អត្ថបទព្រះគម្ពីរ ប្រចាំថ្ងៃ ៖ ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៤,២២-២៤.២៦-២៧.៣១-៥,១

បងប្អូនជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុស​ពីរនាក់ គឺម្នាក់ជាកូនរបស់ស្រ្តីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្រ្តីអ្នកជា។ ក៏ប៉ុន្តែ កូន​របស់ស្រ្តីអ្នកងារនោះ ជាកូនកើតមកតាមធម្មតា រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមក​តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូមមួយ​ដែរ ដ្បិតស្រ្តីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែល​ចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ រីឯក្រុងយេរូសាឡឹមនៅ​ស្ថានលើវិញ គឺស្រ្តីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ ដ្បិតមានចែងទុកមកថា «នាងជាស្រ្តីអារ នាងជាស្រ្តីមិនបានបង្កើតកូនអើយ! ចូរអរសប្បាយឡើង! នាងពុំធ្លាប់​ឈឺផ្ទៃអើយ! ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្រ្តីដែលប្តីបោះបង់​ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្រ្តីដែលមានប្តីទៅ​ទៀត»។ ហេតុនេះ យើងមិនមែនជាកូនរបស់ស្រ្តីអ្នកងារទេ គឺជាកូនរបស់ស្រ្តីអ្នកជា។ ព្រះគ្រីស្តបានរំដោះ​យើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះ​ឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ!។

ទំនុកតម្កើងលេខ ១១៣ (១១២),១-៧ បទព្រហ្មគីតិ

១ អស់អ្នកបម្រើព្រះ ជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរា ថ្កើងនាមានៃព្រះម្ចាស់ ។
២ ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ ពីពេលនេះរហូតទៅ ។
៣ តាំងពីអារុណរះ ភ្លឺស្រឡះមានកម្ដៅ
ទល់ពេលថ្ងៃលិចទៅ សរសើរនៅយ៉ាងស្ម័គ្រស្មោះ ។
៤ ព្រះអម្ចាស់គង់ស្ថិត លើប្រជាជាតិទាំងអស់
សិរីរុងរឿងខ្ពស់ ព្រះម្ចាស់ហួសផុតអាកាស ។
៥ តើមាននរណាមួយ អាចធ្វើឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់ លើអាកាសវិសុទ្ធក្រៃ ។
៦ ព្រះអង្គត្រួតពិនិត្យ យ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វី សព្វផែនដីមិនកំបាំង ។
៧ ទ្រង់លើកអ្នកទន់ខ្សោយ មិនបណ្តោយឱ្យឈឺស្លាំង
លើកផុតពីភក់ជ្រាំ ផុតអស់ទាំងធូលីដី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២

ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោក​យ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើ​ជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់​វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពី​តំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកប​ដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើង​ជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នក​ក្រុងនីនីវេបានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យាការីយ៉ូណាសប្រកាស។​ រីឯ​នៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាសទៅទៀត!»។

Facebook
Twitter
LinkedIn