិខិត​ទាំង​នេះ​ជា​ឯក‌សារ​ដើម​ដំបូង​នៃ​គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​មាន​សារ‌សំខាន់​ជា​ទី​បំផុត។

ជន​ជាតិ​យូដា​នៅ​សម័យ​នោះ​យល់​ថា លោក​ប៉ូល​បាន​ក្បត់​សាសនា​របស់​គេ គេ​ក៏​ស្អប់​លោក ហើយ​បង្ក​រឿង​ឲ្យ​លោក​ជាប់​ឃុំ‌ឃាំង​ជា​ច្រើន​លើក​ច្រើន​សា។ នៅ​ពេល​ចុង​ក្រោយ លោក​បាន​សុំ​ឲ្យ​គេ​បញ្ជូន​សំណុំ​រឿង​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌ចៅ​អធិរាជ​នៅ​ក្រុង​រ៉ូម​កាត់​ក្តី។ លុះ​ដល់​គ.ស.៦៤ ព្រះ‌ចៅ​អធិរាជ​ណេរ៉ុង​បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បៀត‌បៀន​គ្រីស្ដ‌បរិស័ទ ពេល​នោះ គេ​បាន​ធ្វើ​ឃាត​លោក​សិលា ហើយ​ក្រោយ​មក​ទៀត លោក​ប៉ូល​ក៏​ត្រូវ​គេ​កាត់​ក​ប្រហារ​ជីវិត​ដែរ។

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូនគ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​រ៉ូម

ក្រុង​រ៉ូមៈ កាល​ពី​ដើម ក្រុង​រ៉ូម​ជា​រាជ‌ធានី​របស់​ចក្រភព​រ៉ូម៉ាំង ដែល​មាន​ព្រះ‌ចៅ​អធិ‌រាជ​សេសារ​គ្រប់‌គ្រង។ សព្វ​ថ្ងៃ​ក្រុង​នេះ​ជា​រដ្ឋ‌ធានី​របស់​ប្រទេស​អ៊ីតា‌លី។ មុន​ពេល​សរសេរ​លិខិត​នេះ លោក​ប៉ូល​ពុំ​ដែល​បាន​ទៅ​ក្រុង​រ៉ូម​ទេ តែ​លោក​ស្គាល់​គ្រីស្ដ‌បរិស័ទ​ជាតិ​យូដា​ជា​ច្រើន​នៅ​ក្រុង​នោះ ព្រោះ​ជន​ជាតិ​យូដា​តែង‌តែ​ធ្វើ​ដំណើរ​ទៅ​មក ក្នុង​ចក្រ​ភព​រ៉ូម៉ាំង​ទាំង​មូល។ លោក​សរសេរ​លិខិត​នេះ​ក្នុង​អំឡុង​គ.ស.៥៧-៥៨ គឺ​ពេល​លោក​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស (រ៉ូម ១៦.២៣)។ ប៉ុន្មាន​ខែ​មុន​លោក​សរសេរ​លិខិត​ជូន​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​រ៉ូម

លោក​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​គ្រីស្ដ‌បរិស័ទ​នៅ​ស្រុក​កាឡា‌ទី​ដែរ ដើម្បី​រំឭក​គេ​ឲ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​មក​ពី​គេ​ជឿ មិន​មែន​មក​ពី​គេ​សន្សំ​កុសល​ផល​បុណ្យ ដោយ​ប្រតិបត្តិ​តាម​វិន័យ​នោះ​ឡើយ។ ដូច្នេះ ក្នុង​លិខិត​ផ្ញើ​ទៅ​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​រ៉ូម​នេះ លោក​បាន​លាត​ត្រដាង​ជំនឿ​របស់​លោក តាម​សេចក្ដី​ដែល​លោក​បាន​ពន្យល់​ត្រួសៗ​ដល់​គ្រីស្ដ‌បរិស័ទ​នៅ​ស្រុក​កាឡា‌ទី។

គោល​សំខាន់ៗ

  • ១‑៤: លោក​ប៉ូល​បញ្ជាក់​ថា មនុស្ស​គ្រប់ៗ​រូបមិន​ថា​ជាតិ​ណា​សាសន៍​ណា​ទេ សុទ្ធ​តែ​ជាប់​បាប​ទាំង​អស់​គ្នា គឺ​គ្មាន​ទំនាក់‌ទំនង​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់។ ដូច្នេះ គេ​ចាំ‌បាច់​ត្រូវ​តែ​ជឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​បាន​សុចរិត និង​ទទួល​ជីវិត​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ប្រោស​តែ​អ្នក​ជឿ​ឲ្យ​សុចរិត ដូច​ពី​មុន​ព្រះ‌អង្គ​បាន​ប្រោស​លោក​អប្រាហាំ​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​ដែរ។
  • ៥‑៦: លោក​ប៉ូល​បរិយាយ​អំពី​អត្ថ‌ន័យ​នៃ​ពិធី​ជ្រមុជ​ទឹក គឺ​មនុស្ស​ទាំង​អស់​ដែល​ជឿ បាន​ចូល​រួម​ជា​មួយ​ព្រះ‌យេស៊ូ​ដែល​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ មនុស្ស​គ្រប់ៗ​រូប​សុទ្ធ​តែ​ជាប់​បាប រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​អាច​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ជា​មួយ​ព្រះ‌យេស៊ូ​យ៉ាង​នោះ​ដែរ ឲ្យ​តែ​គេ​ជឿ​លើ​ព្រះ‌អង្គ។
  • ៧‑៨: បរិយាយ​អំពី​ការ​រារែក​របស់​មនុស្ស ព្រោះ​មាន​កិលេស‌តណ្ហា​គ្រប់​យ៉ាង​ទាក់‌ទាញ​ចិត្ត​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ និង​ប្រទាន​ព្រះ‌វិញ្ញាណ​ផ្ទាល់​របស់​ព្រះ‌អង្គ​មក​អ្នក​ជឿ ដើម្បី​រំដោះ​គេ​ឲ្យ​មាន​សេរី‌ភាព​ដ៏​ពិត​ប្រាកដ។
  • ៩‑១១: លោក​ប៉ូល​បាន​យក​ប្រវត្តិ‌សាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មក​រិះ‌គិត​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ដែល​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​មនុស្ស​គ្រប់​ជាតិ​សាសន៍។
  • ១២‑១៥: បរិយាយ​អំពី​របៀប​រស់​នៅ​តាម​ជីវិត​ថ្មី​របស់​គ្រីស្ដ‌បរិស័ទ គឺ​ទំនាក់‌ទំនង​ជា​មួយ​ព្រះ‌ជាម្ចាស់ ជា​មួយ​អ្នក​កាន់​អំណាច និង​ជា​មួយ​អ្នក​មាន​ជំនឿ​ដូច​គ្នា។លិខិត​នេះ​មាន​សារ‌សំខាន់​ជាង​លិខិត​ឯ​ទៀតៗ ព្រោះ​លោក​ប៉ូល​វែក‌ញែក​យ៉ាង​ល្អិត‌ល្អន់​អំពី​គោល​ជំនឿ​របស់​គ្រីស្ដ‌បរិស័ទ គឺ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ដោយ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ មិន​មែន​ដោយ​សន្សំ​ផល​បុណ្យ ឬ​គ្រាន់​តែ​គោរព​តាម​វិន័យ​នោះ​ឡើយ។