អត្ថបទព្រះគម្ពីរ ប្រចាំថ្ងៃ ៖ ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១-៦

បងប្អូនជាទីស្រលាញ់!
ព្រះគ្រីស្តបានរំដោះយើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាទាសករទៀតឡើយ!។ រីឯខ្ញុំប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួល​ពិធីកាត់ស្បែកនោះ ព្រះគ្រីស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ!។ ចំពោះអស់អ្នកដែលចង់ទទួលពីធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា ត្រូវតែ​កាន់តាមធម្មវិន័យទាំងស្រុងផងទៅ។​ ប្រសិនបើបងប្អូនណាចង់បានសុចរិត ដោយ​ព្រមកាន់ធម្មវិន័យ បងប្អូននោះបែកចេញពីព្រះគ្រីស្ត ហើយក៏ដាច់ចេញពីព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណ​ជួយយើងឱ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ស្របតាមសេចក្តីសង្ឃឹម​របស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រីស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលប្រព្រឹត្តកិច្ចការដោយចិត្ត​ស្រឡាញ់ទើបសំខាន់។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៤១.៤៣-៤៥.៤៧-៤៨ បទពាក្យ ៧

៤១ ឱព្រះម្ចាស់អើយសូមប្រណី សម្ដែងព្រះទ័យឥតមានហ្មង
សង្រ្គោះមកទូលបង្គំផង តាមបន្ទូលទ្រង់បានសន្យា ។
៤៣ សូមកុំបណ្ដាយខ្ញុំស្រដី ពាក្យមិនប្រព្រៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ ការសម្រេចទ្រង់ឥតសង្ស័យ ។
៤៤ ទូលបង្គំនឹងគោរពតាម បញ្ញត្ដិបម្រាមទាំងវិន័យ
របស់ព្រះអង្គរៀងរាល់ថ្ងៃ ជានិច្ចលុះក្ស័យសូន្យជីវី ។
៤៥ ខ្ញុំចង់រស់នៅដោយមានន័យ និងមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងសំភី រកច្បាប់គ្រប់ទីរបស់ទ្រង់ ។
៤៧ ខ្ញុំពេញចិត្តណាស់នឹងវិន័យ ពេញចិត្តរាល់ថ្ងៃមិនកន្ដើយ
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ វិន័យនេះហើយខ្ញុំសុខសាន្ដ ។
៤៨ ទូលបង្គំលើដៃឡើងប្រណម្យ គោរពទាំងព្រមមិនខកខាន
ស្រឡាញ់វិន័យមិនស្រាកស្រាន្ដ ចង់គិតចង់បានក្រឹត្យវិន័យ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៣៧-៤១

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានបុរសម្នាក់ខាងគណៈផារីស៊ីសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមជាមួយ​គាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាង​ព្រះហស្ដមុនពេល​សោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ! អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកក្រៅប៉ុណ្ណោះទេ ប៉ុន្ដែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាង​ក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដារ​ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។

Facebook
Twitter
LinkedIn