អង្គការករុណាបាត់ដំបងបើកយុទ្ធនាការដើរផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាពក្រោមប្រធានបទ «ពិការភាពមិនមែនជាបញ្ហាទេអ្វីដែលជាបញ្ហានោះ គឺឧបសគ្គរារាំងនៅក្នុងសង្គម» បានរៀបចំធ្វើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាស្ថាបនិកអង្គការករុណាបាត់បង។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះលោក អេនរីគេ ហ្វីហ្គារ៉េដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាស្ថាបនិកអង្គការករុណាបាត់បង បានលើកឡើងថា យុទ្ធនាការនេះ គឺប្រារព្ធធ្វើឡើងក្រោមគម្រោងឈ្មោះ «សមត្ថភាពជនពិការ» ដែលមានប្រធានបទ «ពិការភាព មិនមែនជាបញ្ហាទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គរារាំងនៅក្នុងសង្គម» ក្នុងគោលបំណង «ជំរុញឲ្យមានការគោរពសិទ្ធិ និងកាត់បន្ថយ ឧបសគ្គរារាំងដល់ ជនមានពិការភាពក្នុងការចូលរួមជាមួយការងារនៅក្នុងសង្គម ជាពិសេសសកម្មនៅក្នុងផ្ទះរបស់ពួកគេ» សម្រាប់ ជួយដល់កុមារពិការសតិបញ្ញា ដែលអង្គការករុណាបាត់ដំបង បានអនុវត្តគម្រោងនេះ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។
លោកបានបន្តថា យុទ្ធនាការនេះ ក៏ធ្វើឡើងក្នុងគោលដៅជំរុញឲ្យជនមានពិការភាពបានចូលរួម យ៉ាងពេញលេញនៅក្នុងសកម្មភាពគ្រួសារ និងសង្គម។ ព្រមទាំងជម្រុញឲ្យសហគមន៍ មើលឃើញពីសមត្ថភាពជន មានពិការភាព ជាងភាពពិការរបស់ពួកគេ។
លោក ទុំ ឈៀត នាយកប្រតិបត្តិអង្គការករុណាបាត់ដំបងក៏បានបញ្ជាក់ដែរថា សម្រាប់យុទ្ធនាការនេះ គឹសកម្មភាពមួយដ៏សំខាន់នៃគម្រោង សមត្ថភាពជនពិការ ដែលបាននឹងកំពុងអនុវត្ត នៅក្នុងខេត្តចំនួន៣ គឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ គម្រោងនេះ បាននឹងធ្វើការជាមួយកុមារមានភាពខ្សោយសតិបញ្ញាក្នុង គោលបំណង «ដើម្បីឲ្យមានល័ក្ខខ័ណ្ឌសមស្របសម្រាប់ការ ចូលរួមរបស់ជនមានពិការភាពនៅក្នុងសម្មភាពសង្គម សេដ្ឋកិច្ចរបស់ គ្រួសារ និង សហគមន៍ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពព្រមទាំងការគោរព ចំពោះជនមានពិការភា»។
លោក ទុំ ឈៀត បានបន្ថែមថា បើទោះជាមានការខិតខំប្រឹងប្រែងពីអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាលក៏ដោយ ក៏នៅតែមានការរំលោភបំពានសិទ្ធិ ការរើសអើង នៅតំបន់មួយចំនួន។ នេះបើយោងតាមបទពិសោធន៍ និងការសិក្សារបស់អង្គការករុណាបាត់ដំបង នៅក្នងការធ្វើការជាមួយកុមារ ខ្សោយសតិបញ្ញាអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ៕
សព្វថ្ងៃរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ជាខ្លាំងក្នុងកិច្ចការលើកស្ទួយសិទ្ធិរបស់ជនមានពិការភាពនិងការលប់បំបាត់ការរើសអើង។ លើសពីនេះរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាម ធ្វើបរិយាបន្នជនមានពិការភាពចូលក្នុងវិស័យការងារ។ ក្នុងនោះ រដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័នរដ្ឋទទួលជនមានពិការភាព អោយបម្រើការងារបាន ២%នៃចំនួនមន្ត្រីសរុប និងតម្រូវឱ្យក្រុមហ៊ុនឯកជនជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបាន ១%នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន៕ អត្ថបទ និងរូបថត ដោយ៖ អាន រិទ្ធីរ័ត្ន