អត្ថបទព្រះគម្ពីរ ប្រចាំថ្ងៃ ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ១,១១-១៤

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់តម្រូវយើងទុកជាមុន ឱ្យបានទៅជាប្រជារាស្រ្ដ​របស់ព្រះអង្គ ហើយទ្រង់សម្រេចគ្រប់កិច្ចការតាមព្រះហប្ញទ័យព្រះអង្គ។ យើងក៏​សង្ឃឹមលើព្រះគ្រីស្ដជាមុន ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។ ដោយបងប្អូ​នរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅ​សម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាផងដែរ។ ព្រះជាម្ចាស់ប្រទានព្រះ​វិញ្ញាណនេះ មកបញ្ចាំចិត្តយើងឱ្យដឹងថា យើងនឹងទទួកមត៌កនៅពេលព្រះអង្គលោះប្រជារាស្រ្ដព្រះអង្គបានជាសម្រេច ដើម្បីកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ៣៣ (៣២) ,១-២.៤-៥.១២-១៣ បទព្រហ្មគីតិ

១ មនុស្សដែលសុចរិត អបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ ។
២ ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្ដើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៤ ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាប់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥ ព្រះអង្គសព្វព្រះទ័យ នឹងសេចក្ដីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្ដិធម៌ ។
ផែនដីទាំងមូលថ្លែង ខំសម្ដែងដោយអំណរ
ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា ។
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ ។
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សយើងទាំងអស់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣៣,២២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១-៧

នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖«ចូរអ្នករាល់គ្នាប្រយ័ត្ននឹង​មេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹង​ត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹង​ដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮ​នៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេ​យកទៅប្រកាសយ៉ាងខ្លាំង នៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាច​ធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវ​ខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅ​ក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះ​ក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែ​សក់នៅលើ​ក្បាលរបស់អ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ​ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។

Facebook
Twitter
LinkedIn